កុំថាឡើយ​ចេះ​ហោះហើរ​លើ​វេហា ទោះ​ត្បុល​កាយា​ក្នុង​រន្ធ​ដី​ក៏​ចាប់​ឲ្យ​បានដែរ​

560
ចែករម្លែក

​ជាថ្មី​ម្តងទៀត​គឺ​នៅ​ថ្ងៃទី​១៦ សីហា ឆ្នាំ​២០១៩ ក្រុម​រត់ចោលស្រុក​ដែល​ប្រកាសថា​ខ្លួន​គឺ ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្លាប់​បាត់ទៅហើយ​នោះបាន​ប្រកាស​យក​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ជា​ថ្ងៃ​ធ្វើ​មាតុភូមិនិវត្តន៍​មកកាន់​ប្រទេស​កម្ពុជា​វិញ​របស់​ថ្នាក់ដឹកនាំ​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី​។ ពត៌មាន​នេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ប៉ុន្តែ​មិនមែន​ភ្ញាក់ផ្អើល​ដោយសារ​ក្រុម សម រង្ស៊ី កំណត់​យក​ថ្ងៃទី​៩​វិច្ឆិកា​វិល​ត្រលប់មក​កម្ពុជា​នោះទេ គឺ​ភ្ញាក់ផ្អើល​ដោយសារ ប្រជាជន​ស្ទើរតែ​ជិត​១០០​ភាគរយ​បាន​ទស្សន៍ទាយ​ត្រូវ​ថា​ភ្នាល់​ដាក់​អី​ក៏​ហ៊ាន​ដែរ​គឺ សម រង្ស៊ី មិន​ហ៊ាន​វិល​មកវិញ​ទេ​។​ឥឡូវនេះ​អត់​ហ៊ាន​មែន​ព្រោះ សម រង្ស៊ី ជា​មនុស្ស​ប្រុស ដែល​កំសាក​ជាងគេ​បំផុត​នៅលើ​លោក​។​សម រង្ស៊ី ជា​អ្នកនយោបាយ​ដែល​អន់​ជាងគេ និង​ឆោតល្ងង់​ជាងគេ​បើ​ធៀប​នឹង​អ្នកនយោបាយ​ដទៃទៀត​ទាំង​អ្នកនយោបាយ​ជាតិ និង​អ្នកនយោបាយ​អន្តរជាតិ ។

​គួ​រំលឹកថា​អ្នកនយោបាយ​ចោលម្សៀត​ម្នាក់នេះ​មិនមាន​សមត្ថភាព​អ្វី​ក្រៅតែពី​ដើរ​និយាយ​ញុះញង់ បង្ខូច​កេរ្តិ៍ឈ្មោះ​កិត្តិយស​ជាតិ​បំផុស​ឲ្យ​ប្រជាជន​ងើប​បះបោរ​ប្រឆាំង​រាជ រដ្ឋាភិបាល បំផុស​កងកម្លាំងប្រដាប់អាវុធ​មិន​ឲ្យ​ស្តាប់​បញ្ជា ទៅសុំ​បរទេស​ឲ្យ​ផ្តាច់ជំនួយ ឲ្យ​ដាក់​ការគៀបសង្កត់​ទៅលើ​រាជរដ្ឋាភិបាល និង​និយាយ​ប្រមាថកាតទាន​ទៅលើ ស្ថាប័ន​ព្រះមហាក្សត្រ ស្ថាប័ន​នីតិបញ្ញតិ នីតិប្រតិបត្តិ តុលាការ និង​ប្រមាថ​ទៅលើ ប្រជាជន​ខ្លួនឯង​នោះទេ ។ ហេតុនេះហើយ​ទើប សម រង្ស៊ី កំពុង​រង​នូវ​ពាក្យបណ្តឹង ជុំ​ទិស ។ សម រង្ស៊ី ត្រូវ​រុំ​ព័ទ្ធ​ដោយ​ក្តីក្តាំ​រាប់មិនអស់​នៅឯ​តុលាការ ដែល​ករណីខ្លះ​ត្រូវ បាន​តុលាការ​បើកសវនាការ និង​ចេញ​សាលក្រម​ផ្តន្ទាទោស​រួចហើយ​។​ករណី​ខ្លះទៀត តុលាការ​កំពុង​ដំណើការ​តាម​និតិ​វិធី​ដោយមាន​ទាំង​ដីការ​បង្គាប់​ឲ្យ សម រង្ស៊ី ចូលខ្លួន បំភ្លឺ​ទៀតផង ។ ដោយសារតែ សម រង្ស៊ី គេចវេស​ពី​តុលាការ និង​មើលងាយ​ច្បាប់​នៅ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ ដីការ​លេខ​១៩២២៤​គ​.​ព្រ បង្គាប់​ឲ្យ សម រង្ស៊ី ចូលខ្លួន​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ ទាក់ទិន​ពីបទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ប្រព្រឹត្ត ទៅ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១២ និង​១៣ ខែសីហា ឆ្នាំ​២០១៥ អំពើ​ដែលមាន ប​ញ្ញ​តិ និង​ផ្តន្ទាទោស​តាម​មាត្រា​២៩ មាត្រា​៦២៩ មាត្រា​៦៣០ និង​មាត្រា​៥៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ក្នុងករណី​មិន​ចូលខ្លួន​តាម​កាលកំណត់​ទេ​តុលាការ​នឹង​ចេញ ដីកា​បង្គាប់​ឲ្យ​នាំខ្លួន ឬ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទៅតាម​ច្បាប់ ។ ចាប់តាំងពី​ពេលនោះ​មក សម រង្ស៊ី​ដែល​នៅក្រៅ​ប្រទេស​ស្រាប់​ក៏​សម្រេចចិត្ត​រត់ចោលស្រុក រត់ចោល​គុក​លែង ហ៊ាន​វិល​ត្រលប់មក​ស្រុក​វិញ​តែម្តង​។​

​យើង​គប្បី​រំលឹក​ឲ្យ​ឃើញ​សម្តី និង​ទង្វើ​របស់ សម រង្ស៊ី ជា​បន្តបន្ទាប់ និង​ជាការ​ភូតកុហក រក​លេខ​ដាក់​គ្មាន ។ ដំបូង​ឡើយ​មនុស្ស​ច្រើនណាស់​បានធ្វើការ​ទស្សន៍​ទាយ​ខុស​អំពី សម្តី​អួតអាង​របស់ សម រង្ស៊ី ថា​នឹង​វិល​ចូល​ស្រុក​វិញ​ម្តងថា​ថ្ងៃនេះ ម្តងថា​ថ្ងៃនោះ ។ មាន​ម្តងនោះ​គឺ​នៅ​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៦ សម រង្ស៊ី បានប្រកាសថា ខ្ញុំ , សម រង្ស៊ី ចង់​វិល​ត្រលប់មក​កម្ពុជា​វិញ​ដើម្បី​ចូល​ពន្ធនាគារ​ជំនួស​សកម្មជន និង​មន្ត្រី​គណបក្ស ដែល​កំពុង​ជាប់ពន្ធនាគារ​ចំនួន​១៥​នាក់ ដែលជា​ថ្នូរ​មកវិញ​គណបក្សកាន់អំណាច និង​តុលាការ​ត្រូវតែ​យល់ព្រម​ដោះលែង​ពួកគេ ។ ឆ្លើយតប​ទៅនឹង​ល្បែង​វោហា​សាស្ត្រ ដ៏​រាក់​កំផែល​នេះ កឹម មនោ​វិទ្យា ដែលជា​កូនស្រី​បង្កើត​របស់ កឹម សុខា បាន​ស្តីបន្ទោស សម រង្ស៊ី ថា​ជា​វា​ជាការ​ខុសឆ្គង​ណាស់​ដែលថា​លោក​ប្រធាន​មាន​ជម្រើស​តែ​ពីរ​គត់​គឺ ឬមួយ​ត្រូវ​ជាប់ពន្ធនាគារ​នៅ​កម្ពុជា ឬមួយ​ត្រូវ​រស់នៅក្នុង​ទ្វីប​អ៊ឺរ៉ុប​ដើម្បី​បញ្ចុះបញ្ចូល បរទេស​ឲ្យ​ជួយ​។ ខ្ញុំ​ចង់​និយាយថា​ការតស៊ូ​គឺ​នៅ​កម្ពុជា​ហើយ​បណ្តាញ​ការទូត​ក៏មាន នៅក្នុង​រាជធានី​ភ្នំពេញ​ដែរ​។ នេះ​ជា​សារ​នយោបាយ​ចាក់​ដោត​មួយ​របស់ កឹម មនោ​វិទ្យា ប្រៀបបាន​នឹង​ការ​សំពង​មួយ​ព្រនង់​យ៉ាង​ធ្ងន់​ដៃ​ទៅលើ សម រង្ស៊ី​។ ប៉ុន្តែ សម រង្ស៊ី អត់ ឈឺក្បាល​ទេ ។ ម្តង​ហើយ​ម្តងទៀត សម រង្ស៊ី នៅតែ​និយាយ​ដដែលៗ​ថា​គាត់​នឹង​វិល​មក ប្រទេស​វិញ ដោយ​ម្តងនោះ​ប្រហែលជា​ខ្មោច​ទាញ​មាត់​ក៏​មិន​ដឹងបាន​គាត់​និយាយថា គាត់​ចូលមក​ចាប់ ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា រាប់ទាំង​មនុស្ស​មួយ​ដំបរ​ស្វា ដែល​នៅតែ​ប្រឆាំង​ផ្កាប់មុខ​នៅឡើយ​នោះ​នាំគ្នា​អស់សំណើច​សើច​ផ្អើល​ទឹក​ផ្អើល​ដី ។ តែ​លើក​នេះ​ទៀត សម រង្ស៊ី មិន​ត្រឹមតែ​ភូតកុហក​បោកប្រាស់​ប្រជាជន​កម្ពុជា​នោះទេ ប៉ុន្តែ​គាត់​បាន​ទៅ​អូស​.​ក​សមាជិកសភា​អឺរ៉ុប​៦​នាក់​ឲ្យ​មក​ទទួលរង​ការ​អាម៉ាស់​ជាមួយ​គាត់​ដែរ នៅពេលដែល​គាត់​បាន​លុបចោល​គម្រោង​វិល​មក​កម្ពុជា​នៅ​ខែកញ្ញា​ខាងមុខនេះ ។ នេះ​ជា​មេរៀន​សម្រាប់​សមាជិកសភា​អឺរ៉ុប​ទាំង​៦​រូបនេះ​ឬក៏​ជនបរទេស​ណា​ដទៃទៀត ដែលមាន​បំណង​ហែរ​ហម សម រង្ស៊ី ចូលមក​ជាប់គុក​ទោះ​ថ្ងៃនេះ​ក្តី ឬ​ថ្ងៃក្រោយ​ក្តី​គួរ តែ​កុំ​យក​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន​មក​ប្រឡាក់​ប្រឡូក​ជាមួយ សម រង្ស៊ី និង​ក្រុម សម រង្ស៊ី ដូច​ពេល​កន្លងមកនេះ​តទៅទៀត ។

