កុបកម្ម​ឡោមព័ទ្ធ​ក្រុងប៉ារីស នៅ​នៅពេល​កំហឹង​កើនឡើង​ដោយសារ​ដំឡើង​ពន្ធ​ប្រេង​

1646
ចែករម្លែក

សម្លេងរថពាសដែកនិងសូរគ្រាប់បែកផ្សែងបានលាន់ឮពេញកណ្តាលក្រុងប៉ារីសកាលពីថ្ងៃសៅរិ៍ នៅពេលប៉ូលិសបារំាងព្យាយាមទប់ទល់នឹងពួកបាតុករអាវកាក់ពណ៌លឿងរាប់ពាន់នាក់ ដែលបញ្ចេញកំហឹងប្រឆាំងរដ្ឋាភិបាលនៅក្នុងចលនាមួយដែលកាន់តែហិង្សាឡើង។

រនាំងដែកត្រូវបានដាក់ជុំវិញវិមានប្រធានាធិបតី អេលីហ្សេ នៅពេលប៉ូលិសដាក់រថយន្តនិងបន្ថែមរបាំងដែកនៅទូទាំងតំបន់នេះ។

នៅហាងទំនិញតាមមហាវិថីChamps-Elysees Avenue និង Avenue Montaigne ពួកអ្នកប្រឆាំងតវ៉ាបានគាស់ចេញកំណាត់ឈើដែលវាយបាំងបង្អួចទ្វារនិងចោលដុំភ្លើងព្រមទាំងវត្ថុផ្សេងៗខណៈពេលប៉ូលិសរុញច្រានពួកគេអោយថយក្រោយដោយប្រើឧស្ម័នហៀរទឹកភ្នែកនិងការបាញ់ទឹក។

ប៉ូលិសនិងអ្នកប្រឆាំងតវ៉ាក៏បានប៉ះទង្គិចគ្នានៅក្រុងម៉ាសី ទូលូសនិងប័រដូ ព្រមទាំងនៅប្រទេសបែលហ្សិចនិងហូឡង់ក្បែរខាង។អ្នកតវ៉ាប្រឆាំងខ្លះសំដៅព្រំដែនបារាំងនិងអ៊ីតាលីដោយបង្កការកកស្ទះចរាចរណ៍យ៉ាងធំនៅជិតទីប្រជុំជនហ្សង់ទីមីល។

សូមបញ្ជាក់ថា ប៉ូលិសបារាំងមានផែនការរារាំងកុំអោយកើតមានហេតុការណ៍ដូចកាលពីថ្ងៃ០២ធ្នូឡើងវិញ ដែលពេលនោះកុបកម្មបានបំផ្លាញវិមានអាកដឺស្យុម បំផ្លិចបំផ្លាញកណ្តាលក្រុងប៉ារីសនិងធ្វើអោយខូចឈ្មោះរបស់ប្រទេស។

ពីដំបូងពួកអ្នកប្រឆាំងតវ៉ា ភាគច្រើនជាអ្នកបើកបរនាំគ្នាប្រឆាំងនឹងការដំឡើងពន្ធប្រេងរបស់ប្រធានាធិបតីអេមម៉ានុយអែល ម៉ាក្រុង តែវាកាន់តែមានការចូលរួមច្រើនឡើងមកពីមជ្ឈដ្ឋានសង្គមនានាដែលមិនពេញចិត្តនឹងគោលនយោបាយរបស់រដ្ឋាភិបាលហើយការទាមទារបានទៅហួសពីការបញ្ឈប់ការដំឡើងពន្ធប្រេង។

កាលពីថ្ងៃសៅរិ៍ ការជួបជុំតវ៉ាហាក់មានសភាពស្ងប់ស្ងាត់នៅពេលព្រឹកតែពេលល្ងាចមហាវិថីChamps-Elyseesពោរពេញដោយផ្សែង។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាននិយាយថាមនុស្ស១៣៥នាក់បានរងរបួសនិង៩៧៤នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស។នៅក្រុងប៉ារីស មនុស្ស៧១នាក់រងរបួសក្នុងនោះមានប៉ូលិស៧នាក់៕ដោយ៖វាសនា

មនុស្សប្រមាណ១២៥.០០០នាក់ចេញមកតវ៉ានៅទូទាំងប្រទេសបារាំងកាលពីថ្ងៃសៅរិ៍ ក្នុងនោះប្រមាណ ១០.០០០នាក់នៅក្រុងប៉ារីស។អាជ្ញាធរបារាំងដាក់កម្លាំង៨ពាន់នាក់នៅក្នុងក្រុងប៉ារីសតែមួយ