កុមារ​កម្ពុ​ជាជាង​២០០​នាក់​ទទួលបាន​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​ពី​សប្បុរសជន​

799
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: កុមារ​កម្ពុជា​ចំនួន​២២៥​នាក់​នៅ​អង្គការ​ភូមិ​កុមារ​សេ​អា​មេត្រី បានទទួល​ម៉ាស៊ីន ចម្រោះ​ទឹកស្អាត សម្ភារៈ​សិក្សា និង​ការអប់រំ​ទាក់ទង​នឹង​សុខភាព បរិស្ថាន​និង​អនាម័យ​ពី​សប្បុរសជន និង​ក្រុមហ៊ុន​ហាយ​ដ្រូ​ស៊ី​ក​(Hydro6) ពី​ប្រទេស​សិង្ហ​បុរី​។​

​ការទទួល​ជំនួយ​សប្បុរសធម៌ និង​សកម្មភាព​មនុស្សធម៌​នេះ បាន​ត្រូវធ្វើឡើង​កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩​នៅ​អង្គការ​ភូមិ​កុមារ​សេ​អា​មេត្រី​ស្ថិត​ក្នុងភូមិ​ចំបក់​ត្រប់ ឃុំ​ព្រែករកា ស្រុក​កណ្តាល ស្ទឹង ខេត្តកណ្តាល​។​

​អ្នកស្រី ស្វាយ មួយ នាយិកា​ភូមិ​កុមារ​សេ​អា​មេត្រី បាន​មានប្រសាសន៍ថា​៖ អំណោយ​ជា​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​របស់​សប្បុរសជន និង​ក្រុមហ៊ុន​ហាយ​ដ្រូ​ស៊ី​ក មាន​សារៈសំខាន់​ណាស់​សម្រាប់​អង្គការ​និង​សិស្សានុសិស្ស​របស់គាត់​។ វា​នឹង​ជួយ​ឱ្យ​កុមារ​ទទួលបាន​ទឹកស្អាត​បរិភោគ និង​មាន​សុវត្ថិភាព​ជួយ​ឱ្យ​កុមារ​មាន​សុខ​ភាពល្អ ក៏ដូចជា​កាត់បន្ថយ​ការចំណាយ​លើ​ការទិញ​ទឹក​។ ចំណែក​សម្ភារៈ​សិក្សា ដែល​ផ្តល់ឱ្យ​ដោយ​ក្រុមហ៊ុន Hydro 6 នឹង​ជួយ​សម្រួល​ដល់​ការខ្វះខាត​សម្ភារៈ​សិក្សា នៅក្នុង​សាលា​ភូមិ​កុមារ​សេ​អា​មេត្រី​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កុមារ បានទទួល​ចំណេះដឹង​ពី​ការអប់រំ​សុខភាព បរិស្ថាន​និង​អនាម័យ ជាពិសេស​បានទទួល​ក្តី​ស្រឡាញ់​និង​ការទទួល​ទាន​អាហារ​ថ្ងៃត្រង់​រួមគ្នា​។​

​លោកស្រី​នាយិកា​ភូមិ​កុមារ​សេ​អា​មេត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន ថ្នាក់ដឹកនាំ​និង បុគ្គលិក​ក្រុមហ៊ុន Hydro 6 ដែល​បានផ្តល់​អំណោយ និង​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅទីនេះ​។​

​ទាក់ទង​នឹង​ភូមិ​កុមារ​សេ​អា​មេត្រី​លោកស្រី ស្វាយ មួយ បានឱ្យដឹងថា​៖ ភូមិ​កុមារ​សេ​អា​មេ ត្រី បង្កើត​ដំបូង​នៅ​ឆ្នាំ​២០០៣​នៅ​ភ្នំពេញ​។ តែ​ក្រោយមក​ដូរ​មក​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ក្នុង​គោលបំណង​ជួយ​ទៅដល់​កុមារ​ក្រីក្រ​នៅ​ទីជនបទ​។ ចំណូល​សម្រាប់​ផ្គត់ផ្គង់​សាលា​នៅទីនេះ បានមកពី​សប្បុរសជន និង​ការបើក​កន្លែង​អង្គុយ​កម្សាន្ត​មាត់បឹង​នៅ​ចុង​សប្តាហ៍​និង​ថ្ងៃបុណ្យ​ផ្សេងៗ​។ ទោះយ៉ាងណា​ក៏ដោយ​សាលា​នៅតែ​ខ្វះខាត និង​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​ជួយ​ដល់​កុមារ​នៅទីនេះ​។​

