កុមារ​ពិការ​ខ្សោយសតិ​បញ្ញា​និង​អូ​ទី​ស្សឹម​នៅ​អង្គការ​ជំនួយ​នៃ​ក្តីសង្ឃឹម​ទទួល​ភាពកក់ក្តៅ​ពី​TYDA

164
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​កុមារ​ពិការ​ខ្សោយ​សតិបញ្ញា​និង​អូ​ទី​ស្សឹម​ចំនួន​៩៩​នាក់​ក្នុង​អង្គការ​ជំនួយ​នៃ​ក្តីសង្ឃឹម​សម្រាប់​សហគមន៍ (Hands of Hope Community) ស្ថិតនៅក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​បានទទួល​ភាពកក់ក្តៅ​។​ស្នាមញញឹម​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA)​តាមរយៈ​ការចុះពិនិត្យ​និង​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​។​

​ការផ្តល់​សម្ភារៈ​សិក្សា​អាហារ​និង​ភេសជ្ជៈ​ជូន​ដល់​ពួកគាត់​កាលពី​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៩​ដែល​សកម្មភាព​មនុស្ស​ធម៌​នេះ​ដឹកនាំ​ដោយ​លោកស្រី​ពេ​ជ​ចន្ទ​មុន្នី​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ក្រុមការងារ​ស្ម័គ្រចិត្ត​ធីតា​ជាច្រើន​នាក់​ផងដែរ​។

​លោក​ចាន់​សារិន​នាយក​អង្គការ​ជំនួយ​នៃ​ក្តីសង្ឃឹម​សម្រាប់​សហគមន៍​បាន​ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បានផ្ដល់​អាគារ​សិក្សា​សម្រាប់​ក្មួយៗ​ខ្សោយសតិ​បញ្ញា និង​អូ​ទី​ស្សឹម​សិក្សា​និង​ស្នាក់នៅ​។​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​លោក​ហ៊ុន​ម៉ា​ណែ​ត​និង​លោកស្រី​ពេ​ជ​ចន្ទ​មុន្នី​ព្រមទាំង​ក្រុមការងារ​សមាគម​TYDA​ទាំងអស់​ដែល​បាន​ផ្ដល់នូវ​ស្នាមញញឹម​និង​ភាពកក់ក្តៅ​ដល់​ក្មួយៗ​នៅទីនេះ​។

ចំណែក​អាណាព្យាបាល​របស់​កុមារ​ខ្សោយ​សតិបញ្ញា​និង​អូ​ទី​ស្សឹម​ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ​ដែល​ឃើញ​លោក​ហ៊ុន​ម៉ា​ណែ​ត​និង​លោកស្រី​ពេ​ជ​ចន្ទ​មុន្នី​ព្រមទាំង​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​ចុះ​ព្យាបាល​យកចិត្តទុកដាក់​និង​ឧបត្ថម្ភ​គាំទ្រ​ដល់​កូន​របស់គាត់​។​

តាម​របាយការណ៍​រប​ស់​អង្គការ​បានឱ្យដឹងថា​ដោយ​ឃើញ​ពី​ចំនួន​កុមារ​អូ​ទី​ស្សឹម​និង​ពិការ​ខ្សោយ​បញ្ញា​ជាច្រើន​ក្នុង​ខេត្តកណ្តាល​ដែល​ពួកគេ​មិនទាន់បាន​មានឱកាស​ចូលរៀន​ឱ្យ​គ្រប់គ្នា​ស្របតាម​គោលការណ៍​អប់រំ​ជាតិ​ប្រកបដោយ​គុណភាព និង​ចូលរួម​ក្នុងសង្គម តាមរយៈ​សកម្មភាព​នានា​។​

​ដូចនេះ​ក្នុង​រយៈពេល​ជិត​៧​ឆ្នាំ​មកនេះ​អង្គការ​HHC​បាន​សហការ​ជាមួយ​មន្ទីរ​អប់រ​រំ​យុវជន​និង​កីឡា​ខេត្តកណ្តាល​ជួសជុល​សាលា​បាន​ចំនួន​៥​កន្លែង​និង​បំពាក់​សម្ភារៈ​តាម​ស្តង់ដារ​អប់រំ​ពិសេស​ដែល​ប្រើប្រាស់​ថវិកា​ចំនួន​៤.៩៥៧.២០០​ដុល្លារ​អាមេរិក​។​ដែល​ថវិកា​នេះ​បានមកពី​ការឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ហើយ​ក៏បាន​ចុះឈ្មោះ​កុមារ​ចំនួន​៣០៧​នាក់​ក្នុងស្រុក​ទាំង​៣​ដើម្បីឱ្យ​កុមារ​ពិការ​ជាពិសេស​កុមារី​ពិការ​បាន​ចូលរៀន​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​៕S/​