កុំ​ចេះតែ​ហ៊ាន​! ករណី​បាញ់​នៅមុខ​ក្លឹប​កំសាន្ត EPIC ឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម ចូលខ្លួន​ឲ្យ​ប៉េអឹម​ចាប់​

1386
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម នាយទាហានជាន់ខ្ពស់​នៅ​កងពលតូច​ថ្មើរជើង “​ង ៧០” កូនចៅ​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ បាន​បាញ់​នៅមុខ​ក្លឹប​កំសាន្ត EPIC ជិត​ស្ថានទូត​រុស្ស៊ី​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌចំការមន ហាក់ដូចជា​បិទបាំង​រឿងនេះ ដោយ​អះអាងថា អត់​ដឹង​រឿង​ទៅវិញ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​២២ ខែឧសភា នេះ លោក​ឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម បាន​ចូលខ្លួន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ហេតុការណ៍​ផ្ទុះអាវុធ បាន​កើតឡើង​កណ្ដាលរាត្រី​ថ្ងៃទី​២១ ខែ ឧសភា ឆ្នាំ ២០១៨ នៅ​ចំណ​ច​ក្លិប​កំសាន្ត EPIC ស្ថិតនៅក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ប្រភព​បាន​ឲ្យ​ដឹងថា អ្នកបាញ់​នៅមុខ​ក្លឹប​កំសាន្ត EPIC គឺជា​ឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម ជិះ​រថយន្ត​ម៉ាក Alphard ពណ៌​ស ស្លាក​លេខ​រដ្ឋ​។ ការបាញ់​នេះ គឺ​មិនមាន​អ្នកណា​ហ៊ាន​ចេញមុខ​តតាំង​នោះទេ​។ បន្ទាប់ពី​បាញ់​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឧ​ត្ត​ម​សេនីយ៍​រូបនេះ បាន​ជិះ​រថយន្ត​គេចខ្លួនបាត់​។​

​សូមជម្រាបថា កាលពីពេល​ថ្មីៗ​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា ក្មួយ​សម្តេចនាយក​រដ្ឋមន្ត្រី បន្ទាប់ពី​បាញ់បោះ​សេរី នៅ​ខណ្ឌដូនពេញ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហូ ចំរើន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់ពី​បាញ់​គំរាម​ឪពុកក្មេក និង​ប្រពន្ធ នៅក្នុង​ភូមិគ្រឹះ​នា​ខណ្ឌដង្កោ​៕