កុមារ​កម្ពុជា​៧​នាក់​ដែលមាន​ជំងឺ​បេះដូង​ពី​កំណើត​ទទួល​ការវះកាត់​ដោយ​ឥតគិតថ្លៃ​ពី​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់​

705
ចែករម្លែក

ដោយៈ សុផល / ភ្នំពេញ​: កុមារ​កម្ពុជា ចំនួន ៧ នាក់ នឹង​បានទទួល​ការវះកាត់​ព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត​ដោយ​ឥតគិតថ្លៃ​តាមរយៈ​គម្រោង​សប្បុរសធម៌​ព្យាបាល​ជំងឺ​បេះដូង​នៅ​កម្ពុជា​។​

​កាលពី​រសៀល​ថ្ងៃទី​១៧ ខែ សីហា​ឆ្នាំ​២០១៨​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត មូលនិធិ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់ និង​មន្ទីរពេទ្យ​អន្តរជាតិ បំ​រ៉ុង​រ៉ាត់ រួម​ជាមួយនឹង​ស្ថានទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​ព្រះរាជា​ណា​កម្ពុជា សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) មន្ទីរពេទ្យ​កាល់ម៉ែត និង​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ អ៊ែរ អេ​ស៊ា បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី គម្រោង​សប្បុរសធម៌​ព្យាបាល​ជំងឺ​បេះដូង​នៅ​កម្ពុជា ដែលជា​គម្រោង​មួយ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ប្រើប្រាស់​ជំនាញ​ឯកទេស និង​ធនធាន​ផ្ទាល់​របស់​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ ដើម្បី​ផ្តល់​ការវះកាត់​ព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ​ក្នុង​ប្រទេសជិតខាង​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ មូលនិធិ​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ និង​មន្ទីរពេទ្យ​អន្តរជាតិ បំ​រ៉ុង​រ៉ាត់ បាន​ពង្រីក​គម្រោង​សប្បុរសធម៌​មួយ​នេះ ដើម្បី​ជួយ​ដល់​កុមារ​នៅតាម​បណ្តា​ប្រទេសជិតខាង​ជាច្រើន​ដូចជា​៖ ប្រទេស មី​យ៉ាន់​ម៉ា និង​វៀតណាម​ជាដើម ហើយ​ឆ្នាំនេះ បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ តាំងពី​ឆ្នាំ​២០០៣ គម្រោង​មួយ​នេះ​បាន​ជួយ​ដល់​អ្នកជំងឺ​បាន​ជាង ៧៧៧​នាក់ មកហើយ នៅ​ប្រទេស​ថៃ ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ការព្យាបាល ហើយ​ធ្វើ​ឲ្យ​ពួកគេ​មានជីវិត​ស្រស់បំព្រង​ពោរពេញ​ទៅដោយ​ក្តីសង្ឃឹម​សារជាថ្មី​ឡើងវិញ​។​

ថ្លែង​ក្នុងឱកាស​នោះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា «​ជាច្រើន​ឆ្នាំ​កន្លងមកនេះ កម្ពុជា​បានប្រែក្លាយ ពី​ទឹកដី​មួយ​ដ៏​កំសត់ ពោរពេញ​ទៅដោយ​បញ្ហា និង​វិ​បត្ដ​ឲ្យ​ក្លាយទៅជា​ទឹកដី​មួយ​ដ៏​សម្បួរ​បែប ប្រកបដោយ​ភាព​រីកចម្រើន និង​មាន​សក្ដានុពល​លើ​គ្រប់​វិស័យ ក្រោម​ឥទ្ធិពល​នៃ​សុខសន្ដិភាព ដែល​បានផ្ដល់​លទ្ធភាព​ឲ្យ​រាជរដ្ឋាភិបាល សម្រេចបាន​នូវ​គោលដៅ​សមិទ្ធផល​ធំៗ ជាច្រើន​»​។​

​លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា ក្នុងនោះ​ផ្នែក​ដ៏​ធំ​មួយ នៃ​វិស័យ​សុខាភិបាល គឺ​តាមរយៈ​ការសម្រេច បាន​នូវ​គោលដៅ​កាត់បន្ថយ​អត្រា​មរណៈភាព ដែលជា​លទ្ធផល​ជាក់ស្ដែង អត្រា​មរណៈភាព​កុមារ​ពី ១២៤ ក្នុង ១,០០០​កំណើត​រស់នា​ឆ្នាំ​២០០០ មក​នៅត្រឹម​៤៥ នា​ឆ្នាំ​២០១០ និង អត្រា​មរណៈភាព​មាតា បាន​ធ្លាក់​ពី​៤៥០ នៅក្នុង​១​លាន​កំណើត នៅ​ឆ្នាំ​២០០០ មក​នៅត្រឹម​២០៦ នៅ​ឆ្នាំ​២០១០ និង​បាន​ថយចុះ​ជា​បន្ដបន្ទាប់​។​

​លោក​បាន​បន្ថែមថា ស្ថិតិ​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ដែល​បានទទួល សេវា​សុខាភិបាល (​ពិនិត្យ និង​ព្យាបាល​ជំងឺ​) នៅតាម​មូលដ្ឋាន​សុខ​ភិ​បាល​សាធារណៈ​របស់​រដ្ឋ មាន​ចំនួន​ជាង​១០​លាន​ករណី ហើយ​អត្រា​ស្លាប់ មាន​ចំនួន ទាប ឬ ថយចុះ ០,៨៥% ដែល​នេះ​បានបង្ហាញ​ពី​កំណើន នៃ​ការប្រើប្រាស់​សេវា​សុខាភិបាល​រដ្ឋ និង​ភាព​កាន់តែ​ប្រសើរឡើង​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​។ លើសពីនេះ ប្រេ​វ៉ាឡង់​នៃ​គ្រប់​ទម្រង់​ជំងឺឆ្លង ជាច្រើន​ទៀត ក៏ត្រូវ​បាន​កាត់ បន្ថយ​គួរ​ឲ្យ​កត់សម្គាល់​។​

​ជាមួយគ្នា​នោះ លោក ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា​៖ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​មួយចំនួន ដើម្បី​បង្កើន​ការគិតគូរ និង​យក​ចិ​ត្ដ​ទុកដាក់ ចំពោះ​សុខមាលភាព​ប្រជាពលរដ្ឋ នៅ​ទូទាំង ប្រទេស និង​ការជំរុញ​លើកទឹកចិត្ត ឲ្យ​មានការ​ចូលរួម​របស់​វិស័យ​ឯកជន អង្គការ​សមាគម​នានា តាមរយៈ​កម្មវិធី និង​សកម្មភាព​មនុស្សធម៌​ផ្សេងៗ ដើម្បី​ផ្ដល់​សេវា​ថែទាំ​សុខភាព ឲ្យ​បាន​កាន់តែ​ទូលំទូលាយ និង​ការចុះពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ទូទាំងប្រទេស​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​លោក​បានលើកឡើង​ផងដែរ​ថា គម្រោង​សប្បុរសធម៌ ព្យាបាល​ជំងឺ​បេះដូង​នៅ​កម្ពុជា តាមរយៈ​មូលនិធិ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់ និង​មន្ទីរពេទ្យ​អន្ដរជាតិ បំ​រ៉ុង​រ៉ាត់ គឺជា​ការចូលរួមចំណែក​ដ៏​ធំធេង​មួយ​ផងដែរ ទោះបីជា​យើង​នៅ​ប្រទេស​ខុសគ្នា​ក្ដី ប៉ុន្ដែ​ទិសដៅ​រួម​របស់​យើង គឺ​ជួយ​ប្រជាពលរដ្ឋ ដែលមាន​ការលំបាក​។​

​លោកស្រី​ណា​ប៉ាស ប៉ាវ​រ៉ូ​ហី​តា​យ៉ា​( Napas Paorohitaya) តំណាង​មូលនិធិ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់ និង​ជានា​យក​ផ្នែក​ទីផ្សារ​នៃ​មន្ទីរពេទ្យ​អន្តរជាតិ បំ​រ៉ុង​រ៉ាត់ បាន​លើកឡើងថា «​គម្រោង​ដែល​ផ្តល់​ការវះកាត់​បេះដូង​សម្រាប់​កុមារ​ដែលមាន​ជំងឺ​សរសៃឈាម​បេះដូង​ពី​កំណើត ត្រូវបាន​ផ្តួចផ្តើមឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​កុមារ និង​ត្រូវការ​ការវះកាត់​បេះដូង​ពិតប្រាកដ បើ​មិន​ដូច្នេះ​ទេ​ពួកគេ​នឹង​ប្រឈម​នឹង​ការស្លាប់​មុន​អាយុ​ឬ​ការលូតលាស់​មិន​ប្រក្រតី​។​ការវះកាត់​បេះដូង​គឺជា​ការងារ​ដ៏​ចាំបាច់​និង​ស្មុគស្មាញ​ដែល​តម្រូវឱ្យមាន​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ខ្ពស់ និង​អ្នកឯកទេស​ខាង​វេជ្ជសាស្ត្រ​ដែលមាន​បទពិសោធន៍​។ លើសពីនេះ​ទៀត ការវះកាត់​មានតម្លៃ​ខ្ពស់ ជាពិសេស​សម្រាប់​អ្នកជំងឺ​ដែល​ត្រូវការ​ជំនួយ​។ នេះ​ជា​មូល​ហេតុដែល​មូលនិធិ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធានាបាន​ថា កុមារ​ត្រូវបាន​ព្យាបាល​ទាន់ពេលវេលា​ដោយ​កាត់បន្ថយ​ផលវិបាក និង​អត្រា​មរណភាព​ស្រប​ពេលដែល​សុខភាព​របស់​កុមារ​ត្រូវបាន​លើកកម្ពស់​។​មូលនិធិ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់ និង​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់​បានដាក់​ដំណើរការ​គម្រោង​នេះ​ជា​បន្តបន្ទាប់​ដើម្បី​ជួយ​ដល់​ក្មេងៗ​តាំងពី​ឆ្នាំ ២០០៣ មកម្ល៉េះ​។ រហូតមកដល់​ពេលនេះ កុមារ​ដែលមាន​ជំងឺ​បេះដូង​ពី​កំណើត ៧៧៧ នាក់​នៅក្នុង​ប្រទេស​ថៃ បានទទួល​ការវះកាត់​បេះដូង​តាមរយៈ​គម្រោង​នេះ​។​

​ក្នុងអំឡុងពេល​ប្រាំ​ឆ្នាំ​កន្លងមកនេះ បន្ទាប់ពី​គម្រោង​នេះ​ត្រូវបាន​បង្កើតឡើងបាន​យ៉ាង​ល្អ​នៅក្នុង​ប្រទេស​ថៃ ជំនួយ​ត្រូវបាន​ពង្រីក​ដល់​បណ្តា​ប្រទេសជិតខាង​ដូចជា មី​យ៉ាន់​ម៉ា និង​វៀតណាម​។ ហើយ​នៅ​ឆ្នាំនេះ ក្នុងឱកាស​គម្រប់​ខួប 38 ឆ្នាំ​នៃ​ការបង្កើត​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់ យើង​បាន​ប្តេជ្ញា​បន្ត​ផ្តល់​ដំណោះស្រាយ​របស់​យើង​ដើម្បី​លើកកម្ពស់​សុខភាព​សាធារណៈ​។ ហើយ​ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​កក់ក្តៅ​រវាង​ថៃ និង​កម្ពុជា​តាមរយៈ​ក​ម្ម​វិធី​សុខភាព​សាធារណៈ យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ផ្តល់ជូន​ការវះកាត់​បេះដូង​ដល់​កុមារ​កម្ពុជា ចំនួន 5 នាក់​ដែលមាន​ជំងឺ​បេះដូង​ពី​កំណើត​ដើម្បី​វះកាត់​ព្យាបាល​នៅ​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ ក្នុងប្រទេស​ថៃ​។ ការវះកាត់​នេះ​នឹងត្រូវ​បានផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ​ដែល​អាចជួយ​សម្រួល​ដល់​ស្ថានភាព​លំបាក​របស់​មន្ទី​រ​ពេទ្យ​នៅ​កម្ពុជា​។​»

