កុមារ​កម្ពុជា​៧​នាក់​ទៀត​ត្រឡប់​មកពី​ប្រទេស​ចិន​ក្រោយ​វះកាត់​ជំងឺ​បេះដូង​ចំហ​ជាសះស្បើយ

377
ចែករម្លែក

​ដោយ​មូល​សម្បត្តិ​/​ភ្នំពេញៈ​លោ​កង​ន​ប៊ុន​ធី​ក្នុងនាម​ជា​អភិបាលរង​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​បាន​ជម្រាបជូន​អ្នកយក​សារព័ត៌​មាននៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​ថា​នេះ​ជា​កុមារ​ទី​៤៤​ដល់ទី​៥០​ដែលមាន​ភ័ព្វសំណាង​បាន​ព្យាបាល​ជំងឺ​បេះដូង​ចំហ​ជាសះស្បើយ ហើយ​ត្រឡប់​មកពី​ប្រទេស​ចិន​វិញ​ដោយ​សុវត្ថិភាព​នាពេលនេះ​។​

​ក្នុងនោះ​មាន​កុមារ​ចំនួន​៣​នាក់​មកពី​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​និង​៤​រូប​ផ្សេងទៀត​មកពី​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​ដែលមាន​ជំងឺ​បេះដូង​ចំហ​ហើយ​ទទួលបាន​ការវះកាត់​និង​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​បេះដូង​FUWAI​ខេត្ត​យូ​ណាន​។​លោក​អភិបាលរង​ស្រុក​បាន​រំលេច​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ជាមួយ​អង្គការ​YUNDI​។​

​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន​ក្រោម​កិច្ចសម្របសម្រួល​ពីរ​ដ្ឋ​បាល​សាលា​ខេត្តសៀមរាប​និយាយ​ដោយឡែក​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​នានា​។​ជាពិសេស​ក្រសួងសុខាភិបាល​និង​ក្រសួង​អប់រំ យុវជន​និង​កីឡា​និយាយ​រួម​និង​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​និង​មន្ទីរពេទ្យ​បេះដូង​FUWAI​ខេត្ត​យូ​ណាន​។

លោក​LUOZHI​ប្រធាន​អង្គការ​YUNDI​បាន​បញ្ជាក់ថា​ក្រោយពី​ការចុះបញ្ជី​ផ្លូវការ​នៅ​កម្ពុ​ជានា​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៩​អង្គការ​នេះ​បាន​បំពេញ​សកម្មភាព​កាន់តែ​សកម្ម​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ​ស្ម​គ្រ​ចិត្ត​របស់​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន​រកឃើញថា​មាន​ជំងឺ​បេះដូង​ចំហ​។​ត្រូវ​រៀបចំ​សម្របសម្រួល​ឱ្យមក​ទទួល​ការវះកាត់​និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​បេះដូង​FUWAI​ខេត្ត​យូ​ណាន​។​

​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ​ដោយ​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ផ្តល់នូវ​លំហ​កាន់តែ​ធំ​និង​ទូលាយ​ដល់​សង្គម​ស៊ីវិល​ចូលរួម​ជា​កម្លាំង​និង​ជា​ដៃគូ​លើ​កិច្ច​អភិវឌ្ឍ​និង​ផ្តល់​ផលប្រយោជន៍​កាន់តែច្រើន​ដល់​ប្រជាជន​កម្ពុជា​នៅ​មូលដ្ឋាន​។​

ដើម្បី​ឆ្លើយតបបាន​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាជន​កម្ពុជា​និង​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​ទើប​អង្គការ​YUNDI​ដែល​បាន​សហការ​ជាមួយ​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន​បន្ត​កិច្ចខិតខំ​ដើម្បី​ផ្តល់​ក្តីសង្ឃឹម​និង​ជីវភាព​ថ្មី​ដល់​កុមារ​កម្ពុជា​ដែលមាន​ជំងឺ​បេះដូង​ចំហ​។​

​លើសពីនេះ​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ចូលរួម​លើកទឹកចិត្ត​កុមារ​ដែលមាន​ជំងឺ​តាមរយៈ​ការជូន​ដល់​ផ្ទាល់​មកកាន់​មន្ទីរពេទ្យ​បេះដូង​FUWAI​ខេត្ត​យូ​ណាន​ពី​សំណាក់​លោក​ង​ន​ប៊ុន​ធី​អភិបាលរង​ស្រុក​បន្ទាយស្រី​ហើយ​លោក​ពិន​ប្រាកដ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ក៏បាន​មកដល់​មន្ទីរពេទ្យ​បេះដូង​FUWAI​ខេត្ត​យូ​ណាន​។​ដើម្បី​សួរសុខទុក្ខ​កុមារ​កម្ពុជា​ដែល​មក​វះកាត់​និង​ព្យាបាល​ជំងឺ​បេះដូង​ចំហ​នេះ​។​

​ទាំងនេះ​ជា​កាយវិការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែលជា​និច្ចកាល​តែង​បាន​យកចិត្តទុកដាក់​ខ្ពស់​និង​ផ្តល់នូវ​ទំនុកចិត្ត​យ៉ាង​កក់ក្តៅ​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​៕S/​