កុងតឺន័រ​២​គ្រឿង​បើក​ប្រណាំង​គ្នា មួយគ្រឿង​កៀរ​ម៉ូតូ​ផ្លោង​ទៅ​ផ្ទប់​ជាមួយ​កុងតឺន័រ​ម្ខាង​ទៀត​របួសធ្ងន់​

454
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ បន្ទាប់ពី​មាន​រថយន្ត​កុងតឺន័រ​ចំនួន​២​គ្រឿង សាក​កម្លាំង​បើក​ប្រជែង​ប្រ​ណាំ​គ្នា​លេង​តាម​ផ្លូវជាតិ ធ្វើ​ឲ្យ​កុង​តៃ​ន័​រ​មួយគ្រឿង​នៅ​ខាងស្តាំ កៀរ​ម៉ូតូ​សេ​១២៥ ផ្លោង​ទៅមុខ​កុងតឺន័រ នៅ​ខាងឆ្វេង បុក​ខ្ទេច​ម៉ូតូ បាក់​តួរ​ជា​ពីរ​កំណាត់ ហើយ​កុង​តៃ​ន័​រ ខាងស្តាំ​បន្ថែម​ល្បឿន​បើក​រត់គេច​ទៅ​បាត់ សល់​មួយគ្រឿង ពលរដ្ឋ​ឃ​ត់​បាន​ទាំង​អ្នកបើកបរ​។​

​ហេតុការណ៍ ជន​អ្នកបើកបរ យក​កុងតឺន័រ​បម​ក​ប្រណាំង​លេងសើច បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២៥​នាទី​យប់ ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​តាម​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា ដូចជា​ជ្រុល​ពេក​ហើយ ក្រុម​អ្នកបើករថយន្ត​កុង​តៃ​ន័​រ​២​គ្រឿង​ខាងលើ មុន​កើតហេតុ រថយន្ត​បង្ក​ទាំង​២​គ្រឿង បើក​ទន្ទឹមគ្នា​២ ប្រជែង​ប្រណាំង​គ្នា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ជើង​ទៅ​ត្បូង ដល់​ចំណុច​ខាងលើ​កុង​តៃ​ន័​រដែ​លបើក​នៅ​ខាងស្តាំ​ដៃ បាន​កៀរ​ម៉ូតូ​ជនរងគ្រោះ ម៉ាក​ហុងដា សេ​១២៥ សេរី​២០០៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពុងធំ 1A-5388 កំពុងបើក​ស្រប​ទិស ផ្លោង​ខ្ទាត​ទៅមុខ​កុង​តៃ​ន័​រ​ខាងឆ្វេង ទើប​កុង​តៃ​ន័​រដែ​លបើក​នៅ​ខាងឆ្វេង​នោះ ម៉ាក FREIGHTLINER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-9608 របស់​ក្រុមហ៊ុន STL អ្នកបើកបរ​ត្រូវបាន​ឃាត់ខ្លួន​។​

​ករណី​រថយន្ត​កុងតឺន័រ​២​គ្រឿង​បើក​ប្រណាំង​គ្នា បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ បុរស​ម្នាក់ ជា​អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់ធ្ងរ ហើយ​ពិនិត្យមើល​ឯកសារ សៀវភៅ​គ្រួសារ ជាប់​តាម​ម៉ូតូ ឃើញ​មានឈ្មោះ ព្រំ ប៊ុនថន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ កុក ស៊ី​ណេង អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បូ​ពឹង ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​គ្លីនិក​ឯកជន រស្មី ដឹក​យកទៅ ចំណែក​រថយន្ត​បង្ក ម៉ូតូ និង​អ្នកបើកបរ​រថយន្ត​ម្នាក់​ផង ត្រូវបាន​ប្រគល់​ឲ្យ​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ស្នងការ​ក្រុងភ្នំពេញ​៕ ល​