កឹម សុខា ដេក​ផ្ទះ​ឈ្នះ​ឯង​!

970
ចែករម្លែក

បន្ទាប់ពី​ទំព័រ​នយោបាយ​លោក សម រង្ស៊ី បាន​បិទ​វាំងនន​ត្រឹម​ថ្ងៃទី ៩ វិច្ឆិកា ទំព័រ​នយោបាយ​លោក កឹម សុខា ស្រាប់តែ​បាន បើក​ឡើងជា​ថ្មី​។ ទោះជា​ក្នុង​ហេតុផល​ណាមួយ​ក៏ដោយ ក៏​ព្រឹត្តិ​ការណ៍​នេះ​គឺជា​ភាពអនុគ្រោះ​ឬ​ជា​អំណោយផល​មួយ​សម្រាប់​ឆាកនយោបាយ​កម្ពុជា​ជាពិសេស​សម្រាប់​ជីវិត​នយោបាយ​បក្សប្រឆាំង​។​

​ក្រុមប្រឆាំង​ដឹកនាំ​ដោយ សម រង្ស៊ី បានធ្វើ​នយោបាយ​អត្តឃាត មក​បញ្ចប់ជីវិត​នយោបាយ​របស់ខ្លួន​នៅ​ថ្ងៃ ៩ វិច្ឆិកា ចំណែក​លោក កឹម សុខា ឯណោះ​វិញ​ដែល​នៅ​ស្ងៀមស្ងាត់​តែ​ប្រកាន់​គោលការណ៍​អហិង្សា​បែរជា​ទទួលផល​គួរ​ជាទី​ពេញចិត្ត​។ ខ្ញុំ​អាច​និយាយបានថា លោក កឹម សុខា ពិតជា «​ដេក​ផ្ទះ ឈ្នះ​ឯង​» មែន​។​

​ហេតុអ្វី​ទំព័រ​នយោបាយ​លោក សម រង្ស៊ី ត្រូវ​បិទ​ត្រឹម​ថ្ងៃទី ៩ វិច្ឆិកា​?

​មាន​ហេតុផល​មិនអាច​ប្រកែក​បាន និង​ស្រួល​យល់​បំផុត​ដែល​គ្រប់គ្នា​បានដឹង​។ ក្រឡេក​មើលទៅ​ការសន្យា​របស់លោក សម រង្ស៊ី និង​លទ្ធផល​ជាក់ស្តែង គេ​នឹង​យល់​យ៉ាងច្បាស់​ដោយ​មិនចាំបាច់​ពិចារណា​។ នរណា​ក៏បាន​ដឹង​និង​បានលឺ​ពេញ​ត្រចៀក​ដែរ​ថា លោក សម រង្ស៊ី បានប្រកាស​ពេញៗ​មាត់ ជា​ញឹកញាប់​ថា នឹង​ចូលមក​ចាប់​លោក ហ៊ុន សែន នៅ​ថ្ងៃទី ៩ វិច្ឆិកា​។ សម រង្ស៊ី អះអាងថា នឹង​ដឹកនាំ​ក្បួន​ចលនា​មហាជន​រាប់លាន​នាក់​ចេញពី​ប្រទេស​ថៃ ហើយ​ទោះជា​មានការ​រារាំង​យ៉ាងណា ក៏​លោក សម រង្ស៊ី ខ្លួនឯង​នឹងត្រូវ​តែ​មក​ផ្ទាល់​ដល់​ច្រក​ប៉ោយប៉ែត​តាម​ការសន្យា​ដើម្បី​ដឹកនាំ​អ្នកគាំទ្រ​ដើរចូល​ទៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ឲ្យ​បាន​។

