កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ១២ រូប នឹងចូលរួម​ប្រកួត​ជើងឯក ពិភពលោក​

142
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក​ឩ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​ឲ្យ​ដឹងថា នៅ​ចុងខែ​តុលា​នេះ កីឡាករ កីឡាការិនី សូ​ហ្វ​តិ​ន្នី​ស ចំនួន ១២ រូប នឹង​ចេញទៅ​ប្រកួត​ជើងឯក​ពិភពលោក លើក​ទី​១៦ (The 16th World Solt Tennis Championship) នៅ​ទីក្រុង Taizhou ប្រទេស​ចិន​។​

​ការ​ចេញទៅ​ប្រកួត​នេះ គឺមាន​កីឡាករ ៦ រូប និង​កីឡាការិនី ចំនួន ៦ រូប​ដែរ​។ កីឡាករ​ទាំង ៦ រូបនោះ មាន កីឡាករ កាន់ សោ​ភ័​ណ្ឌ កីឡាករ អន សម្បត្តិ កីឡាករ យី ស​សារិទ្ធ កីឡាករ ឌឹ​ម សម្បត្តិ កីឡាករ ច​ន ម៉ា​ដា និង​កីឡាករ សាយ សុចិ​ត្រា ។​

​ចំពោះ​កីឡាការិនី​ទាំង ៦ រូប​វិញ​នោះ មាន កីឡាការិនី រិ​ន សុធា​រី កីឡាការិនី ម៉េ​ត ម៉ា​រី​យ៉ាន កីឡាការិនី បូ ទីង​ហ៊ុយ កីឡាការិនី យាន សុខឿន កីឡាការិនី ជិន ស្រី​ឡូយ និង កីឡាការិនី ឃី ម៉េង​ជួង ។​

អ្នក​ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត ជើងឯក​ពិភពលោក​

​លោក ជា ប៊ុនហេង ដែលជា​ប្រធាន​ប្រតិភូ​នោះ បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​រូបលោក ដែលជា​ប្រតិភូ​ដឹកនាំ​នោះ ក៏​នៅមាន​គ្រូបង្វឹក ១ រូប និង​គ្រូ​ជំនួយ ២ រូប​ទៀតផង ។​

​សម្រាប់​ព្រឹត្តិការណ៍​នេះ លោក​មិនទាន់​ដឹងថា តើ​គេ​ដាក់​ឲ្យ​ប្រកួត ប៉ុន្មាន​វិញ្ញាសា​នោះទេ តែ​លោក​បាន​ឲ្យ​កីឡាករ កីឡាការិនី របស់លោក ត្រៀម​លេង​គ្រប់​វិញ្ញាសា​ទាំងអស់ ។​

​តាម​ការគ្រោងទុក ការប្រកួត​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២៥ តុលា ដល់​ថ្ងៃទី ១ វិច្ឆិកា ២០១៩ នោះ សម្រាប់​កម្ពុជា សង្ឃឹម​ខ្លាំង​លើ​វិញ្ញាសា ប្រកួត​ជា​ក្រុម ។ វិញ្ញាសា​ក្រុម​នេះ កម្ពុជា តែងតែ​ប្រជែង​បាន​មេដាយ ស្ទើរតែ​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់​។​

​លោក​អនុប្រធាន​ទី​១ ទទួលស្គាល់ថា សម្រាប់​ទ្វីបអាស៊ី ប្រទេស​ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ គឺជា​ប្រទេស​ខ្លាំងជាងគេ​។ ចំពោះ​កម្ពុជា លើ​ប្រភេទ​កីឡា​សូ​ហ្វ​តិ​ន្នី​ស ក៏​ជា​ប្រទេសមួយ ដែល​គេ​ញញើត​ដែរ ៕v