កីឡា​គុន​ដាវ ១៧ រូប ចេញទៅ​ប្រកួត​ជើងឯក ទ្វីបអាស៊ី អាយុ​ក្រោម ២៣ ឆ្នាំ​

156
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
កាលពី​ថ្ងៃទី​២២ តុលា កីឡាករ កីឡាការិនី​គុន​ដាវ​កម្ពុជា ចំនួន ១៧ រូប បានចេញ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ ដើម្បី​ចូលរួម​ប្រកួត​គុន​ដាវ ជ្រើសរើស​ជើងឯក​ទ្វីបអាស៊ី សម្រាប់​ប្រភេទ​អាយុ​ក្រោម​២៣​ឆ្នាំ ។​

​លោក សុខ អាង ដែលជា​អគ្គលេខាធិការ​សហព័ន្ធ បាន​ចាត់ទុកថា នេះ​ជាការ​ប្រកួត​មួយ ដែល​សំខាន់​។ តាមពិតទៅ កម្ពុជា មិន​សង្ឃឹមថា នឹង​ដណ្ដើមបាន​មេដាយ​នោះទេ ព្រោះនេះ​ជាការ​ប្រកួត​កម្រិត​ទ្វីប ដែលមាន​ប្រទេស ចំនួន ៤២ ក្នុង​ទ្វីបអាស៊ី ចូលរួម ។​

ការចេញដំណើរ​ទៅ​ប្រកួត​យុវជន​អាស៊ី​

​ព្រឹត្តិការណ៍​ធំ​បែបនេះ កម្ពុជា ត្រូវតែ​ចូលរួម ដើម្បី​មានឱកាស​ប្រកួត ជាមួយ​កីឡាករ កីឡាការិនី​ខ្លាំងៗ ក្នុង​ទ្វីបអាស៊ី មុនពេល​កម្ពុជា ចូលរួម​ប្រកួត កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ចុងខែ​វិច្ឆិកា និង​ដើមខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ។​

​សម្រាប់​ព្រឹត្តិការណ៍​នេះ កម្ពុជា បាន​ចូលរួម​ប្រកួត ចំនួន ៤ លើក​ហើយ ទាំង​លើក​នេះ ហើយ​នេះ​ជា​កាតព្វកិច្ច​របស់​កម្ពុ​ជា ក្នុងឋានៈ​សមាជិក​សហ​ព័ន្ធ កីឡា​គុន​ដាវ​ទ្វីបអាស៊ី​។ ការ​ចាញ់ ឈ្នះ វា​ជា​រឿង ដោយឡែក​មួយ ។​

​ព្រឹត្តិការណ៍​នេះ ចាប់ផ្ដើម​ប្រកួត ពីថ្ងៃ​ទី​២៣ ដល់ ២៨ ឧសភា ។ កម្ពុជា​បញ្ជូន​កីឡាករ​ចំនួន ១៣ រូប និង​កីឡាការិនី ៤ រូប ទៅ​ចូលរួម​ប្រកួត​។ វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត មាន​ចំនួន ១០ វិញ្ញាសា ដែល​វិញ្ញាសា​ដាវ​តូច ដាវ​ធំ ដាវ​កាប់ ការប្រកួត​ជា​ក្រុម និង​ឯកត្តជន រួមជាមួយ​វិញ្ញាសា​ដទៃទៀត​ជាច្រើន ។​

ការចេញដំណើរ​ទៅ​ប្រកួត​យុវជន​អាស៊ី​

​លោក សុខ អាង បាន​បញ្ជាក់ថា សម្រាប់​ប្រភេទ​កីឡា​គុន​ដាវ​នេះ ក្នុង​ទ្វីបអាស៊ី កូរ៉េ និង​ជប៉ុន ជា​ប្រទេស​ដែល​ខ្លាំង​។ ប្រទេស​ទាំង ២ នេះ មិន​ត្រឹមតែ​ខ្លាំង ក្នុង​ទ្វីបអាស៊ី​ប៉ុណ្ណោះ​ទេ តែ​ជា​ប្រទេស ដែល​ខ្លាំង​នៅក្នុង​ពិភពលោក ទៀតផង ។​

​លោក​អគ្គលេខាធិការ បាន​បន្តថា បើ​មាន​ព្រឹត្តិការណ៍​ធំៗ បែបនេះ លោក​នឹង​បញ្ជូន​កីឡាករ កីឡាការិនី​របស់លោក ឲ្យ​ទៅ​ចូលរួម​រហូត ព្រោះ​រឿង​ដែលជា គោលដៅ​សំខាន់ គឺ​ដើម្បី​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ៕v