ដោយ: រ៉ូហ្សា
ភ្នំពេញ: ការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន លើកទី១៩ ដែលកំពុងតែធ្វើ នៅប្រទេសមីយ៉ាន់ម៉ានោះ គិតត្រឹមថ្ងៃទី ១៩ ធ្នូ មេដាយរបស់កម្ពុជា បានកើនដល់ ២៧ គ្រឿងហើយ ។
លោក មាស សារ៉េត បេសកជន របស់នាយកដ្ឋានអប់រំកាយ កីឡាសិស្ស និងនិស្សិតកម្ពុជា បានរាយការណ៍ ពីប្រទេសមីយ៉ាន់ម៉ាមកថា ក្នុងចំណោម មេដាយទាំង ២៧ គ្រឿងនោះ មានមេដាយមាស ចំនួន ៥ គ្រឿង ដែលក្នុងនោះ ៤ គ្រឿង រកបានដោយប្រភេទកីឡាវ៉ូវីណាម និងមួយគ្រឿងទៀត រកបានដោយប្រភេទកីឡាប៉េតង់ ។
ទោះបីមេដាយរបស់កម្ពុជា កើនដល់ ២៧ គ្រឿង ក៏ពិតមែន តែកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៨ នៅឡើយទេ ។ ប្រទេសដែលឈរ នៅចំណាត់ថ្នាក់លេខ១ គឺប្រទេសថៃ ដែលមានមេដាយ សរុប ១៥២ គ្រឿង ក្នុងនោះ មេដាយមាស ៦២ គ្រឿង ។ ឥណ្ឌូណេស៊ី នៅលំដាប់លេខ២ ដែលមានមេដាយ សរុបចំនួន ១១៣ គ្រឿង ក្នុងនោះ មេដាយមាស ៤៤ គ្រឿង ។ ម៉ាឡេស៊ី បានចំណាត់ថ្នាក់លេខ៣ ដែលមានមេដាយ សរុប ១២៩ គ្រឿង ក្នុងនោះ មេដាយមាស ចំនួន ៣៧ គ្រឿង។
ម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ មានមេដាយសរុប ចំនួន ៧៩ គ្រឿង ក្នុងនោះ មេដាយមាស ២៤ គ្រឿង។ វៀតណាម ស្ថិតនៅចំណាត់ថ្នាក់លេខ៥ ដែលមានមេដាយសរុប ៣១ គ្រឿង ក្នុងនោះ មេដាយមាស ១៦ គ្រឿង ។ ប្រទេសឡាវ ស្ថិតនៅចំណាត់ថ្នាក់លេខ៦ ដែលមានមេដាយសរុប ២៤ គ្រឿង ក្នុងនោះ មេដាយមាស ៧ គ្រឿង ។ សឹង្ហបូរី ស្ថិតនៅចំណាត់ថ្នាក់លេខ៧ ដែលមានមេដាយសរុបចំនួន ៣៥ គ្រឿង ក្នុងនោះ មេដាយមាស ៥ គ្រឿង ។
កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ដែលមានមេដាយសរុប ២៧ គ្រឿង ក្នុងនោះ មេដាយមាស ៥ គ្រឿង ។ ប្រទេសទីម័រខាងកើត ចំណាត់ថ្នាក់លេខ៩ បានមេដាយមាស ២ គ្រឿង ។ ហ្វីលីពីន ចំណាត់ថ្នាក់លេខ១០ មេដាយមាស ១ គ្រឿង និងប្រទេសព្រុយណេ មិនទាន់បានមេដាយ អ្វីទាំងអស់ ៕v