​ផែនការ​ផ្តាច់ព្រ័ត្រ ៩​វិច្ឆិកា​របស់​សម រង្ស៊ី គឺ​នឹងធ្វើ​ឲ្យ​មនុស្ស​ងើបឡើង​ទូទាំងប្រទេស​ហើយ​ទៅ​ព័ទ្ធ​ទី ស្នាក់ការ​ប៉ូលិស និង​ការិយាល័យ​រដ្ឋបាល​នានា​ដោយ​មិន​ឲ្យ​អាជ្ញាធរ​បង្ក្រាប​បានឡើយ​។ បន្ទាប់មក​គឺ​ត្រូវ​បណ្តេញ​លោក ហ៊ុន សែន ចេញពី​ប្រទេស​។ សម រង្ស៊ី ថា គាត់​នឹង​បង្កើតជា​រលក​យក្ស​ស៊ូណាមិ នៅ​កម្ពុជា នា​ថ្ងៃទី ៩ វិច្ឆិកា​ឲ្យ​ធំ​ជាង​ស៊ូណាមិ​នៅ​ប្រទេស​ជប៉ុន​ទៅទៀត ហើយ​ទោះជា​សមត្ថកិច្ច​ប្រើ​កម្លាំង​ប៉ុណ្ណា​ក៏​មិនអាច​ទប់​បានដែរ​។ លោក សម រង្ស៊ី រំពឹង​ទៀតថា កងកម្លាំងប្រដាប់អាវុធ​នឹង​លែង​ស្តាប់​បញ្ជា​លោក ហ៊ុន សែន ហើយ​បែរ​ចុង​កាណុង​ទៅរក​រដ្ឋាភិបាល​លោក ហ៊ុន សែន វិញ​….

​ស្តាប់​ផែនការ​របស់លោក សម រង្ស៊ី គឺ​ធំ​សម្បើម​អស្ចារ្យ​ណាស់ ប៉ុន្តែ សាច់​ការជាក់ស្តែង​វិញ​គឺ​សូន្យ​។ ៩ វិច្ឆិកា បាន​កន្លងផុត​ទៅហើយ កុំថាឡើយ​រលក​យក្ស​ស៊ូណាមិ សូម្បី​រលក​ក្នុង​កែវ​ទឹក​ក៏​គ្មាន​ដែរ​។ ផ្ទុយទៅវិញ ទឹក​ស្ងប់​ល្អ​ជាង​ថ្ងៃ​ធម្មតា​ទៅទៀត​។ នេះ​ជា​ភាពអាម៉ាស់​ដ៏​ធំធេង​ក្នុង​ប្រវត្តិ​នយោបាយ​របស់លោក សម រង្ស៊ី ដែល​យក​ល្អ លោក សម រង្ស៊ី គួរ​ប្រកាស​លាឈប់​ពី​នយោបាយ​ដោយ​ខ្លួនឯង​ក្រែង នៅសល់​កិត្តិយស​ខ្លះ​ទុក​សម្រាប់​វ័យ​ចាស់ជរា​របស់ខ្លួន និង​អ្នកគាំទ្រ​ជំនាន់​ក្រោយ​បានឃើញ​ជាជាង​ត្រូវគេ​ធីប​ចោល​។

​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល លោក សម រង្ស៊ី ដាក់​ផែនការ ឬ​សន្យា​ហើយ​មិន​មក​។ គេ​នៅ​ចាំបាន​ថា កាលពី​ឆ្នាំ ២០១៥ ក៏​សម រង្ស៊ី ធ្លាប់​សន្យា​ចូល​ស្រុក​ដែរ​។ ឆ្នាំ ២០១៧ ក៏​សន្យា ហើយ​ឆ្នាំ ២០១៨ ក៏​សន្យា គឺ​សន្យា​ចូលក្នុង​ប្រទេស​វិញ​មុន​ការបោះឆ្នោត​ខែកក្កដា​។ រហូត ដល់​ឆ្នាំ ២០១៩ សម រង្ស៊ី សន្យា​ទៀតថា នឹង​ចូល​នៅមុន​ខែមីនា បន្ទាប់មក​នៅ​ចុងខែ​កញ្ញា ប៉ុន្តែ គ្មាន​ការសន្យា​ណាមួយ​ត្រូវបានធ្វើ​នោះឡើយ​។ នេះ​នៅ​មិនទាន់​រាប់​ការសន្យា​មិន​ចូល​សភា​​កាលពី​ក្រោយ​បោះឆ្នោត​ឆ្នាំ ២០១៣ និង​ការបរាជ័យ​នៃ​ផែនការ “​យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង ” កាលពីមុន​បោះឆ្នោត​ឆ្នាំ ២០១៨ ផង​ទេ​។

​និយាយ​ជារួម សម រង្ស៊ី ទទួល​បរាជ័យ​ជា​ដរាប​ក្នុង​ឆាក នយោបាយ​របស់ខ្លួន​ពីព្រោះ​តែ​គាត់​ជា​មនុស្ស​ក្បត់ពាក្យសន្យា និង​កំសាក គ្មាន​សមត្ថភាព គ្មាន​យុទ្ធសាស្ត្រ ខ្វះ​ភាពជា​អ្នកដឹកនាំ​។

