កុមារា​ម្នាក់​លង់ទឹក​អាង​ក្នុង​បន្ទប់ទឹក​ស្លាប់ ដោយសារ​ជីដូន​រវល់​ដាំបាយ​

667

កុមារា​ម្នាក់​អាយុ​១​ឆ្នាំកន្លះ ទើប​ចេះ​ដើរ​តេះតះ​គួរ​ឲ្យ​ស្រឡាញ់ បាន​លង់ទឹក​អាង​ក្នុង​បន្ទប់ទឹក បណ្តាល​ឲ្យ​ស្លាប់ ដោយសារ​ម្តាយ​ឪពុក​មាន​ជីវភាព​ក្រីក្រ នាំគ្នា​ទៅធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ ទុក​ឲ្យ​ជីដូន​ជា​អ្នកមើល​ហើយ​គាត់​រវល់​ដាំបាយ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ជាង​៦​ល្ងាច ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១ នៅ​ក្រុមទី​១៣ ភូមិ​កា​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្ត​បាត​ដំបង​។

​លោក សោម រ៉ាវុធ មន្ត្រី​អាវុធហត្ថ​ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ដែល​លង់ទឹក​អាង​ស្លាប់​មានឈ្មោះ ភ័​ណ្ឌ រ៉ា​យុ អាយុ​១​ឆ្នាំ​៦​ខែ ដោយ​ឪពុកម្តាយ​ក្មេង​លង់ទឹក​ទៅធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ ទុក​កូន​នៅ​ជាមួយ​តា​និង​យាយ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។

​លោក សោម រ៉ាវុធ បាន​បន្តថា មូលហេតុ​ដែល​នាំ​ឲ្យ​កុមារា​លង់ទឹក​ស្លាប់ ដោយសារតែ​យាយ​រវល់​ដាំបាយ​ទុក​ឲ្យ​នៅ​ម្នាក់ឯង ហើយ​ចៅ​នោះ​ដើរទៅ​ក្នុង​បន្ទប់ទឹក​។ ដោយ​បាត់​ចៅ​យូរ ក៏​ដើររក​ហើយ​ប្រទះឃើញ​ចៅ​លង់ទឹក​អាង បណ្តាល​ស្លាប់​តែម្តង​។​

​ក្រោយ​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ៖ គ្រញូង

សព​កុមារា និង​អាង​ក្នុង​បន្ទប់ទឹក (​រូប​៖ គ្រញូង​)