កុមារ​កើត​ជំងឺគ្រុនឈាម​មាន​លក្ខណ​:​ធ្ងន់ធ្ងរ​កើនឡើង​គួរ​ឲ្យ​បារម្ភ​ និង​កំពុង​ខ្វះ​សេរ៉ូម​សម្រាប់​ព្យាបាល​

428
ចែករម្លែក
កុមារ​កើត​ជំងឺគ្រុនឈាម​មាន​លក្ខណ​:​ធ្ងន់ធ្ងរ​កើនឡើង​គួរ​ឲ្យ​បារម្ភ​ និង​កំពុង​ខ្វះ​សេរ៉ូម​សម្រាប់​ព្យាបាល​

ដោយ​: គង់​ហេង​:កំពង់ចាម​: រយ​:​ពេលប្រាំខែ​ដើមឆ្នាំ​២០១៩​ មាន​កុមារ​កើត​ជំងឺគ្រុនឈាម​មាន​លក្ខណ​:​ធ្ងន់ធ្ងរ​ចំនួន​១៨៩ ករណី​ ពោលគឺមាន​កុមារ​ស្លាប់​ចំនួនពីរករណី ក្នុងចំណោម​កុមារ​ផ្ទុក​ជំងឺ​នេះ​សរុប​ចំនួន ៣១៣ ករណី បានមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។ ដោយ​កើនឡើង​ចំនួន ៣០០ ភាគរយ​បើ​ប្រៀបធៀប​រយ​:​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨ ​មាន​ចំនួន ១៨ ករណី​ប៉ុណ្ណោះ គឺ​បណ្តាល​ឲ្យ​ខាង​មន្ទីរពេទ្យ​នេះ​ប្រឈម​ខ្វះ​សេរ៉ូម​សម្រាប់​ព្យាបាល​។​

លោក​វេជ្ជបណ្ឌិត យិន ស៊ី​ណាត ប្រធាន​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី ២៥ មិថុនា​ថា ក្នុងនោះ​គ្រាន់តែ​ក្នុង​អំឡុង​ខែឧសភា មាន​កុមារ​កើត​ជំងឺគ្រុនឈាម​ប្រភេទ​ហូរឈាម​ធ្ងន់​​ចំនួន ៧១ ករណី​, គ្រុនឈាម​ប្រភេទ​មាន​ស្ហុ​ក គឺ​កុមារ​មាន​សម្ពាធ​ឈាម​ថយចុះ ជីពចរ​ខ្សោយ​មាន​ចំនួន ២៩ ករណី និង​ប្រភេទ​កុមារ​គ្រុនឈាម​ធម្មតា​ចំនួន ៥៨ ករណី​។ ពិសេស​គួរ​ឲ្យ​សោកស្តាយ​មាន​ករណី​ចំនួន​ពីរករណី បា​នប​ញ្ជួ​ន​មកដល់​មន្ទីរពេទ្យ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​បាន​ស្លាប់​។​

លោក​ប្រធាន​មន្ទីរពេទ្យ​ឲ្យ​ដឹង​ទៀតថា ជាមួយ​នោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ក៏មាន​មនុស្ស​ចាស់​កើត​ជំងឺគ្រុនឈាម​ចំនួន ១៨ ករណី​ដែរ​។ ប៉ុន្តែ​មិនសូវ​ធ្ងន់ធ្ងរ​ដូច​ខាង​កុមារ គឺ​បាន​កើតឡើង​ប្រភេទ​គ្រុន​ឈាមមាន​ហូរឈាម​តាំងពី​ដើមឆ្នាំ ខែកុម្ភ​:​ចំនួន ប្រាំពីរករណី ខែមីនា ចំនួន ២៤ ករណី និង​ខែមេសា​ចំនួន ៤១ ករណី ហើយ​បូកសរុប​ជាមួយ​ខែឧសភា​ចំនួន ១៨៩​ករណី​។ ដោយមាន​កុមារ​ស្លាប់​ចំនួនពីរករណី​។​

