កីឡា​ហាប់​គី​ដូ​ប្រារឰ​ពិធី​រំលឹក​គុណគ្រូ​សម្រាប់​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ដែល​មិនមាន​កីឡា​ធ្វើ​នៅឡើយ​

1066
ចែករម្លែក
  • 2
    Shares

​ភ្នំពេញ​៖ ទោះបីជា​ប្រភេទ កីឡា​មិនសូវមាន​ការចាប់អារម្មណ៍​ឬ ជា​ប្រភេទ​កីឡា​មាន​ប្រជា ប្រិយភាព ក៏ដោយ ក៏​ហាប់​គី​ដូ បានរៀបចំ​ពិធី រំលឹក​គុណគ្រូ និង​ចាស់ព្រឹទ្ធាចារ្យ​សម្រាប់ អបអរ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី ខ្មែរ​ខាងមុខនេះ ដើម្បី​ចែករំលែក​បទ ពិសោធន៍​ពី​អតីតកាល និង​ដាក់​ទិសដៅ ឱ្យ​រីកចម្រើន​ឡើង ។​
​ ​
​លោក​គង់ ចាន់​ធី​ណា អគ្គ លេខា​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​រំលឹក​គុណគ្រូ កាលពី ចុង​សប្តាហ៍​កន្លងទៅ នៅ​អគារ​មណ្ឌល ហ្វឹកហាត់​កីឡា​អង្គភាព​ក្រសួងមហាផ្ទៃ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ថា ការប្រារឰពិធី ឡើង​ដើម្បី​រំលឹក​ដល់​គុណ និង​ស្នាដៃ របស់​ព្រឹទ្ធាចារ្យ និង​លោកគ្រូៗ ដែលមាន​វ័យចាស់ៗ​អស់ហើយ​ធ្លាប់​បង្ហាត់ បង្រៀន​ដល់​សិស្ស​ជាច្រើន ជំនាន់​រហូត មកដល់ពេលនេះ ទោះបី​ជាមាន​ឧបសគ្គ ក្នុងការ​លើកស្ទួយ​កីឡា​ហាប់​គី​ដូ​ក៏ដោយ​។ ការប្រារឰពិធី​រំលឹក​គុណគ្រូ នេះ​ក៏​ធ្វើ ឡើង​តាម​ប្រពៃណី​ខ្មែរ​របស់​យើង សមស្រប​ពេល​អបអរ ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី ខ្មែរ​ខាងមុខនេះ ដែល​ជិត​មកដល់ ។
​ ​
​អគ្គលេខា​រូបនេះ បាន​និយាយ ថា ពិធី​នេះ ត្រូវបាន​ការអនុញ្ញាត​ពី បណ្ឌិត​ជា ប៊ុនហេង ប្រធាន​អង្គភាពកីឡា​ក្រសួងមហាផ្ទៃ និង​ប្រធាន សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា លោកម៉ក់ សំអុល ឯកភាពគ្នា​ឱ្យ​បង្កើត​ពិធីនេះ​ឡើង ដើម្បី​ជាការ​ចងចាំ​ដ៏​ល្អ​ឱ្យ សិស្សៗ និង​រំលឹក​គុណដល់​លោកគ្រូ និង​ព្រឹទ្ធាចារ្យ​ទាំងអស់​ដែល​មិនបាន បោះបង់​កីឡា​មួយ​នេះ​ចោល នៅតែ បន្ត​ជំរុញ​ដល់​ក្មេងជំនាន់ក្រោយ ។ ពិធីរំលឹក​គុណគ្រូ បែបនេះ ត្រូវបាន​កីឡា ហាប់​គី​ដូ រៀបចំឡើង​ធ្វើជា​លើក​ទី​១ ខណៈ​លោក​មិនទាន់​ឃើញ​សហព័ន្ធ​ក្បាច់គុន​ដ៏​ទៃ​មាន​ពិធី​បែបនេះឡើយ ។
​ ​
​លោក​គង់ ចាន់​ធី​ណា បាន បញ្ជាក់ថា ការរៀបចំ​រំលឹក​គុណគ្រូ​នេះ មើលឃើញថា មានតែ សហព័ន្ធ​កីឡា របស់លោក​ធ្វើ​មុនគេ ហើយ​ប្រារឰឡើង ក្នុង​តម្រង់​ទិសដៅ​ដល់​សិស្ស​ហាប់​គី​ដូ ទាំងអស់​បន្ត​ឆន្ទៈ​កីឡា​មួយ​នេះ​ទៅមុខ ។ ពិធី​នេះ​ទទួលបាន​ការគាំទ្រ​ពី​សិស្ស​ទាំងអស់​ដែល បាន​លះបង់​ទាំង​ថវិកា និង​ពេលវេលា ក្នុងការ​រៀបចំ​ពិធី “​រំលឹក​គុណគ្រូ​ហាប់​គី​ដូ​” ក៏ដូចជា​ការ បំផុស​ចលនា​នៃ​កីឡា​មួយ​នេះ​រីក​សុះ សាយ​កាន់តែ​ល្អ​ជាង​មុន ៕ ដោយ​៖ បូ​រិ​ន​