កុងតឺន័រ​បើក​បុក​កិន​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​នៅនឹងកន្លែង ហើយ​រថយន្ដ​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​

837
ចែករម្លែក
  • 163
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង បែកក្បាល​ខ្ទេច បន្ទាប់ពី​រថយន្ត​កុងតឺន័រ ដឹក​ដែក​បើក​បោះពួយ​ល្បឿន​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​រងគ្រោះ ហើយ​រថយន្ត​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​ផ្ងារជើង ធ្លាក់​ដែក​រាយប៉ាយ​។ ហេតុការណ៍​ខាងលើ​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​

ស្ត្រី​រងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស្លាប់​ភ្លាមៗ​នៅ​កន្លែង ដោយ​បែកក្បាល​ខ្ទេច​។ ចំណែក​រថយន្ត​បង្ក ប្រភេទ​កុងតឺន័រ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ដឹក​ដែក​ពេញ​រថយន្ត​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដល់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្ត​បង្ក បើក​បោះពួយ​ល្បឿន​លឿន ពី​កើ​តទៅ​លិច​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ ហើយ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ក្រឡាប់​ធ្លាក់​ចេញ​ដែក​រាយប៉ាយ ។​

​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ដែរ​ថា ព័ត៌មាន​បឋម និង​ឃើញជាក់ស្តែង ស្ត្រី​ម្នាក់​ស្លាប់​នៅ​កន្លែង ហើយ​មិនដឹងថា នៅក្រោម​រថយន្ត ក្រោម​គំនរ​ដែក មាន​ជនរងគ្រោះ​ទៀត​ឬ​យ៉ាងណា ខណៈដែល រថយន្ត​ដែក មិនទាន់​ស្ទូច​លើក​ចេញ​នៅឡើយ​៕ ល​