កុម្មង់ដូ​បារាំង​២​នាក់​បាត់បង់​ជីវិត​ក្នុង​ប្រតិបត្តិ​ការរំដោះ​ចំណាប់ខ្មាំង​នៅ​អាហ្វ្រិក​

847
ចែករម្លែក

​កង​កុម្មង់ដូ​បារាំង​បាន​សង្គ្រោះ​ចំណាប់ខ្មាំង​បរទេស​៤​នាក់ រួម​មាន​ជនជាតិ​បារាំង​២​នាក់​ពី​ក្រុម​សកម្មប្រយុទ្ធ​មួយ​នៅក្នុង​ប្រទេស​បួរ​គី​ណា ហ្វា​សូ តែ​ទាហាន​សម្រាំង​បារាំង​២​នាក់​​ក៏​ត្រូវបាន​បាត់បង់​ជីវិត​នៅក្នុង​ប្រតិបត្តិការ​ពេលយប់​។​

​យោធា​បារាំង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​ឧសភា​ថា កងកម្លាំង​ពិសេស​បារាំង​បាន​ឆ្មក់​ចូល​រំដោះ​និង​វាយប្រហារ​ទាំងយប់​ពីថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃ​សុក្រ ក្រោម​ការគាំទ្រ​ពី​ផ្នែក​​ចារកម្ម​អាមេរិក​និង​ទាហាន​មក​ពី​ប្រតិបត្តិការ​Barkhane​របស់​បារាំង​ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​សា​ហេ​ល​ដើម្បី​ប្រឆាំង​នឹង​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​។​

​ការិយាល័យ​ប្រធានាធិបតី អេ​ម៉ានុយ​អែល ម៉ា​ក្រុង បាន​និយាយថា ចំណាប់ខ្មាំង​ទាំង​៤​នាក់​ត្រូវបាន​រំដោះ​និង​មាន​សុវត្ថិភាព និង​ថា​ស្ត្រី​អាមេរិក​ម្នាក់​និង​ស្ត្រី​កូរ៉េ​ខាងត្បូង​ម្នាក់​​ក៏​ត្រូវ​បាន​រំដោះ​នៅក្នុង​ប្រតិបត្តិការ​នេះ​។​

​ហ្វ្រង់​ស័រ ឡេ​ស្យុង​ត្រេ មេ​ទ័ពបារាំង បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា «​សកម្មភាព​កំណត់​គោលដៅ​ជាក់លាក់​និង​ប្តេជ្ញាចិត្ត​ខ្ពស់​នៃ​ទាហាន​បារាំង អនុញ្ញាត​អោយ​យើង​ចាត់ការ​​ពួក​ចាប់​ចំណាប់ខ្មាំង​ក្នុង​ពេល​ពួក​វា​កំពុង​យាម​ចំណាប់ខ្មាំង​។​ជន​ចាប់​ចំណាប់ខ្មាំង​៤​នាក់​ត្រូវបាន​សម្លាប់ និង​២​នាក់​គេចខ្លួន​»​។​

​លោក​បន្តថា កងកម្លាំង​បារាំង​មិន​បាន​ដឹងថា​មាន​ចំណាប់ខ្មាំង​ជនជាតិ​អាមេរិក​និង​កូរ៉េខាងត្បូង​ទេ​នៅ​មុន​ប្រតិបត្តិការ​និង​ពួក​គេ​ត្រូវបាន​ចាប់ឃុំខ្លួន​អស់​២៨​ថ្ងៃមុន​ត្រូវ​​បាន​រំដោះ​ជាមួយ​ជនជាតិ​បារាំង​។​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​និយាយថា​អាមេរិក​សូម​សម្តែង​ការដឹងគុណ​ចំពោះ​ការរំដោះ​ចំណាប់ខ្មាំង រួម​មាន​ជនជាតិ​អាមេរិក​ម្នាក់ និង​សុំ​ផ្តល់​ការចូលរួម​​រំលែក​ទុក្ខ​ដល់​គ្រួសារ​ទាហាន​បារាំង​២​នាក់​ដែល​បាន​បូជ្ញាជីវិត​នៅក្នុង​ប្រតិបត្តិការ​នេះ​។​

​ជនជាតិ​បារាំង​ទាំង​២​នាក់​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​កាលពី​ថ្ងៃ​១​ឧសភា នៅ​ឧទ្យាន​ជាតិ​មួយ​នៃ​ប្រទេស​បេណាំង​ជាប់​ព្រំដែន បួរ​គី​ណា ហ្វា​សូ​។​អ្នក​នាំ​ផ្លូវ​របស់​គេ​ត្រូវ​បាន​ប្រ​​ទះ​ឃើញ​ស្លាប់ ដោយ​រាងកាយ​ត្រូវ​គ្រាប់​សុះ និង​រថយន្ត​របស់​ពួកគេ​ត្រូវ​ដុត​កំទេច​។​

​តំបន់​នេះ​ត្រូវ​ញាំញី​ដោយ​អំពើ​ហិង្សា​បង្កឡើង​ដោយ​ពួក​សកម្មប្រយុទ្ធ ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា និង​ក្រុម​រដ្ឋ​អ៊ីស្លាម​។​បារាំង ដែល​ជា​អតីត​មហា​​អំណាច​អាណានិគម​នៅ​តំបន់​នេះ បាន​អន្តរាគមន៍​នៅ​ម៉ាលី​នៅ​ឆ្នាំ​២០១៣​ប្រឆាំង​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម និង​បាន​ដាក់​ទាហាន​ប្រមាណ​៤.៥០០​នាក់​នៅ​តំបន់​សា​ហេ​ល​។​

​រដ្ឋាភិបាល​បារាំង​ធ្លាប់បាន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​កុំ​អោយ​ធ្វើ​ដំណើរ​ទៅកាន់​ផ្នែក​ខ្លះ​នៃ​ប្រទេស​បេណាំង នៅ​ជិត​បួរ​គី​ណា ហ្វា​សូ ដោយសារ​អាច​ជួប​ការចាប់​ជា​ចំណាប់ខ្មាំង​។​​ប៉ែក​ខាងជើង​និង​ខាងកើត​ប្រទេស​បួរ​គី​ណា ហ្វា​សូ ត្រួតត្រា​ដោយ​ពួក​សកម្មប្រយុទ្ធ ជាហេតុ​នាំ​អោយ​រដ្ឋាភិបាល​បញ្ជូន​ទ័ព​ចូល​វាយ​ដណ្តើម​កាន់កាប់​និង​បង្ខំ​អោយ​ប្រជាជន​​ភៀសខ្លួន​ចេញ​ជាង​១​សែន​នាក់​។​

​ដឹកនាំ​ដោយ​បារាំង បណ្តា​មហាអំណាច​លោកខាងលិច​ក៏​ផ្តល់​លុយកាក់​និង​គ្រឿង​សព្វាវុធ​ដល់​កងកម្លាំង​តំបន់​មួយ​មក​ពី​ប្រទេស​ម៉ាលី បួរ​គី​ណា ហ្វា​សូ ឆាត​និង​មួ​រី​តានី​សំរាប់​​ប្រយុទ្ធប្រឆាំង​នឹង​ពួក​សកម្មប្រយុទ្ធ​៕​ដោយ​៖​វាសនា​

ទាហាន​២​នាក់​នៃ​កងកម្លាំង​ពិសេស​បារាំង​បាន​បាត់បង់​ជីវិត​ក្នុង​ប្រតិបត្តិការ​រំដោះ​ចំណាប់ខ្មាំង​