កីឡា​ប៊ូ​លីង​កម្ពុជា ចាប់ផ្ដើម​អាណត្តិ​ទី​១

108
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក លី សៀង​ហុង ក្លាយជា​ប្រធាន និង​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា ជា​អនុប្រធាន សហព័ន្ធ​កីឡា​ប៊ូ​លីង​កម្ពុជា ក្រោម​ការបោះឆ្នោត​ជ្រើសរើស សមាជិក​ប្រតិបត្តិ​សហព័ន្ធ អាណត្តិ​ទី​១ (២០១៩-២០២៤) ដែល​ប្រព្រឹត្តទៅ នា​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

ទិដ្ឋភាព​មហាសន្និបាត​

​សម្រាប់​សមាជិក​ប្រតិបត្តិ​សហព័ន្ធ អាណត្តិ​ទី​១ មាន ៩ រូប រួមមាន លោក លី សៀង​ហុង ជា​ប្រធាន លោក អ៊ុក សិទ្ធិ​ជាតិ និង លោក ជី ថ្ម អនុប្រធាន លោក ឃុន វ​ង្សឺ​នី អគ្គ​ហេ​រញ្ញឹក លោក ឆាយ កៀក អគ្គលេខាធិការ លោក សុខ អាង អគ្គលេខាធិការរង លោក រ៉ាត់ ស៊ី​ឌី​ណា កញ្ញា រុន សុភា​វី និង​កញ្ញា ឃួន ស្រីមុំ សមាជិក​សហព័ន្ធ​កីឡា​ប៊ូ​លីង​កម្ពុជា​។​

​លោក លី សៀង​ហុង បាន​មានប្រសាសន៍ថា ប៊ូ​លីង ជា​ប្រភេទ​កីឡា កម្សាន្ត​សប្បាយ ដែល​អ្នកលេង​ប្រើប្រាស់​បាល់ ហៅថា ប៊ូ​លីង (Bowling Ball) ចោល​ទៅ​ដំបង (Pins) ដាក់​បញ្ឈរ​ជា​រៀង​ត្រីកោណ ឬ​វត្ថុ​ផ្សេងទៀត ដែល​កំណត់ដោយ​បទ​បញ្ហា​នៃ​ការប្រកួត​។​

ទិដ្ឋភាព​មហាសន្និបាត​

​អ្នក​ចូលចិត្ត​លេង​កីឡា​នេះ​ទាំងអស់ បង្កើតជា​អង្គការ​កីឡា​ប៊ូ​លីង ក្នុង​គោលបំណង​រួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា មហាជន ដើម្បី​អភិវឌ្ឍន៍ និង​ផ្សព្វផ្សាយ​កីឡា​នេះ នៅ​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន និង​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស មក​ប្រទេស​កម្ពុជា ឲ្យ​កាន់តែច្រើន​។​

​ដោយមាន​ការលើកទឹកចិត្ត និង​សហការ​ពី​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថាបនិក​ទាំង ៩ រូប បាន​មូលមតិ​គ្នា យល់ព្រម​បង្កើត​សហព័ន្ធ​កីឡា​ប៊ូ​លីង​កម្ពុជា​ឡើង​។ លោក​ក៏បាន​សហការ ជាមួយ​មន្ត្រី​បច្ចេកទេស សហព័ន្ធ​ប៊ូ​លីង​អាស៊ី ក្នុង​គោលបំណង ជួយ​ប្រឹក្សា​បណ្តុះបណ្តាល ផ្នែក​បច្ចេកទេស និង​ជម្រុញ​បង្កើត​សភា​កីឡា​ប៊ូ​លីង នៅ​កម្ពុជា​ផងដែរ​។​

ទិដ្ឋភាព​មហាសន្និបាត​

​ក្នុង​កិច្ចសហប្រតិបត្តិការ​នេះ ក៏​សំដៅ​ដល់​ការត្រៀម​លក្ខណៈសម្បត្តិ ក្នុងការ​រៀបចំ និង​ចូលរួម​ប្រកួត​កីឡា​នេះ ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ជាពិសេស​មហិច្ឆតា នៃ​ការចូលរួម​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ​២០២៣ ដែល​កម្ពុជា ជា​ម្ចាស់ផ្ទះ និង​ជា​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​លើកដំបូង ក្នុង​វិស័យ​កីឡា​របស់​កម្ពុជា​៕v