កុមារី​ម្នាក់​កើត​ជំងឺ​ដ៏​ចម្លែក​យំ​ចេញ​ទឹកភ្នែក​ឈាម

1179
ចែករម្លែក

​ក្មេងស្រី​ម្នាក់​បានធ្វើឱ្យ​ក្រុម​វេជ្ជបណ្ឌិត​ពេញ​ប្រទេស​ឥណ្ឌា​គាំង​យោបល់​គ្រប់គ្នា​ចំពោះ​ជំងឺ​ដ៏​អាថ៌កំបាំង​ដែល​ធ្វើឱ្យ​នាង​យំ​ចេញ​ទឹកភ្នែក​ឈាម​។​

​កុមារី អាហា​ណា អា​ហ្វ​ហ្សា​ល (AhanaAfzal) អាយុ​៣​ឆ្នាំ​បានចាប់ផ្តើម​ចេញឈាម​តាម​ច្រមុះ កាលពី​២​ឆ្នាំ មុន​អំឡុងពេល​នាង​កើត​ជំងឺ​ហើម​សួត​ហើយ​ក្រុមគ្រូពេទ្យ​បាន សន្និដ្ឋានថា​វា​បណ្តាល មកពី​នាង​ក្តៅខ្លួន​ខ្លាំងពេក​។​

​ប៉ុន្តែ​ពេលនេះ​ក្មេងស្រី​ដ៏​គួរឱ្យ​អាណិត​នេះ​បានចាប់ផ្តើម​ចេញឈាម​តាម​មាត់ ត្រចៀក និង​ភ្នែក​ស្ទើរ​រាល់ថ្ងៃ​គួរឱ្យ​ស្លុត​ទោះបីជា​គ្មាន​ស្នាម​ដាច់​រយៈ​ក្តី​
​បណ្តាលឱ្យ​នាង​អស់កម្លាំង​ល្ហិតល្ហៃ​និង​កើតរោគ​ប្រកាំង ។​

​ម្តាយ​របស់​នាង​ឈ្មោះ ណា​ហ្ស៊ី​ម៉ា បេ​ហ្គុ​ម (Nazima Begum) អាយុ​២៨​ឆ្នាំ​និង​ឪពុក​ឈ្មោះ ម៉ូ​ហា​មេ​ដ អា​ហ្វ​ហ្សា​ល (Mohammed Afzal)​អាយុ​៣៣​ឆ្នាំ​បាន​ចំណាយ​ប្រាក់ លើ​ការធ្វើ​តេស្ត​វេជ្ជ​
​សាស្ត្រ​ជាច្រើន​ប៉ុន្តែ​មិនទាន់មាន​ការធ្វើ​រោគវិនិច្ឆ័យ​ផ្លូវការ​នៅឡើយ​ទេ​។ ក្រុមគ្រូពេទ្យ​សង្ស័យថា នាង​ប្រហែល​ជាមាន​ជំងឺ​ដ៏​ចម្លែក​ម្យ៉ាង​ឱ្យ​ឈ្មោះថា hematodrosis ដែល​ធ្វើឱ្យ​អ្នក​កើត​ជំងឺ​នេះ បែកញើស​ចេញឈាម​។​

​អ្នកស្រី ណា​ហ្ស៊ី​ម៉ា បេ​ហ្គុ​ម​ដែល​មកពី​ទីក្រុង​ហ៊ី​ដេ​រ៉ា​បាដ (Hyderabad) រដ្ឋ​តេ​ឡាន​ហ្គា​ណា (Telangana)​ប្រទេស​ឥណ្ឌា​និយាយ​ទាំង​ក្តុកក្តួល​ថា “​កូន​ខ្ញុំ​សួរ​ខ្ញុំ​ថា​ហេតុ​អី​បានជា​នាង​ចេះតែ ចេញឈាម​តាម​ត្រចៀក​មិន​ឈប់​។ ខ្ញុំ​មិនដឹងថា​ត្រូវ​ឆ្លើយ​សំណួរ​នេះ​ដោយ​របៀប​ណា​ទេ​។ ខ្ញុំ​មិនដឹង​ទេ ទាក់ទិន​ជំងឺ​របស់​នាង​អ្វីដែល​ខ្ញុំ​ដឹង​គឺ​រាល់ពេល​នាង​ចេញឈាម​កម្រិត​កោសិកា​ឈាមក្រហម​របស់​នាង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ហើយ​យើង​ត្រូវ​បញ្ចូល​ឈាម​ឱ្យ​នាង​”​។​

​ចំណែកឯ​ឪពុក​របស់​នាង​ដែលជា​គ្រូ​បង្ហាត់កីឡា​និយាយថា​កូនស្រី​របស់គាត់​ធ្លាប់តែ​រីករាយ​និង​ក្លៀវក្លា​ប៉ុន្តែ​ឥឡូវ​ដោយសារតែ​ជំងឺ​ដ៏​ចម្លែក​នេះ​បានធ្វើឱ្យ​នាង​អស់កម្លាំង​ល្ហិតល្ហៃ​។ នាង​ធ្លាប់តែ​ទៅ​រៀន​នៅ សា​លាម​ត្តេ​យ្យ​ប៉ុន្តែ​កាលពី​២​ខែ​មុន​នាង​ត្រូវ​បង្ខំចិត្ត​នៅផ្ទះ​ដោយសារតែ​ជំងឺ​នេះ​។ ទោះបីជា​រកប្រាក់ ចំណូល​បាន​តិចតួច​ត្រឹមតែ​៩០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ក្តី​ក៏​គ្រួសារ​នេះ​សុខចិត្ត​ចំណាយ​ប្រាក់​ដល់​ទៅ​ជាង​២.០០០​ដុល្លារ​ទៅលើ​ការធ្វើ​តេស្ត​វេជ្ជសាស្ត្រដោយ​សង្ឃឹមថានឹង​ទទួលបាន​ការធ្វើ​រោគវិនិច្ឆ័យ​និង​ការព្យាបាល​សម្រាប់​កូនស្រី​ជាទី​ស្រឡាញ់​របស់ខ្លួន​។​

​ក្រុមគ្រូពេទ្យ​និយាយថា​ពួកគេ​ត្រូវ​ធ្វើតេស្ត​វេជ្ជសាស្ត្រ​បន្ថែមទៀត​លើ​ករណី​កុមារី​នេះហើយ​ការចំណាយ​បន្ថែម​អស់​ជាង​២.៣០០​ដុល្លារ​៕ ប្រែ​សម្រួលៈ ខុម