​ឥឡូវនេះ សម រង្ស៊ី ជា​មនុស្ស​ដែលមាន​ទោស​ពេញ​ខ្លួន ហើយ​ថែមទាំង​បាន​បិទផ្លូវ​ខ្លួនឯង​ដោយ​ការជេរប្រមាថ​ព្រះមហាក្សត្រ និង​ការប្រកាស​ចូលមក​ចាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​បុគ្គល​គន្លឹះ​តែមួយគត់​ក្នុង​ការស្នើសុំ​លើកលែងទោស​ឲ្យ លោក សម រង្ស៊ី​។ ហេតុផល​ទាំងអស់នេះ គឺ​គ្រប់គ្រាន់​ឬ​លើសពី​គ្រប់គ្រាន់​ពេក​ទៅទៀត​សម្រាប់​បិទ​ទំព័រ​នយោបាយ​លោក សម រង្ស៊ី ត្រឹមនេះ​។

​ប៉ុន្តែ ជា​សំណាងល្អ​សម្រាប់​បក្សប្រឆាំង​ពីព្រោះ​ស្រប​ពេលដែល​ទំព័រ​នយោបាយ សម រង្ស៊ី បាន​បិទ​វាំងនន ស្រាប់តែ​ទំព័រ​នយោបាយ​លោក កឹម សុខា បាន​បើក​ជាថ្មី​។ លោក កឹម សុខា ត្រូវគេ​មើលឃើញថា ជា​អ្នកនយោបាយ​ដែលមាន​ភាពចាស់ទុំ និង​មាន​គោលការណ៍​ច្បាស់លាស់ ព្រមទាំង​មាន​សេចក្តី​​ក្លាហាន​ហ៊ាន​ទទួលខុសត្រូវ ដែល​ខុសស្រឡះ​ពី លោក សម រង្ស៊ី ។ រីឯ​អ្នកគាំទ្រ​លោក កឹម សុខា ទៀតសោត​ក៏​ជា​មនុស្ស​ចាស់ទុំ អត់ធ្មត់ និង​មាន​គោលការណ៍ និង​មាន​វិន័យ ហើយ​យល់​កាលៈទេសៈ​ជាង​អ្នកគាំទ្រ​លោក សម រង្ស៊ី ដែរ​។

ជាក់ស្តែង ក្នុង​ផែនការ​រដ្ឋប្រហារ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី ភាគី​ខាង​លោក កឹម សុខា យល់ច្បាស់​ណាស់​ថា ផែនការ​លោក សម រង្ស៊ី នឹង​នាំ​ក្តី​វិនាស​ដល់​ជីវិត នយោបាយ​របស់ខ្លួន​ជាក់​ជាមិនខាន​។ ហេតុដូច្នេះ​ហើយ​បានជា​ពួកគេ​សម្រេច​មិន​គាំទ្រ និង​មិន​ចូលរួម​ជាមួយ​លោក សម រង្ស៊ី ឡើយ​។ ឥឡូវនេះ ភស្តុតាង​បានបង្ហាញ​ច្បាស់​ហើយ​គឺ​អ្វីដែល​ក្រុម​លោក កឹម សុខា បានគិត​គឺ​ពិតជា​ត្រឹមត្រូវ​។

