កុមារា​ជនជាតិភាគតិច​២រូប​មាន​ជំងឺ​បេះដូង​ចំហ បាន​ព្យាបាល​ជា​នៅ​ប្រទេស​ចិន​

216
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​-​ភ្នំពេញ​÷ នា​ថ្ងៃទី​៩​ខែសីហា ឆ្នាំ​២០១៩ នៅ​ព្រលានយន្ត ហោះ​អន្តរជាតិ លោក​បណ្ឌិត ជា មុនី​ឫទ្ធិ ប្រធាន​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន​ ដែល​បាន​នាំ​កុមារា​ចំនួន​២​រូប​ត្រឡប់​មកពី​ព្យាបាល​នៅ​ប្រទេស​ចិន​វិញ។

​ លោក​បណ្ឌិត ជា មុនី​ឫទ្ បាន​បញ្ជាក់ថា កុមារា​ទាំងពីរ​ (ទី១ឈ្មោះ​​ព្លុ​យ ដេ​ត ដែល​ជាន​ជនជាតិភាគតិច​ទំពួន និង​ទី២ឈ្មោះ ទូ តង​)នេះ​មាន​ស្រុកកំណើត​នៅ​ខេត្តរតនគិរី បន្ទាប់ពី​ត្រូវបាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា​-​ចិន​រកឃើញថា​មាន​ជំងឺ​បេះដូង​ចំហ​កាលពី​ថ្ងៃ​២២ ខែមិថុនា ឆ្នាំ​២០១៩ ទើប​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ កុមារា​ទាំងពីរ​ត្រូវបាន​សមាគម​បញ្ជូនទៅ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​ប្រទេស​ចិន​ក្រោម​ការឧបត្ថម្ភ​ពី​អង្គការ​YUNDI និង​មន្ទីរពេទ្យ​បេះដូង​FUWAI​ខេត្ត​យូ​ណាន​​​​​ ព្យា​បាល​ជា ហើយ​បាន​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​ប្រកបដោយ​សុវត្ថិភាព​។

លោក ម៉ាន ព្លុ​យ ជនជាតិ​ទំពួន ដែល​ត្រូវជា​ឳ​ពុក​របស់​កុមារ ព្លុ​យ ដេ​ត បាន​ថ្លែង​ដោយ​ក្តីរំភើប​ឥតឧបមា​ថា គ្មាន​សេចក្តី​រីករាយ​ណា​ដែលមាន​ទំហំ​ស្មើនឹង​ភាព​រីករាយ​ដែល​ឃើញ​កូន​របស់ខ្លួន​បានជា​សះស្បើយ​ពី​ជំងឺ​បេះដូង​ចំហ​នេះ​។ លោក​ស្ទើរ​គ្មាន​ពាក្យពេចន៍​អ្វី​ថ្លែង​ពី​ការដឹងគុណ​ដល់​មន្ទីរ​ពេទ្យ​បេះដូង​FUWAI លោក LUO ZHI ប្រធាន​អង្គការ​YUNDI និង​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន​។ រយៈពេល​២១​ថ្ងៃ​ដែល​លោក​បាន​ស្នាក់នៅ​ប្រទេស​ចិន ជា​ពេលវេលា​ដ៏​មាន​សុភមង្គល និង​អារម្មណ៍​រីករាយ​ជាទីបំផុត ហើយ​លោក​បាន​ចងចាំ​ទុក​នៅក្នុង​ក្រអៅបេះដូង​ជា​រៀងរហូត​។