​លោកស្រី​បាន​បន្ត​ឱ្យដឹងថា​៖ បច្ចុប្បន្ន​មាន​សិស្សានុសិស្ស​ចំនួន​២២៥​នាក់​កំពុង​រៀន​នៅ​ភូមិ​កុមារ​សេ​អា​មេត្រី​។​សាលា​មាន​ទទួល​សិស្ស​ក្រីក្រ​ពី​អាយុ​៣​ឆ្នាំ​ឡើងទៅ និង​មាន​បណ្តុះបណ្តាល​ភាសា​ខ្មែរ​តាម​កម្មវិធី​ក្រសួង​អប់រំ យុវជន និង​កីឡា​ព្រមទាំង​បំប៉ន​ភាសា​ង​ង់​គ្លេ​ស កុំព្យូទ័រ កីឡា ភ្លេង និង​របាំ​។​

​លោក ជេ​ស៊ិន ចូ​វ (Jason Chow)​តំណាង​ក្រុមហ៊ុន Hydro 6 បាន​លើកឡើងថា​៖​ការប្រគល់ ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត សម្ភារៈ​សិក្សា និង​ការអប់រំ​អំពី​បរិស្ថាន សុខភាព និង​សារៈសំខាន់​នៃ​ការប្រើ​ទឹកស្អាត​នេះ ជា​សកម្មភាព​មនុស្សធម៌​ដែល Hydro 6​តែងតែ​ធ្វើ​កន្លងមក​។ Hydro 6 ចង់ឱ្យ​កុមារ​កម្ពុជា មាន​ទឹ​ស្អាត​និង​សុវត្ថិភាព​ប្រើប្រាស់ មាន​សុខ​ភាពល្អ និង​ខិតខំ​សិក្សា​ដើម្បី​អនាគត ។ ពីព្រោះ​បច្ចេកវិទ្យា​ដ៏​ទំនេ​ី​បរ​បស់​ម៉ាស៊ីន​ចម្រោះ​ទឹក​Hydro6 គឺ​ធានា​នូវ​គុណភាព និង​សុវត្ថិភាព​១០០%​ចំពោះ​ទឹក ថែម​ធ្វើ​ឲ្យ​ទឹក​ដែល​ច្រោះ​រួម​ក្លាយជា​ទឹក​សុខភាព​រួមផ្សំ​ដោយសារ​ធាតុ​រ៉ែ​នានា ដែល​ល្អ​សមស្រប​បំផុត​សម្រាប់​សុខភាព​។ ជាពិសេស​ទៅទៀត យុទ្ធនាការ​របស់​ក្រុមហ៊ុន គឺ​ចង់​ឲ្យ​កុមារ​យល់ដឹង​ពី​ការថែរក្សា​សុខភាព អនាម័យ និង​បរិស្ថាន​។

​លោក​បាន​បន្តថា​៖ ក្រៅពី​ការធ្វើ​អាជីវកម្ម​ដើម្បី​ប្រាក់ចំណេញ Hydro 6 ចង់​ធ្វើ​សកម្មភាព​ភាព​មនុស្សធម៌​ដល់​សង្គម​កម្ពុជា​វិញ​។ កន្លងមក ក្រុមហ៊ុន​បានធ្វើ​សកម្មភាព​មនុស្សធម៌​ដូច​ច្នេះ​ជាច្រើនលើក ហើយ​សន្យា​នឹង​បន្តធ្វើ​ត​ទៅមុខទៀត​៕