​ដូច្នេះ ពី​ពេលនេះ​តទៅ មានតែ​ក្រុម​លោក កឹម សុខា ទេ​ដែល នឹង​លេចមុខ​លេច​មាត់​ក្នុង​ឆាក​​នយោបាយ​កម្ពុជា​។​ទោះជា​យ៉ាងណា លោក កឹម សុខា និង​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​អាច​ជួបប្រទះ​នឹង​ការ​លាប​ពណ៌​ពី​សំណាក់​ក្រុម​លោក សម រង្ស៊ី​។ ដូចជា​យើង​បានដឹង​គ្រប់គ្នា​ថា ការ​បន្ធូរ បន្ថយ​ល​ក្ខ័​ណ្ឌ​ត្រួតពិនិត្យ តាមផ្លូវ​តុលាការ​ចំពោះ​លោក កឹម សុខា ពិតជា​មិនមែនជា​ការចង់បាន​ ​របស់លោក សម រង្ស៊ី​នោះឡើយ​ព្រោះ​កន្លងមក លោក សម រង្ស៊ី តែង​ព្យាយាម​ជាន់ពន្លិច​លោក កឹម សុខា និង​ប្រាថ្នា​ចង់​ឲ្យ​លោក កឹម សុខា ជាប់ឃុំ​ឃាំង​ឲ្យ​បានយូរ​តាម ដែល​អាច​ធ្វើបាន​ដើម្បី​ខ្លួន​មានឱកាស​ដណ្តើម​អំណាច​អតីត​បក្ស​សង្គ្រោះ​ជាតិ​មកកាន់​កាប់​វិញ​។ លោក សម រង្ស៊ី ធ្លាប់បាន​ប្រកាស​យក​សេរីភាព​លោក កឹម សុខា ទៅ​ភ្នាល់​ជាមួយ​លោក ហ៊ុន សែន ដែលជា​ចេតនា​ច្បាស់ក្រឡែត​ក្នុងកា​រារាំង​មិន​ឲ្យ​មានការ​ដោះលែង​លោក​កឹម សុខា​។ ក្រុម​លោក សម រង្ស៊ី តែងតែ​បន្តុះបង្អាប់​លោក កឹម សុខា ថា​ជាការ​ជាប់គុក​សិប្បនិម្មិត​និង​ក៏​ធ្លាប់​និយាយថា បើ​កឹម សុខា ឲ្យ​សញ្ញា​ទៅ​លោក ហ៊ុន សែន តែ​បន្តិច​ថា​បែក​ពី សម រង្ស៊ី នឹង​ត្រូវគេ​ដោះលែង​ហើយ​។ ការនិយាយ​បែបនេះ​គឺជា​របៀប​ចង​ក្រឡា​ទុកជាមុន របស់លោក សម រង្ស៊ី សម្រាប់​វាយប្រហារ​ទៅលើ​លោក កឹម សុខា នៅពេល​មាន​សិទ្ធ​សេរីភាព​ឡើង​វី​ញ​។

ឥឡូវនេះ ពេលវេលា​បានមក​ដល់​ហើយ​។ លោក កឹម សុខា ត្រូវបាន​តុលាការ​បន្ធូរបន្ថយ​ល​ក្ខ​ណ្ឌ​អោយ​លោក​មាន​សេរីភាព​ដើរហើរ​ទូទាំងប្រទេស​និង​ជួប​ភ្ញៀវ​បរទេស​ជាធម្មតា​នៅក្នុង​ប្រទេស​។

ដូច្នេះ ពី​ពេលនេះ​ទៅ ក្រុម​«​ឆ្កែ​កាច​»​របស់លោក សម រង្ស៊ី នឹង​ព្រួត​គ្នា​ខាំ​លោក កឹម សុខា និង​អ្នកគាំទ្រ​លោក កឹម សុខា ជាក់​ជាមិនខាន​។ ប៉ុន្តែ វា​មិនមែនជា​រឿង​ចម្លែក​ទេពី​ព្រោះ​ការ​លាប​ពណ៌​បាន​កើតមាន​រួចទៅហើយ​។ អ្វីដែល​សំខាន់​គឺ​លោក កឹម សុខា និង​អ្នកគាំទ្រ​របស់ខ្លួន​ត្រូវ​ដើរទៅ​មុខ​ដោយ​ប្រកាន់​គោលការណ៍​ច្បាស់លាស់​របស់ខ្លួន​ដែលមាន​កន្លងទៅ​គឺ​គោលការណ៍​អហិង្សា ផ្សះផ្សារ​ជាតិ និង​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ ដោយ មិនត្រូវ​ដើរ​តាម​គន្លង​លោក សម រង្ស៊ី​ដែល​តែងតែ​យក​គោលការណ៍​ហឹ​ង្សា​និយម​និង​ការបំបែកបំបាក់​ជាតិ​ជាពិសេស​គំនុំសងសឹក​គ្រួសារ​ខ្លួន​ជា​ត្រីមុខ នោះឡើយ​។​

​សារុប​មក​វី​ញ ទំព័រ​នយោបាយ​សម រង្ស៊ី ត្រូវបាន​បិទ​បញ្ចប់​ត្រឹម​ថ្ងៃទី ៩ វិច្ឆិកា ហើយ​ទំព័រ នយោបាយ​កឹម សុខា ក៍​ទំនងជា បាន​ផ្តើម​បើក​ដែរ ! នេះ​បាន​ចំ​ជា “​កឹម សុខា ដេក​ផ្ទះ ឈ្នះ​ឯង
​មែន “៕B/​​ដោយ : សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​សង្គម​នៃ​សាកលវិទ្យាល័យ​ខេត្តកំពង់ចាម​