កីឡា​វ៉ូ​ស៊ូ និង​គុន​ដាវ ដក​ចេញពី​ការប្រកួត​កីឡា​ជាតិ​លើក​២

175

(​ភ្នំពេញ​)៖ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​នាយកដ្ឋាន​អប់រំ​កាយ និង កីឡា​លោក​ព្រំ ប៊ុណ្ណ​យី​ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ជួប​ជាមួយ​តំណាង​សហព័ន្ធ​ជាតិ​ចំនួន​២៦ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ត្រូវ​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​កីឡា​ចំនួន​២​ប្រភេទ​ដែល​មុននេះ ត្រូវបាន​កំណត់​ដាក់​ឲ្យ​ចូលរួម​ប្រកួត​កីឡា​ជាតិ​នោះ ត្រូវបាន​ដកចេញ គឺ​ប្រភេទ​កីឡា​គុន​ដាវ និង វូ​ស៊ូ ដែល​កំពុងតែ​មានទំនាស់​ផ្ទៃក្នុង ហើយ​ពុំ​ព្រម​ដោះស្រាយ​។ វូ​ស៊ូ កំពុងតែ​មានទំនាស់​ផ្ទៃក្នុង ឯ​គុន​ដាវ​មិនទាន់មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ប្រកួត​កីឡា​ជាតិ​បាន​។​

​ជាមួយនឹង​ការដក​ចេញពី​ប​ញ្ចី​នូវ​កីឡា​ទាំង ២​ប្រភេទ​នេះ កីឡា​២​ប្រភេទ​ផ្សេងទៀត ត្រូវបាន​ដាក់បញ្ចូល​ជំនួស គឺ​ប្រភេទ​កីឡា​បាញ់កាំភ្លើង​ដែល​កម្ពុជា ក៏មាន​សក្ដានុពល​លើ​ប្រភេទ​កីឡា​នេះដែរ ដោយសារតែ​កន្លងមក​ប្រភេទ​កីឡា​នេះ​ធ្លាប់​ដណ្ដើមបាន​មេដាយ​។ បន្ទាប់​ខ្វះខាត​កន្លែង​ហ្វឹកហាត់​នោះ កីឡា​បាញ់កាំភ្លើង​ត្រូវបាន​ស្លាប់​មួយរយៈ តែ​ពេលនេះ​ប្រភេទ​កីឡា​នេះ បាន​រស់​ឡើងវិញ និង​បានធ្វើ​ការប្រកួត​ជើងឯក​ជាតិ​ទៀតផង​។​

​កីឡា​មួយ​ប្រភេទ​ទៀត​ដែល​ដាក់បញ្ចូល​ជំនួស​នោះ គឺ​ប្រភេទ​កីឡា​បេ​ស្ប​ល​ដែល​កីឡា​នេះ កំពុង​តែមាន​សកម្មភាព​ល្អ និង​មានការ​ប្រកួត​ច្រើន​ទៀតផង​។​

​នៅក្នុង​អង្គប្រជុំ​នេះ លោក ព្រំ ប៊ុណ្ណ​យី បាន​ប្រាប់​ទៅ​សហព័ន្ធ​ជាតិ​ទាំង​២៥ ឲ្យ​រៀបចំ​ឯកសារ​បទបញ្ជា​ផ្ទៃ ក្នុង​ទៅតាម​ប្រភេទ​កីឡា​រៀងៗ​ខ្លួន​ឲ្យ​បាន​ឆាប់រហ័ស​។​

​កីឡា​ទាំង​២៥ ដែល​ត្រូវដាក់​ឲ្យ​ប្រកួត​នោះ រួមមាន​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយ​សី វាយ​កូន​បាល់ វាយ​កូនឃ្លី​លើ​តុ ចំបាប់ តេ​ក្វាន់​ដូ​W.T.F (World Taekwondo Federation)​របស់​កូ​រេ​ខាងត្បូង ហែល​ទឹក ល្បុក្កតោ កាយសម្ព័ន្ធ ប្រដាល់​សាកល ហ្សូ​រិ​ន​ជី​កាំ​ប៉ូ តេ​ក្វាន់​ដូ​I.T.F (International Taekwondo Federation) របស់​កូ​រេ​ខាងជើង កា​រ៉ា​តេ​ដូ ប្រដាល់​គុន​ខ្មែរ យូ​ដូ ទ្រី​យ៉ា​ត្លុង សូ​ហ្វ​តិ​ន្នី​ស បេ​ស្ប​ល ប្រណាំង​កង់ សីដក់ និង​កីឡា​បាញ់កាំភ្លើង​៕L ដោយ​៖ រ៉ូ​ហ្សា​