កីឡា​កសាង​មនុស្ស មនុស្ស​កសាង​សង្គម​

1033
ចែករម្លែក

ដោយ:បូកគោ​/ កំ​ពត ៖ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន និង​កីឡា​អំពាវនាវ​ដល់​ពលរដ្ឋ​ប្រុស​ស្រីក្មេង​ចាស់​នាំគ្នា​លេង​កីឡា​ដើម្បី​សុខុមាលភាព និង​បញ្ចៀស​បាន​ពី​អំពើ​អបាយមុខ​នានា​ស្របតាម​ទិស​ស្លោ​កថា ​កីឡា​កសាង​មនុស្ស មនុស្ស​កសាង​សង្គម​​។

​ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​សិក្សា​២០១៧- ២០១៨ នៅ​ពហុ​កីឡដ្ឋាន​ខេត្តកំពត កាលពី​រសៀល​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៨ លោក​ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​មានប្រសាសន៍ថា​កីឡា​អាច​ពង្រីក​ចំណងមិត្តភាព បង្កើន​សុខុមាលភាព និង​បញ្ចៀស​បាន​ពី​អំពើ​អបាយមុខ​នានា​។ ម្ល៉ោះហើយ​មិន​ថា​ក្មេង​ចាស់​ប្រុស​ស្រី​គឺ​ត្រូវ​លេង​កីឡា​គ្រប់​ប្រភេទ​តាម​ពេលវេលា​ដែល​ផ្តល់ឱ្យ​។ កីឡា​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ និង​សេដ្ឋកិច្ច ស្របតាម​ទិស​ស្លាក​របស់​ក្រសួង​អប់រំ​ដែល​ចែងថា​កីឡា​កសាង​មនុស្ស មនុស្ស​កសាង​សង្គម​។ លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់​ឱ្យដឹងថា​កម្ពុជា​ពិតជា​មាន​កិត្តិយស​ណាស់​ដោយបាន​ធ្វើ​ម្ចាស់ផ្ទះ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ខាងមុខ​។ ដូច្នេះ យុវវ័យ​ទាំងអស់​ត្រូវ​អភិវឌ្ឍ​ខ្លួន តាមរយៈ​ការប្រកួតប្រជែង​ផ្នែក​វិស័យ​កីឡា​គ្រប់​ប្រភេទ​ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​។

​ស្វាគមន៍​ក្នុង​ពិធី​នេះ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​ការលើកស្ទួយ​កីឡា​ជា​រឿង​ចាំបាច់ ព្រោះ​វិស័យ​អប់រំ​កាយ និង​កីឡា​ធាតុ​ផ្សំ​ដែល​មិនអាច​ខ្វះ​បាន​ក្នុងចំណោម​កត្តាចាំបាច់​ទាំង​ប្រាំមួយ​នៃ​វិស័យ​អប់រំ​សំដៅ​ពង្រឹង​កាយសម្បទា និង​ព​ន្លឿ​ន​ការសិក្សា​ឱ្យមាន​និរន្តរភាព​។ រដ្ឋបាល​ខេត្តកំពត​នឹង​ធានា​ការពារ​ក្តី​សុខ​សុវត្ថិភាព​ជូន​ដល់​កីឡាករ​កីឡាការិនី និង​ប្រតិភូ​ទាំងអស់​ដែល​អញ្ជើញ​មកពី​រាជធានី​ខេត្ត​ទាំង​២៥​ដើម្បីឱ្យ​ដំណើរ​ការរៀបចំ​ការប្រកួត​ពោរពេញ​ដោយ​ប្រក្រតីភាព​។​

​សូមបញ្ជាក់ថា​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​សិក្សា​២០១៧- ២០១៨​ដំណើរការ​ពីថ្ងៃ​ទី​៥​ដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ដោយមាន​ប្រតិភូ និង​កីឡាករ​កីឡាការិនី​មកពី​២៥​រាជធានី​ខេត្ត​ចំនួន​២.៩២៩​នាក់​។ ជាមួយគ្នានេះ ការប្រកួត​បាន​នាំយក​វិញ្ញាសា​សំខាន់​ប្រាំមួយ​ប្រភេទ រួមមាន ១.​កីឡាបាល់ទាត់​បុរស​, ២.​កីឡាបាល់ទះ​បុរស​នារី​, ៣.​កីឡាបាល់បោះ​បុរស​នារី​, ៤.​កីឡាអត្តពលកម្ម​បុរស​នារី​, ៥.​កីឡា​ប៉េតង់​បុរស​នារី​, ៦. កីឡាវាយកូនឃ្លីលើតុ​បុរស​នារី​៕​B