កីឡាហែលទឹក ៣​រូប ទៅ​ចូលរួម​វគ្គ​ជម្រុះ​នៅ​ថៃ ដើម្បី​ដណ្តើម​កៅអី សម្រាប់​ការប្រកួត​កីឡា អូឡាំពិក​យុវជន ២០១៨ នៅ​អា​ហ្ស​ង់​ទីន

1077
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បញ្ជូន​អត្ត​ព​លិ​ក​យុវជន ៣ រូប បាន​ទៅ​ប្រទេស​ថៃ ដើម្បី​ចូលរួម​វគ្គ​ជម្រុះ​ការប្រកួត​កីឡា​យុវជន ក្នុងការ​ដណ្តើម​កៅអី សម្រាប់​ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡា​អូឡាំពិក​យុវជន នៅ​ប្រទេស​អា​ហ្ស​ង់​ទីន ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៦ រហូតដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨​។​

អ្នក​ដែល​ត្រូវ​ទៅ​ប្រកួត​ជម្រុះ​នៅ​ប្រទេស​ថៃ (​រូប​៖ រ៉ូ​ហ្សា​)

​លោក ហែម គី​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​មានប្រសាសន៍ថា សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី ៣ រូប ក្នុងនោះ មាន​កីឡាការិនី ២ រូប ដែលជា​ការប្រកួត​ជម្រុះ សម្រាប់​ឈានចូល​ការប្រកួត​កីឡា​អូឡាំពិក​យុវជន ២០១៨ នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​។ កីឡាករ​-​កីឡាការិនី ៣ រូប រួមមាន កីឡាករ ឆោម ច័ន្ទ​ថន ប្រកួត​ក្នុង​វិញ្ញាសា អាយុ​ក្រោម ១៥ ឆ្នាំ កីឡាការិនី សុខ វរ​លក្ខ វិញ្ញាសា​ហែល ប្រកួត​ក្នុង​វិញ្ញាសា​អាយុ​ក្រោម ១៨​ឆ្នាំ និង​កីឡាការិនី ឃឺ​ន ប៊ុន​ពេជ្រ​មរកត វិញ្ញាសា​ហែល ប្រកួត​ក្នុង​វិញ្ញាសា អាយុ​ក្រោម ១២ ឆ្នាំ​។​

​លោក​គី​រី បាន​បន្តថា ការប្រកួត​លើក​នេះ យើង​ចង់​ឲ្យ​ពួកគាត់​ទទួលបាន​នូវ​បទពិសោធន៍​បន្ថែម លើ​ឆាក​អន្តរជាតិ ជាពិសេស​កីឡាការិនី ឃឺ​ន ប៊ុន​ពេជ្រ​មរកត វិញ្ញាសា​ហែល ប្រកួត​ក្នុង​វិញ្ញាសា អាយុ​ក្រោម​១២​ឆ្នាំ នេះ​តែម្តង ហើយ​កីឡាការិនី សុខ វរ​លក្ខ ក៏​ដូចគ្នា ដោយ​យើង​ត្រូវ​ត្រៀម សម្រាប់​ការប្រកួត School Games និង​ការប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​ទៀត ចំពោះ​ក្តីសង្ឃឹម​វិញ ក៏​ជាការ​ពិបាក​ដែរ ព្រោះ​ការប្រកួត​លើក​នេះ មាន​ប្រទេស​ចូលរួម​ច្រើន និង​កីឡាករ​-​កីឡាការិនី ជើង​ខ្លាំង​ច្រើន​ដែរ​៕ ល​