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា គិត​ត្រឹម​ថ្ងៃទី ២៥ មិថុនា​នេះ​មាន​កុមារ​ជា​អ្នកជំងឺ​គ្រុនឈាម​សរុប​ចំនួន​ជាង ៤០ ករណី គឺ​ធ្វើ​ឲ្យ​យើង​ប្រឈម​ខ្វះ​គ្រែ បន្ទប់​ឲ្យ​កុមារ​សម្រាក បង្ខំ​ឲ្យ​ខាង​មន្ទីរ​សង់​សំយាប​ខាងក្រោយ​អគារ​ព្យាបាល​ជំងឺ​កុមារ​ជា​បណ្តោះអាសន្ន​។ ប្រឈម​ធ្ងន់ធ្ងរ​ចំពោះមុខ​នេះ គឺ​សេរ៉ូម​សម្រាប់​ព្យាបាល​កុមារ​។ ដូច្នេះ​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន អង្គការ​ដៃគូ ឬ​ក្រសួងសុខាភិបាល មេត្តាជួយ​ឧបត្ថម្ភ​តាម​សភាព​ជាក់ស្តែង​នេះ ពិសេស​នៅ​ឆ្នាំ​ខាងមុខនេះ​សូមជួយ​ផ្តល់​អគារ​បំពាក់​ជា​គ្រែ​ស្តង់ដារ​សម្រាប់​កុមារ​យ៉ាងតិច​ចំនួន ៥០​សម្រាប់ ដើម្បី​បន្ធូរ​ដល់​ការ​ចង្អៀត​ណែន​ដូច​នាពេល​បច្ចុប្បន្ននេះ​។​

លោក​វេជ្ជបណ្ឌិត គីម គឹម​ស្រ៊ន់ ប្រធាន​ផ្នែក​គ្រប់គ្រង​ជំងឺ​កុមារ នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បាន​លើកឡើងថា ជំងឺគ្រុនឈាម​មាន​បី​ដំណាក់កាល គឺ​ដំណាក់កាល​គ្រុនក្តៅ​មាន​រយ​:​ពេល​ពីពីរទៅប្រាំពីរថ្ងៃ​។ ដោយ​កុមារ​មាន​អាការ​: ក្តៅខ្លួន​ខ្លាំង​កម្តៅ​ពី ៣៩ ទៅ ៤០ អង្សា​សេ មាន​រោគសញ្ញា​ឈឺក្បាល ឈឺ​គ្រាប់ភ្នែក ឈឺ​សន្លាក់ដៃ​សន្លាក់ជើង សាច់ដុំ​ជាដើម​…​។​

លោក​ប្រធាន​ផ្នែក​បានលើកឡើង​ទៀតថា ដំណាក់កាល​បន្ទាប់​ដែល​គ្មាន​គ្រុនក្តៅ គឺជា​ដំណាក់កាល​មួយ​ដែល​កុមារ​អាច​វិវត្តន៍​ទៅ​ធ្ងន់ ឬ​ស្រាល គឺ​បើ​ធ្ងន់​មាន​រយ​:​ពេល​ពី ២៤ ទៅ ៤៨ ម៉ោង​ជា​ដំណាក់កាល​ក្មេង​អាចមាន​សភាព​មាន ស្ហុ​ក សម្ពាធ​ឈាម​ថយចុះ គឺមាន​ជ្រាប​ប្លា​ស្មា​ចេញ​ពីស​សៃ​ឈាម ហើម​ខ្លួន អត់​ទឹកនោម ជាដើម​នោះ គឺ​នេះ​ជា​ដំណាក់កាល​ពិបាក​ព្យាបាល​។ គ្រុនឈាម​មាន​លក្ខណ​:​ស្រាល នៅពេល​ត្រជាក់​ខ្លួន​កុមារ​អាច​វិល​ទៅរក​សភាព​ល្អ គឺ​ញ៉ាំ​បាន និង​លេង​ធម្មតា​។​

លោក គឹម​ស្រ៊ន់ បាន​បន្តថា ដំណាក់កាល​ចុងក្រោយ​ជា​ដំណាក់​ធូរស្បើយ ក្រោយពី​ត្រជាក់​ខ្លួន​កុមារ​អាច​លេង​បាន ញ៉ាំ​បាន មាន​ទឹកនោម​និងស្រក​ហើម​មក​ធម្មតា​វិញ​។​

លោក គឹម​សួរ ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ជុំវិញ​បញ្ហា​ជំងឺគ្រុនឈាម​នេះ​យើង​បាន​ត្រៀមលក្ខណ​:សម្បត្តិ ដើម្បី​ព្យាបាល និង​បានធ្វើការ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​រួច​អស់ហើយ​ដូចជា បាន​ណែនាំ​ឲ្យ​ដាក់ អា​បែ​ត បាញ់ថ្នាំ​មូស​ជាដើម​។ ក្នុងនោះ​ក៏បាន​ចាត់​ប​ញ្ជួ​ន​នូ​សេរ៉ូម ឳ​សថ សម្ភារ​បរិក្ខា​រពេទ្យ ទៅកាន់​មណ្ឌល​សុខភាព​តាម​មូលដ្ឋាន​។ ដោយឡែក ប្រាំមួយខែ​ដើមឆ្នាំ​ខេត្តកំពង់ចាម​មាន​កុមារ និង​មនុស្ស​ចាស់​សរុប​ចំនួន ៩៥៨​នាក់ គឺមាន​ការកើនឡើង​ជា​ង​កាលពី​ឆ្នាំ​២០១៨៕​/Ha

#