កុមារកំព្រា​ជាង​១០០​នាក់​សប្បាយចិត្ត​យ៉ាងខ្លាំង​នៅពេល​លេង​បាល់​ជាមួយ​កីឡាករ​ល្បីៗ​នៃ​ក្លឹប​វិសាខា​

1217
ចែករម្លែក

​ដោយ : បូ​រិ​ន​/ភ្នំពេញ​ : កាលពី​រសៀល​ថ្ងៃ​២៧ ខែសីហា ឆ្នាំ​២០១៨ កុមារកំព្រា​ជាង​១០០​នាក់​ក្នុង​ខេត្តបាត់ដំបង​សប្បាយចិត្ត​យ៉ាងខ្លាំង​ នៅពេល​លេង​បាល់​ជាមួយ​កីឡាករ​ល្បីៗ​នៃ​ក្លឹប​វិសាខា​ នៅ​ទីលាន​សាកលវិទ្យាល័យ​បាត់ដំបង​។​

​លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​ខេត្តព្រៃវែង​, បាត់ដំបង និង បន្ទាយមានជ័យ និង ជា​ប្រធាន​ក្លិប​វិសាខា​, លោក ស រដ្ឋា ប្រធាន ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង​, លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​ថ្នាក់ដឹកនាំ​ជាច្រើន​ទៀត បាន​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​សប្បុរសធម៌​ស្ដីពី​កីឡាបាល់ទាត់ ដោយមាន​កុមារកំព្រា​ទាំងប្រុស​ទាំងស្រី​ប្រមាណ​១៣៣​នាក់​បាន​ចូលរួម​ទទួលយក​បទពិសោធ​បាល់ទាត់​ពី​កីឡាករ​ក្លិប​វិសាខា​។​

​លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ក្លិប​វិសាខា លើកឡើងថា នេះ​ជា​លើក​ទី​១​ដែល​ក្លិប​របស់លោក​បាន​ឈាន​ជើង​មក​ធ្វើ​កម្មវិធី​សប្បុរសធម៌​ស្ដីពី​កីឡាបាល់ទាត់​នៅ​ខេត្តបាត់ដំបង ដោយមាន​បំណង​ចង់​ពង្រីក ប្រជាប្រិយភាព និង ចូលរួម​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​, ការងារ​សង្គម ចែករំលែក​បទពិសោធ និង ផ្ដល់​ក្ដីសប្បាយ​រីករាយ​ដល់​កុមារ​ចូលរួម​ទាំងអស់​។​

​លោក ស រដ្ឋា ប្រធាន ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង ឲ្យ​ដឹងថា កម្មវិធី​នេះ​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តបាត់ដំបង និង ក្លិប​វិសាខា ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​។​សមាជិក​ក្លិប​វិសាខា បានផ្ដល់​មេរៀន​បាល់ទាត់​សប្បាយៗ ហើយ​ថ្នាក់ដឹកនាំ​ចូលរួម​ក៏បាន​ចែក​សម្ភារៈ​កីឡា​ដល់​កុមារ កុមារី ទាំងអស់​ផងដែរ​។​

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ​នៅ​រដូវ​កាល​២០១៨​ដែល​ក្លិប​វិសាខា​បានរៀបចំ​កម្មវិធី​សប្បុរសធម៌​ស្ដីពី​កីឡាបាល់ទាត់​នេះ​ឡើង បន្ទាប់ពី​បានរៀបចំ​នៅ​ខេត្តព្រៃវែង​ចំនួន​២​លើក​អំឡុង​ខែមេសា និង កក្កដា​៕​B

#