កីឡា ១០ ប្រភេទ នឹងចូលរួម​ពិធីបុណ្យ​ទន្លេ នៅ​ខេត្តកំពង់ឆ្នាំង ឆ្នាំនេះ​

605
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
ភ្នំពេញ​៖ គណៈកម្មការ​ធិ​ការ​ជាតិ អូឡាំពិក​កម្ពុជា បានសម្រេច​ចិត្ត ជា​ផ្លូវការ​ហើយ ក្នុងការ​ដាក់​កីឡា ១០ ប្រភេទ ចូលរួម​ពិធីបុណ្យ​ទន្លេ នៅ​ខេត្តកំពង់ឆ្នាំង ដែលជា​ព្រឹត្តិការណ៍​ទេសចរណ៍ ប្រចាំឆ្នាំ​២០១៩ នេះ ។

​ពិធីបុណ្យ​ទន្លេ ឆ្នាំនេះ នឹង​ប្រព្រឹត្តិ​ទៅ រយៈពេល ៣ ថ្ងៃ គឺ​ត​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៧ ខែមីនា ២០១៩ ខាងមុខនេះ ។ បុណ្យ​ទន្លេ​ឆ្នាំនេះ ធ្វើឡើង ក្រោម​ប្រធានបទ “​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង ទេសចរណ៍​” ។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​នោះ​ថា កីឡា​ទាំង ១០ ប្រភេទ​នោះ មាន​ប្រភេទ​កីឡាបាល់ទាត់ បាល់ទះ កីឡា​ចំបាប់​បូរាណ កីឡា​ទាញព្រ័ត្រ វាយ​សី កីឡា​ប្រណាំងសេះ កីឡា​ជិះ​កង់​កំសាន្ដ ប្រដាល់​គុន​ខ្មែរ កីឡា​ប្រណាំងទូក និង​រត់​កម្សាន្ដ ។ សម្រាប់​ការរត់​កន​ម្សា​ន្ដ​នេះ មាន​រត់​ចម្ងាយ ៣ គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ តាម​ការរំពឹងទុក គេ​ជឿថា នឹងមាន​អ្នកចូលរួម​រត់ ប្រមាណ ១.៥០០ នាក់ ។​

​លោក​អគ្គលេខាធិការ បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ ក្នុង​ក្រុង​កំពង់ឆ្នាំង រៀបចំ​គេហដ្ឋាន​របស់ខ្លួន និង​សេវា​ម្ហូបអាហារ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ ដែល​មកលេង​ពិធីបុណ្យ​នេះ​។ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដែល​ចង់​មក​ទស្សនា​កម្សាន្ត ក្នុង​ពិធីបុណ្យ​ទន្លេ មិនចាំបាច់​មានការ​ព្រួយបារម្ភ ពី​កន្លែង​ស្នាក់នៅ និង​ម្ហូបអាហារ សម្រាប់​ហូបចុក​ឡើយ ៕v

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា