កុមារី​អភ័ព្វ​មាន​ជំងឺ​រមួល​ក​ក្បាល​ធ្លាក់​ជាប់​លើ​ស្មា ៩០ ដឺ​ក្រេ​គួរឱ្យ​ខ្លោចចិត្ត​

112
ចែករម្លែក

កុមារី​វ័យ ១១ ឆ្នាំ​ម្នាក់​កំពុងតែ​ទន្ទឹងរង់ចាំ​ការវះកាត់​កែប្រែ​ជីវិត​របស់​នាង​យ៉ាង​អន្ទះសា បន្ទាប់ពី​ជំងឺ​ដ៏​ចម្លែក​បានធ្វើឱ្យ​ក​របស់​នាង​រមួល​ធ្ងន់ធ្ងរ ក្បាល​ធ្លាក់​ជាប់​លើ​ស្មា​ក្នុង​កម្រិត ៩០ ដឺ​ក្រេ​គួរឱ្យ​ខ្លោចចិត្ត​។
​ ​
​គេ​ជឿថា កុមារី​អភ័ព្វ​ដែលមាន​ឈ្មោះ អា​ហ្វ​ស៊ីន គុម​បា (Afsheen Kumbar) បានកើត ជំងឺ​សាច់ដុំ​ម្យ៉ាង​ឱ្យ​ឈ្មោះថា torticollis ដែល​បណ្តាលឱ្យ​ក​របស់​នាង​រមួល​ខ្លាំង​បែបនេះ តាំងពី​នាង​មាន​អាយុ​ទើបតែ ៨ ខែ​។​
​ ​
​ដោយ​ងើប​ក្បាល​ត្រង់​មិនបាន កុមារី​រូបនេះ​ត្រូវ​រស់នៅ​ដោយ​ការឈឺចាប់​រហូតមក ដែល​ធ្វើឱ្យ​នាង​ពិបាក​បរិភោគ​ពិបាក​ប្រើប្រាស់​បង្គន់​និង​សូម្បី​ដើរ​ក៏​ពិបាក​។

​ជំងឺ​របស់​នាង​ក៏​ធ្វើឱ្យ​នាង​លែង​បាន​ទៅ​រៀន​ផងដែរ ដោយ​នាង​ត្រូវ​នៅតែ​ផ្ទះ​នៅ​មី​ស៊ី (Mithi) ស្រុក​ស៊ីន (Sindh) ប្រទេស​ប៉ា​គី​ស្ថាន ជា​ម្តាយ​ដែលមាន​ឈ្មោះ ចា​មី​ឡាន (Jameelan) វ័យ ៥២ ឆ្នាំ និង​បងប្រុស ម៉ូ​ហា​ម៉ាត់ យ៉ា​គូប គូ​ម៉ា (Mohammad Yaqoob Kumbar) វ័យ ២៧ ឆ្នាំ​។

​គ្រួសារ​ក្រីក្រ​របស់​នាង​គ្មាន​លទ្ធភាព​ចេញថ្លៃ​វះកាត់ ដើម្បី​ជួយ​ឱ្យ​នាង​ងើប​ក្បាល​រួច ដូច​គេឯង​ឡើយ បន្ទាប់ពី​ឪពុក​របស់​នាង​បាន​ចែក​ឋាន​ដោយ​ជំងឺមហារីក​កាលពី​ឆ្នាំមុន បង្ខំ​ឱ្យ​ពួកគេ​រស់​ដោយ​អាស្រ័យ​លើ​ប្រាក់ចំណូល​ដ៏​តិចតួច​ត្រឹមតែ ៧៤​ដុល្លារ​ក្នុង​មួយ ឆ្នាំ​របស់​អ្នកស្រី សាមី​ឡាន ពី​ការងារ​ជា​ស្ត្រី​ជំនួយការ​មេផ្ទះ​៕ ប្រែ​សម្រួលៈ​ខុម​