កុំ​ចេះតែ​ហ៊ាន​ជាមួយ​ចិន​! យន្តហោះ​ដឹក​អ្នកដំណើរ​២៧០​នាក់ វិល​ទៅ​នូវែ​លសេ​ឡង់​វិញ​កណ្តាលផ្លូវ ដោយសារ​តែ​ថា​តៃវ៉ាន់​ជា​ប្រទេស​ឯករាជ្យ​

417
ចែករម្លែក
  • 1.1K
    Shares

យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​នូវែ​លសេ​ឡង់​(Air New Zealand )​មួយ​បាន​ចាក​ចេញពី​ទីក្រុង​អក់​លែ​ន​មុន​ថ្ងៃត្រង់​ថ្ងៃ​សៅរ៍​ទី​៩​កុម្ភៈ តែ​បែរជា​បត់​មក​ចុះ​នៅ​អាកាស​យាន​​ដ្ឋា​ន​ដដែល​នៅ​១០​ម៉ោង​ក្រោយ ដោយ​បណ្តាល​អោយ​អ្នកដំណើរ​ជាង​២៧០​មួរ​ម៉ៅ​ក្តៅក្រហាយ​ជាខ្លាំង​។​

​ក្រុមហ៊ុន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កុម្ភៈ​ថា ចិន​មិន​អនុញ្ញាត​អោយ​យន្តហោះ​ចុះចត​នៅ​ក្រុង​សៀង​ហៃ ដោយសារ​កំហុស​រដ្ឋបាល​របស់ខ្លួន​។​តែ​កាលពី​ថ្ងៃ​អង្គារ​ទី​១២​កុម្ភៈ វា​​ត្រូវបាន​រាយការណ៍​ថា ចិន​ខឹង​នឹង​ក្រុមហ៊ុន​នេះ​ដែល​បាន​សរសេរ​ចុះ​ក្នុង​ឯកសារ​របស់​ខ្លួន​ថា តៃវ៉ាន់ ជា​ប្រទេស​ឯករាជ្យ​មួយ​។​

​យន្តហោះ​ជើងហោះហើរ​NZ289​បាន​ចេញពី​ក្រុង​អក់​លែ​ន​កាលពី​ថ្ងៃ​សៅរ៍ តែ​បាន​នាំ​អ្នកដំណើរ​ដដែល​មក​ចុះ​នៅ​អាកាសយានដ្ឋាន​ដដែល​នៅ​១០​ម៉ោង​ក្រោយ​

​ក្រុមហ៊ុន​បាន​សុំទោស​អ្នកដំណើរ​ចំពោះ​ការរំខាន​នេះ និង​បាន​កែប្រែ​ឯកសារ​ចុះបញ្ជី​យន្តហោះ​សំរាប់​ដំណើរការ​ហោះហើរ​និង​ចុះចត​នៅ​ចិន​។​

​កាលពី​ឆ្នាំមុន ជើងហោះហើរ​ទៅ​ចិន​នៃ​ក្រុមហ៊ុន​ដដែល​ក៏​វិលត្រឡប់​ពាក់កណ្តាល​ផ្លូវ​ទៅ​នូវែ​លសេ​ឡង់​វិញ តែ​អ្នកនាំពាក្យ​ក្រុមហ៊ុន​និយាយថា​បណ្តាលមកពី​បញ្ហា​ម៉ាស៊ីន​។​

​តៃវ៉ាន់ កោះ​ធំ​មួយ​នៅជាប់​ខាងកើត​មហា​ចិន​ដីគោក បាននិងកំពុង​គ្រប់គ្រង​ដោយ​ខ្លួនឯង​ចាប់តាំងពី​ឆ្នាំ​១៩៤៩ តែ​ចិន​អះអាង​ថា​វា​ជា​ផ្នែក​នៃ​ទឹកដី​របស់​ខ្លួន​ហើយ​ប្រឆាំង​​ដាច់ខាត​គំនិត​បង្កើត​ឯករាជ្យភាព​ទឹកដី​នេះ​ដាច់​ដោយឡែក​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​ចិន​មិនបង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ណា​ដែល​ទទួលស្គាល់​រដ្ឋាភិបាល​ក្រុង​តៃប៉ិះ និង​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ក៏​ដូចគ្នា​ដែរ​។​ឧទាហរណ៍ កាលពី​ឆ្នាំមុន ក្រុមហ៊ុន​​អាកាសចរណ៍​Qantas​ត្រូវបាន​បង្ខំ​អោយ​ផ្លាស់ប្តូរ​វិធី​នៃ​ការពណ៌នា​តៃវ៉ាន់​ថា​ជា​ប្រទេស​ទៅជា​«​ទឹកដី​»​វិញ​នៅលើ​គេហទំព័រ​របស់ខ្លួន​។​

​ចិន​អះអាងថា តៃវ៉ាន់​ជា​ខេត្ត​ផ្តាច់ខ្លួន​មួយ​របស់​ខ្លួន ហើយ​ត្រូវ​នាំ​មក​បង្រួបបង្រួម​ឡើងវិញ​នៅ​ថ្ងៃ​ណាមួយ​និង​អាច​ប្រើ​កម្លាំង​យោធា​ផង​បើ​ចាំបាច់​។​ហេតុនេះហើយ​បាន​ជា​រដ្ឋា​​ភិបាល​តៃវ៉ាន់​មិន​ហ៊ាន​ប្រកាស​ឯករាជ្យភាព រីឯ​មហាអំណាច​លោកខាងលិច រួម​មាន​អាមេរិក អង់គ្លេស​និង​អូស្ត្រាលី មិន​ហ៊ាន​ទទួលស្គាល់​តៃវ៉ាន់​ជា​ប្រទេស​ដាច់ដោយឡែក​មួយ​​ទេ​៕​ដោយ​៖​វាសនា​