ថ្លែង​ដោយ​ឥត​លាក់លៀម លោកស្រី ពេជ្រ ច​ន្ធី ដែល​ត្រូវជា​ជីដូន​របស់​កុមារា ទូ តង បាន​ជម្រាប​ថា ជាង​ពេលណាៗ​ទាំងអស់​ក្នុង​ឆាកជីវិត​របស់​អ៊ំស្រី ដែល​ក្នុងសម័យ​តេ​ជោ​នេះ ចៅ​របស់​អ៊ំស្រី​មាន​ជំងឺ​បេះដូង​ចំហ​ដែល​ត្រូវ​ចំណាយ​ថវិកា​យ៉ាងច្រើន​ក្នុងការ​ព្យាបាល តែ​បែរជា​ទទួលបាន​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ។ លើសពីនេះ​អ៊ំស្រី​និង​ចៅ​ទទួលបាន​ការពិនិត្យ​ជំងឺ លិខិតឆ្លងដែន ទិដ្ឋាការ សំបុត្រ​យន្តហោះ ការវះកាត់ ការព្យាបាល ការ​ស្នាក់នៅ​ទាំង​នៅ​ភ្នំពេញ ទាំង​នៅ​ប្រទេស​ចិន ទាំង​មុន និង​ទាំង​ក្រោយពេល​វះកាត់​និង​ព្យាបាល​ជំងឺ រហូត​វិល​ត្រឡប់មក​មាតុភូមិ​វិញ ទាំង​ចៅ​មាន​សុខ​ភាពល្អ​បរិបូរណ៍ គឺ​អ៊ំ​ស្រី​មិនបាន​ចំណាយ​ថវិកា​សូម្បីតែ​បន្តិច​សោះឡើយ​។

កាយវិការ​ប្រកបដោយ​មនុស្សធម៌​នៅ​កម្ពុជា​របស់​អង្គការ​YUNDI​ដែលជា​សង្គម​ស៊ីវិល​មួយ​របស់​ប្រទេស​ចិន​ពិតជា​ឆ្លើយតបបាន​ទៅនឹង​តម្រូវការ​ជាក់ស្តែង​នៅ​នឹង​មូលដ្ឋាន​របស់​ប្រជាជន ហើយ​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ដល់​ប្រជាជន​កម្ពុជា​តាមរយៈ​ការពិនិត្យ ការព្យាបាល និង​ការវះកាត់​ជំងឺ​បេះដូង​ចំហ​ដល់​កុមារ​កម្ពុជា​ដែលមាន​អាយុ​ក្រោម​១៤​ឆ្នាំ​ដោយ​ឥតគិតថ្លៃ​។

រយៈពេល​៣​សប្តាហ៍​ក្នុងពេល​ថែទាំ​ចៅប្រុស​របស់ខ្លួន​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បេះដូង​FUWAI​ខេត្ត​យូ​ណាន អ៊ំ​ស្រី​បាន​ថ្លែងថា ជំនួយ​សព្វបែបយ៉ាងរ​បស់​មិត្ត​ចិន​បាន​ចូលក្នុង​ក្រអៅបេះដូង​របស់​អ៊ំស្រី​។ អ៊ំស្រី​បាន​ប្រៀបធៀប​ការជួយ​របស់​អង្គការ​YUNDI ដូច​ទៅនឹង​ការជួយ​ដល់​បក្សី​ដែល​ទន់ខ្សោយ​ឱ្យមាន​កម្លាំង​ចេះ​ហោះហើរ​បាន​យ៉ាង​ឆ្ងាយ និង​យល់ដឹង​កាន់តែច្រើន​ពី​ពិភពលោក​។

គួរ​បញ្ជាក់ថា នេះ​ជា​កុមារ​ទី​៣៥​និង​ទី​៣៦​ដែល​ត្រឡប់​មកដល់​មាតុភូមិ​វិញ​ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍​ក្រោយពី​ទទួលបាន​ការវះកាត់​និង​ព្យាបាល​ជំងឺ​បេះដូង​ដោយ​ឥតគិតថ្លៃ​ពី​មន្ទីរពេទ្យ​បេះដូង​FUWAI​ខេត្ត​យូ​ណាន​តាមរយៈ​អង្គការ​YUNDI និង​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន​៕Ha