កុងតឺន័រ​បុក​ហាយ​ឡែ​ន​ឌ័​រប​ន្ត​កិន​បុរស​ម្នាក់​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ និង​របួសធ្ងន់​២​នាក់​ទៀត​

436

ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ បាន​កើតឡើង​រវាងរ​ថ​យន្ត​កុងតឺន័រ​មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​បុក​ជាមួយ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​រង​ការខូចខាត និង​មិនទាន់​អស់​ល្បឿន​បន្ត​មក​កិន​បុរស​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​មាន​មនុស្ស​ប្រុស​ស្រី​២​នាក់​ទៀត​រងរបួស​ធ្ងន់ កាលពី​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្បែរ​ចំណុច​លូ​ប្រាំ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

កុងតឺន័រ​បុក​ហាយ​ឡែ​ន​ឌ័​រ​ដោយ​មិនទាន់​អស់​ល្បឿន​បន្ត​កិន​បុរស​ម្នាក់​ជិះ​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​និង​មនុស្ស​ប្រុស​ស្រី​២​នាក់​ទៀត​រងរបួស​ធ្ងន់ (​រូប​៖ សាវ​រក្ស​)

​សព​យុវជន​រងគ្រោះ​មានឈ្មោះ ញៀន ចាន់ណា អាយុ​២៥​ឆ្នាំ មុខរបរ​ជាងសំណង់​នៅ​កោះ​ពេជ្រ ស្នាក់នៅ​ក្នុង​ក​រដ្ឋា​ន​សំណង់ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្អួ​រលំ ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។ រីឯ​យុវជន​ប្រុស ស្រី​២​នាក់​ទៀត ដែល​បាន​រងរបួស​ធ្ងន់​នោះ មិនបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ព្រោះ​ភ្លាមៗ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​យកទៅ​មន្ទី​ពេទ្យ​ឯកជន​ភ្លាមៗ ។ ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក ក៏បាន​បើកទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ព្រូ​រថយន្ត​ម្នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

សព​យុវជន​រងគ្រោះ​មានឈ្មោះ ញៀន ចាន់ណា អាយុ​២៥​ឆ្នាំ មុខរបរ​ជាងសំណង់​នៅ​កោះ​ពេជ្រ (​រូប​៖ សាវ​រក្ស​)​

​ក្រោយពេល​កើតហេតុ យុវជន​ប្រុស​ស្រី​រងគ្រោះ​របួសធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទី​ពេទ្យ​ឯកជន ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ក្រុមគ្រួសារ មក​ទទួល​ដឹក​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​ម៉ូតូ និង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​រងគ្រោះ រួមទាំង​រថយន្ត​បង្កហេតុ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍ ចុះមក​វាស់វែង យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​តាមផ្លូវ​ច្បាប់​៕ ដោយ​៖ សាវ​រក្ស​