​លោក​ប៉ានី​យ៉ា​រ័ក ភុ​ន​ថ័​ប​( Panyarak Poolthup) ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា «​គម្រោង​នេះ គឺជា​បេសកកម្ម​ដ៏​ល្អ​ឧត្តុង្គឧត្តម​ជាទីបំផុត​។ គម្រោង​នេះ មិន​ត្រឹមតែ​ជួយសង្គ្រោះ​អាយុជីវិត​ក្មេងៗ ដែលមាន​ជីវភាព​ក្រីក្រ និង​អស់​ក្តីសង្ឃឹម​ទាំងនេះ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ភស្តុតាង​បញ្ជាក់​យ៉ាងច្បាស់​ពី​ចំណង​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​ដ៏​រឹងមាំ​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​ទៀតផង​ដែរ​។​គម្រោង​សប្បុរសធម៌​ព្យាបាល​ជំងឺ​បេះដូង​នេះ គឺ​ស្តែង​ឲ្យ​ឃើញ​ពី​ភាព​ជាក់ច្បាស់​រវាង​”​បេះដូង និង បេះដូង​” ពោលគឺ​បញ្ជាក់​ពី​ទឹកចិត្ត​របស់​ប្រទេស​ថៃ​មាន​ចំពោះ​ប្រទេស​កម្ពុជា​»​។​

​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ ថៃ អ៊ែរ អេ​ស៊ា បាន​លើកឡើងថា «​យើង​ពិត​ជាមាន​កិត្តិយស​ណាស់​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​គម្រោង​ដ៏​អស្ចារ្យ​មួយ​នេះ និង​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កុមារ​ដែល​ត្រូវការ​វះកាត់​ជំងឺ​បេះដូង​។ នៅ​ចំពោះមុខ អ៊ែរ អេ​ស៊ា នឹង​ជួយ​ដល់​អ្នកជំងឺ​ដែល​បានជ្រើសរើស​រួច រួម​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ ឲ្យ​បានធ្វើ​ដំណើរ​តាម​យន្តហោះ​ដោយ​ឥតគិតថ្លៃ​ទៅកាន់​ប្រទេស​ថៃ ដើម្បី​ធ្វើការ​វះកាត់​ព្យាបាល​ជំងឺ​បេះដូង​។ នេះ​គឺជា​តួនាទី​ដ៏​មាន​អត្ថន័យ​សម្រាប់​យើង ហើយ​យើង​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ក្នុងការ​ចូលរួមចំណែក​ជួយ​ដល់​អ្នក​ដែលមាន​តម្រូវការ​ចាំបាច់​នេះ​»​។​

​លោក​សា​ស្រា្ត​ចា​រ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់ថា «​ក្នុងនាម​ជា​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​ម្ចាស់ជំនួយ និង​ដៃគូ​ទាំងអស់​នៃ​មូលនិធិ​នេះ​។ ខ្ញុំ​ក៏​សូម​ចូលរួម​ត្រេកអរ​ផងដែរ ជាមួយនឹង​កុមារ​ដែលមាន​ជំងឺ​បេះដូង​ពី​កំណើត​នេះ ដែល​បានទទួល​បានការ​វះកាត់​នៅ​មន្ទីរពេទ្យ​អន្តរជាតិ បំ​រ៉ុង​រ៉ាត់ នៅ​ប្រទេស​ថៃ ដោយ​ឥតគិតថ្លៃ ដែល​នេះ​ជា​ជំនួយ​ដ៏​ធំ​សម្រាប់​ប្រជាជន​កម្ពុជា​។ នេះ​ជាការ​ចាប់ផ្តើម ចូលរួមចំណែក​ដល់​កុមារ​កម្ពុជា​ជាមួយ​មជ្ឈមណ្ឌល​ជំងឺ​បេះដូង​ភ្នំពេញ ដែល​ធ្លាប់បាន​ជួយ​វះកាត់ និង​ពិនិត្យ​ព្យាបាល​កុមារ​កម្ពុជា​ជាច្រើន​មកហើយៗ​គម្រោង​នេះ​នៅតែ​ត្រូវការ​ដៃគូ​សហការ​យូរអង្វែង​សម្រាប់​អនាគត តទៅទៀត​»៕ ល​