កីឡាហែលទឹក​កម្ពុជា​ចេញទៅ​ប្រកួត​ជើងឯក​ពិភពលោក​ហើយ​

1152
ចែករម្លែក

​ភ្នំពេញ​៖ វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៩​កក្កដា កីឡាករ​-​កីឡា​កា​រិ​និ​ហែល​ទឹក​កម្ពុជា បានចេញ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េស្ត ប្រទេស​ហុង​គ្រី​ហើយ​។​

​ជាមួយនឹង​ការចេញ​ទៅ​ប្រកួត​នេះ លោក ហែម គី​រី ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក៏បាន​រួម​ដំណើរ​ទៅជា​មួយ​ដែរ ដើម្បី​ចូលរួម​មហាសន្និបាត​សហព័ន្ធ​ហែល​ទឹក​អន្តរជាតិ​។
​គួរ​បញ្ជាក់ថា ការ​ចេញទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នេះ​កម្ពុជា​បញ្ជូន​កីឡាករ ២​រូប និង​កីឡាការិនី​មួយរូប​ទៅ​ចូលរួម​។​

​ក្នុងការ​ចេញទៅ​ប្រកួត​នេះ ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​កីឡា Footmarks ដែលជា​ផលិតផល​របស់​ប្រទេស​អ៊ីតាលី និង​ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន​នោះ បាន​ឧបត្ថម្ភ​នូវ​សម្លៀកបំពាក់ សម្រាប់​គ្រូបង្វឹក និង​ប្រតិភូ ព្រមទាំង​ជួយឧបត្ថម្ភ​នូវ​សម្លៀកបំពាក់​កីឡា សម្លៀកបំពាក់​សម្រាប់​ប្រកួត ប្រមាណ​ជាង​១.៥០០​ដុល្លារ សម្រាប់​ការចូលរួម​នេះ​ទៀតផង​។​

​លោក Ikeda ដែលជា​ប្រធាន​ក្រុមហ៊ុន Footmarks បាន​អះអាង​ពី​ការជួយ​ដល់​សហព័ន្ធ​ខ្មែរ​ហែល​ទឹក​រយៈពេល​យូរ ព្រោះ​លោក​ចង់​ឃើ​ង​ប្រភេទ​កីឡាហែលទឹក​របស់​កម្ពុ​ជា មានឈ្មោះ​បោះ​សម្លេង​នៅលើ​ឆាក​អន្តរជាតិ​។​

​លោក គី​រី បន្តថា នៅក្នុង​មហាសន្និបាត​នេះ លោក​នឹង​សុំ​ឲ្យ​ប្រធាន​សហព័ន្ធ​អន្តរជាតិ និង​អគ្គលេខាធិការ​ជាប់ឆ្នោត​ថ្មី​ជួយ​ដល់​កម្ពុជា ហើយ​លោក​ក៏​នឹង​បង្ហាញ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ហែល​ទឹក​ថ្មី​នៅ​កម្ពុជា ពិសេស​មជ្ឈមណ្ឌល​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ និង​មជ្ឈមណ្ឌល​ហែល​ទឹក​តេ​ជោ​សែន នៅ​ខេត្តកំពង់ចាម​ទៀតផង​។​

​ជាមួយគ្នានេះ​លោក​នឹង​សុំ​ឲ្យ​គេ​ជួយ​ផ្នែក​ប​ច្ចក​ទេស​ពិសេស បើក​វគ្គ​បណ្ដុះបណ្ដាល​ដ​ល់​មន្ត្រី​បច្ចេកទេស​កម្ពុជា និង​សុំ​ឲ្យ​ប្រទេស​ដែល​នៅក្នុង​តំបន់​ជាមួយគ្នា ជួយ​លើ​ផ្នែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ទៀតផង​។ លោក​ក៏​បង្ហាញ​ពី​ការត្រៀមខ្លួន ជួប​ជាមួយ​ប្រធាន​សហព័ន្ធ​ហែល​ទឹក​ជប៉ុន ព្រោះ​ជប៉ុន​ជា​ប្រទេសមួយ ដែល​ជួយ​កម្ពុជា​ខ្លាំង​លើ​ប្រភេទ​កីឡាហែលទឹក​នេះ​៕ ដោយ៖ រ៉ូហ្សា