​សម រង្ស៊ី​គឺជា​ទណ្ឌិត​ដែលមាន​សាលដីកា​ស្វែងរក​ការចាប់ខ្លួន ជា​ប្រធាន​នៃ​របស់​ដែល ហៅថា​ចលនា​សង្គ្រោះ​ជាតិ ដែលជា​ចលនា​ឧទ្ទាម​កម្ម​នៅក្រៅ​ប្រទេស​ធ្លាប់ជា​អតីត ប្រធាន​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយចោល ។ ដូច្នេះ យើង​ដឹង​ច្បាស់​ណាស់​ថា សម រង្ស៊ី មិន​ហ៊ាន​វិល​មក​ប្រទេស​កម្ពុជា​វិញ​ជាដាច់ខាត ។ គោលបំណង​តែមួយគត់​របស់ សម រង្ស៊ី នៅពេលនេះ​គឺ​ការធ្វើសកម្មភាព​ពី​ខាងក្រៅ បំផុស​ឲ្យ​មាន​ចលាចល​ក្នុង​ផ្ទៃ​ប្រទេស បំផ្លិចបំផ្លាញ​សន្តិភាព និង​ដំណើរការ​ចលនា បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ឡើងវិញ​តែប៉ុណ្ណោះ ។​

​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់​នូវ​កាតព្វកិច្ច​ថែរក្សា​ឲ្យ​បាន​សុខសន្តិភាព​កំចាត់ ចោល​ឲ្យ​អស់​នៅ​រាល់​សកម្មភាព​ខុសច្បាប់ ដើម្បី​ការពារ​ភាពសុខសាន្ត​ជូន​ប្រជាជន ទោះជា​ក្នុងតម្លៃ​ណាក៏ដោយ ទំហំ​ប៉ុណ្ណា​ក៏ដោយ និង​ដោយ​ទ្រង់ទ្រាយ​ណាក៏ដោយ ។ កម្លាំង​មាន​សមត្ថកិច្ច​ក៏បាន​ត្រៀម​គ្រប់​លក្ខណៈសម្បត្តិ​ដើម្បី​អនុវត្តតាម​ដីកា​របស់​តុលាការ​ដើម្បី​ចាប់ខ្លួន​ទណ្ឌិត​ណាក៏ដោយ​ដែល​ក្នុងនោះ​មាន​ទណ្ឌិត សម រង្ស៊ី ផង​ប្រសិន បើ​ចូលមក​ជាន់​ទឹកដី​កម្ពុជា ។ មិនមែន​ជាការ​គំរាម​ទេ ប៉ុន្តែ​នេះ​គឺជា​ការអនុវត្ត​ច្បាប់ ។ កុំថាឡើយ​ដល់​ទៅ​ការធ្វើដំណើរ​ចូលមក​តាម​យន្តហោះ តាម​រថយន្ត ឬ​តាម​កាណូត កប៉ាល់ សូម្បីតែ​ចេះ​ហោះហើរ​បណ្តែត​ខ្លួន​តាម​វេហា ឬ​ចេះ​ត្បុល​កាយា​ក្នុង​រន្ធ​ក្រោម ដី​ក៏​គេច​មិន​រួច​ពី​ខ្នោះដៃ ដើម្បី​នាំខ្លួន​ចូលទៅក្នុង​ពន្ធនាគារ​ដែរ ៕ ដោយៈ​លី ទួង​

#