កុមារី​សិស្សសាលា​អាយុ​១២​ឆ្នាំ មាន​បញ្ហា​ស្នេហា​ចងក​សម្លាប់ខ្លួន នៅ​ក្រុង​សិរីសោភ័ណ​

454

(​បន្ទាយមានជ័យ​) : កុមារី​សិស្សសាលា​ម្នាក់​បាន​ស្រឡាញ់​បុរស​ម្នាក់​ងប់​ស្លុង​ពេក ត្រូវ​ឪពុក​នាង​ស្តី និង​វាយ​អប់រំ​ប្រដៅ​ណែនាំ​ខ្លះ បង្ក​ឲ្យ​នាង​ចិត្ត​ស្រាល​ខឹង ហើយ​រត់​ទៅប្រាប់​សង្សារ​ឲ្យ​យក​ថ្នាំ​មក​លេប​សម្លាប់ខ្លួន​។ ចំណែក​ខ្លួន​នាង​ក៏​ចងក សម្លាប់ខ្លួន​តាម​ក្រោយ​ដែរ​។​

​សោកសង្រេង​វិបត្តិ​ស្នេហា​នោះ កើតឡើង​នៅ​ម៉ោង​៣​រសៀល ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ជិត​បន្ទប់​ផ្ទះជួល​ខាង​ស្រី ស្ថិតក្នុង​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា កុមារី​ជនរងគ្រោះ​មានឈ្មោះ សែម សុធា​រ៉ា ហៅ​និ​ត ស្រី អាយុ ១២​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៧ អនុវិទ្យាល័យ​សិរីសោភ័ណ​។ នាង​មាន​ឪពុក​ឈ្មោះ​សែ មហា អាយុ​៣៧ ឆ្នាំ ជា​អ្នករត់​តាក់ស៊ី និង​ម្តាយ​ឈ្មោះ គឹម សុ​ផានី អាយុ​៣៧​ឆ្នាំ ជា អ្នកលក់​បាយ នៅ​បេនឡាន​មាន​លំនៅ​ភូមិ​ខាងលើ​។ ចំណែក​យុវជន​ជាស​ង្សា​មានឈ្មោះ រឿន សីហា អាយុ​២០ ឆ្នាំ រស់នៅ​ជិត​ផ្ទះ​រង​គ្រោះជា​ក្មេង​កំព្រា​រស់នៅក្នុង​បន្ទុក​ប​ង​។​

​យោង​ឪពុកម្តាយ​ជនរងគ្រោះ​ឲ្យ​ដឹងថា ពួកខ្លួន​បានមក​ជួល​បន្ទប់​នៅទីនេះ​ជាង​៣​ខែ​កន្លងមកហើយ​។ តែ​មិន​ចាប់អារម្មណ៍​ថា កុមារី​រងគ្រោះ និង​សង្សារ​របស់​នាង​បាន​ស្រឡាញ់គ្នា​បាន​ប៉ុន្មាន​ខែ​មក​នោះទេ​? ប៉ុន្តែ​ឪពុកម្តាយ​កុមារី​រងគ្រោះ​ខឹងសម្បារ​ពេល​ឧស្សាហ៍​ឃើញ​កូនស្រី​គាត់ ទៅ​ប្រឡែង​លេង​ជាមួយ​យុវជន​នោះ ជា​ញឹកញយ ខណៈ​នាង​ចេញពី​សាលា ឬ​ស្នាក់នៅ​បន្ទប់​ដែល​ឥរិយាបថ​នេះ វា​ខុសឆ្គង​ណាស់ ព្រោះ​ក្មេងស្រី​ក៏មាន​រូបរាង​ធំ​ដូច​នារី​ក្រមុំ​ដែរ​ហើយ​។​

​ឪពុកម្តាយ​នាង​បាន​ស្តីបន្ទោស​ជា​ហូរហែ ហើយ​នាង​នៅតែ​មិន​ស្តាប់ មិន​កែ​ទើប​នៅមុន​កើតហេតុ ឪពុក​បាន​ស្តី និង​វាយ​ប្រដៅ​ចាស់ដៃ​បន្តិច​។​

​កូនស្រី​នេះ​ខឹង ហើយ​ហៅ​យុវជន​ជា​សង្សារ​មកជួប ហើយ​ឲ្យ​ទិញ​ថ្នាំលេប​សម្លាប់ខ្លួន នៅ​រសៀល​ថ្ងៃទី​៧ ធ្នូ ហើយ​ល្ងាច​នោះ នាង​ក៏​ធ្វើអត្តឃាត​ដោយ​ចងក​ដែរ​។​

​សមត្ថកិច្ច​បន្តថា ប៉ុន្តែ​ករណីនេះ តួអង្គ​សង្សារ​ប្រុស​ដែល​ពុល​បែកពពុះមាត់ ត្រូវបាន​ក្រុមគ្រួសារ និង​គ្រូពេទ្យ​សង្គ្រោះបាន​វិញ​។ ប៉ុន្តែ​តួអង្គ​សង្សារ​ស្រី ដែល​ចងក​បាន​ស្លាប់​៕L ដោយ​៖ ប​.​ជ័យ​