កឹម សុខា​ថា CPP​ខ្លាច​CNRP តែម​ន្ដ្រី​នាំពាក្យ​ថា​CPP​ត្រូវការ​ដៃគូ​ខ្លាំង​និង​មិនដែល​ខ្លាច​បក្សប្រឆាំង​ទេ

946
ចែករម្លែក

(​ភ្នំពេញ​) ៖ លោក​សុខ ឥសាន មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​មិនដែល​ខ្លាច​អ្នកណា​ទេ តែ​ផ្ទុយទៅវិញ គណបក្ស​CPP តែង​ចង់បាន និង​ស្វាគមន៍​ជានិច្ច​ចំពោះ​ដៃគូ​ប្រកួត​ដែល​ខ្លាំង​។​

​ការលើកឡើង​របស់​ម​ន្ដ្រី​នាំពាក្យ​រូបនេះ គឺជា​ការឆ្លើយតប​នឹង​លោក​កឹម សុខា ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​(CNRP )​ដែល​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​ក្នុង​ខេត្តកោះកុង​ថា អ្នកឈ្នះ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​៤ ខែមិថុនា នៅតែ​ខ្លាច​កម្លាំង​របស់​គណបក្ស​ប្រឆាំង​។ លោក​គឹម សុខា​បាន​មានប្រសាសន៍ថា “…​អ្នកឈ្នះ​អត់​ទាន់​ស្ងាត់​ទេ​…​នៅតែ​ភ័យខ្លាច​អញ្ចឹង​… អ្នកឈ្នះ​ភ័យខ្លាច​ចាញ់​វិញ​…”​។​

​ថ្លែង​ក្នុង​បញ្ជាក់​ក្នុង​បទសម្ភាសន៍​ជាមួយ​រស្មី​កម្ពុជា នា​រសៀល​ថ្ងៃទី​២៣ មិថុនា នេះ លោក​សុខ ឥសាន បាន​រៀបរាប់ថា​“…​បើ​ខ្លាច​គេ​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ចេញ​រូបរាង​ធ្វើ​សកម្មភាព​បានទេ​… ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​តែងតែ​ចង់បាន​ដៃគូ​ប្រកួតប្រជែង​ដែល​ខ្លាំង​…​ដែល​អាច​អះអាងថា​ខ្លួនឯង​ហ្នឹង​មាន​សក្ដានុពល​…​ដូច្នេះហើយ​ប្រសាសន៍​របស់​ប្រមុខ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​យ៉ាង​ដូច្នេះ វាស​បញ្ជាក់ថា អត់​មាន​ខ្លាចញញើត​ជាមួយ​ដៃគូ ជាពិសេស​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​អួតអាង​ថា​ខ្លួនឯង​ខ្លាំង​នោះទេ​…”​។​

​ជាមួយគ្នានេះដែរ លោក​សុខ ឥសាន ក៏បាន​លើកឡើង​ក្នុងន័យ​ឆ្លើយតប​ទៅ​ក្ដី​ស្រមើ​ស្រ​ម៉ៃ របស់​មន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សង្ឃឹមថា​ខ្លួន​នឹង​ឈ្នះឆ្នោត​សម្រាប់​ការបោះឆ្នោត ជ្រើសរើស​អ្នកតំណាង​ថា គណបក្ស​CPP​មិន​ចាញ់​ជាដាច់ខាត​បើទោះបីជា​កៅអី​សភា​ធ្លាក់ចុះ តែ​ចំនួន​អ្នកគាំទ្រ​នៅតែមាន​ការកើនឡើង ដែល​បញ្ហា​ញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​នៅតែ​ទុកចិត្ត និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជានិច្ច​៕

​មន្ត្រីជាន់ខ្ពស់​CPP​រូបនេះ​ក៏បាន​អះអាងថា គ្មាន​ការផ្ទេរអំណាច ទៅ​ឲ្យ​គណបក្សប្រឆាំង នៅក្នុង​ឆ្នាំ​២០១៨​ខាងមុខ​នោះទេ ទោះបី​មាន​លើកឡើង ថា​នឹងមាន​ការផ្ទេរអំណាច​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨​ក្តី ។​

​លោក សុខ ឥសាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២ មិថុនា​ម្សិលមិញ ថា​គ្មាន​ការផ្ទេរអំណាច ទៅ​ឲ្យ​បក្សប្រឆាំង​នោះទេ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច ជាង​៣​ទសវត្សរ៍​មកហើយ នៅតែមាន​សក្តានុពល​នៃ​ប្រជាប្រិយភាព ត្រូវបាន​ប្រជាជន​បន្ត​គាំទ្រ អាស្រ័យ​ដោយ​គណបក្ស មានគុណ​សម្បត្តិ និង​ស្នាដៃ​ជាច្រើន ក្នុង​ការកសាង​សមិទ្ធផល​ជាច្រើន​រាប់មិនអស់ ។ ”​ក្តីសង្ឃឹម​របស់​គណបក្ស​ប្រឆាំង នៅតែ​ស្ថិតនៅក្នុង​ក្តី​ស្រមៃ​ដដែល មិនអាច​ក្លាយជា​ការពិត​ឡើយ​” ៕

​លោក​សុខ ឥសាន​(​រូប​តូច​) ឆ្លើយតប​ទៅ​លោក កឹម សុខា​