កីឡា​វាយ​សី ក្រសួងមហាផ្ទៃ ពិតជា​ខ្លាំង​មែន​

219
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
ការប្រកួត​វាយ​សី ជើងឯក​ជាតិ ឆ្នាំ​២០១៩ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៩ មក​នោះ បានបញ្ចប់​ហើយ នៅ​ព្រលប់​ថ្ងៃទី​២១ តុលា កន្លងទៅនេះ​។​

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា ឩ​ត្ត​ម​សេនីយ៍​ឯក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា និង​លោក​ឩ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បិទ​ការប្រកួត​នេះ​។ សូមបញ្ជាក់ថា នេះ​ជាការ​ប្រកួត ដោយ​ប្រើប្រាស់​ថវិកា របស់​ក្រសួង​អប់រំ យុវជន និង កីឡា​។​

​ក្នុងចំណោម សមាគម ក្លិប​ចំនួន ១៨ ដែល​ចូលរួម​នោះ មាន​កីឡាករ ចំនួន ១៤៧ នាក់ កីឡាការិនី ចំនួន ៣១ នាក់​។ ការប្រកួត រយៈពេល ៣ ថ្ងៃនេះ មាន​ចំនួន ១៨២ ប្រកួត សមាគម​វាយ​សី ក្រសួងមហាផ្ទៃ ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​១ ដោយ​ប្រជែង​បាន មេដាយមាស ចំនួន ៤ គ្រឿង និង មេដាយប្រាក់​ចំនួន ៣ គ្រឿង ។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចំណាត់ថ្នាក់​លេខ​២ ដោយ​រកបាន​មេដាយមាស ចំនួន ៣ គ្រឿង និង​មេដាយប្រាក់ ចំនួន ៣ គ្រឿង ។​

​ខេត្តកំពង់ឆ្នាំង បាន​ចំណាត់ថ្នាក់​លេខ​៣ ដោយ​រកបាន​មេដាយមាស ២ គ្រឿង ប្រាក់ ១ គ្រឿង និង​មេដាយសំរិទ្ធ ១ គ្រឿង ខេត្តកំពង់ចាម បាន​មេដាយមាស ១ គ្រឿង និង​មេដាយប្រាក់ ១ គ្រឿង ។​

​លោក​ឩ​ត្ត​ម​សេនីយ៍​ទោ ជាម សុភា អគ្គលេខាធិការ​ស្ដីទី បាន​អះអាង ក្រោយ​ចប់​ការប្រកួត​ថា ឆ្នាំនេះ ការប្រកួត មិនមាន​ការតវ៉ា រញ៉េរញ៉ៃ​ឡើយ ព្រោះ​ពួកគេ យល់​ពីបទ​បញ្ជា នៃ​ការប្រកួត​។​

​លោក​ឩ​ត្ត​ម​សេនីយ៍​ឯក លី កុសល បាន​បញ្ជាក់ថា ចាប់ពីពេលនេះ​ទៅ សហព័ន្ធ នឹង​កំណត់​ពី​ចំណាត់ថ្នាក់ (Ranking) កម្រិត​ជាតិ ដល់​កីឡាករ កីឡាការិនី​ទាំងអស់ ដើម្បី​ងាយស្រួល នៅពេល​ពួកគេ ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស គេ​នឹង​ដឹង​ពី​ចំណាត់ថ្នាក់ កម្រិត​ជាតិ​របស់​យើង ៕v