កុំ​ចេះតែ​ហ៊ាន​! រិះគន់​អ្នកមាន​ទ្រព្យ​ស្តុក​រឿង​ចាយ​ប្រាក់រៀល​ពិបាក​រាប់ ត្រូវ​ជាប់​ខ្នោះ​

771
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុង​ស្ទឹងត្រែង​ឃាត់ខ្លួន ពាក់ព័ន្ធ​បទ​ជំរិត​ទារប្រាក់ ១.០០០​ដុល្លារ ពី​ម្ចាស់​ហាង​ប្តូរប្រាក់ និង​លក់​ទូរស័ព្ទដៃ​មួយកន្លែង នៅ​ផ្សារ​ខេត្តស្ទឹងត្រែង​។ ការឃាត់ខ្លួន​នោះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​ប្រាប់ថា យុវជន​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ម៉ៅ ឌី​ណា ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មានមុខរ​បរជា​អ្នកលក់​ភេសជ្ជៈ​អូរ​អ៊ី​ឈិ និង​ទឹក​ប្រទាល​ប្រចាំ​ក្រុង​ស្ទឹងត្រែង មាន​ទីលំនៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។​

​កាលពី​ថ្ងៃទី​៦​វិច្ឆិកា​យុវជន​ខាងលើនេះ បាន​បង្ហោះ​សារ​រិះគន់​ម្ចាស់​ហាង​ឈ្មោះ​ហេង​ឡាយ ចែកចាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​។ យុវជន​រិះគន់ថា ខ្លួន​បាន​យកប្រាក់​រៀល​រាយ​ទៅ​ទិញ​កាត​ទូរស័ព្ទ​នៅ​ហាង​មួយ​ឈ្មោះ​ហេង ឡាយ​នៅ​ផ្សារ​ស្ទឹងត្រែង​។ ពេល​យក​ប្រាក់រៀល ទៅ​ចាយ​ម្ចាស់​ហាង បាន​បដិសេធ​មិន​យកប្រាក់​រៀល​រាយ​នោះទេ ដោយបាន​និយាយថា​ខ្ជិល​រាប់​។ ក្រោយ​ចេញពី​កន្លែង ទិញ​កាត​ទូរស័ព្ទ​ភ្លាម យុវជន​ខាងលើ ខឹងសម្បា​យ៉ាងខ្លាំង ក៏បាន​បង្ហោះ​រិះគន់​រឿង​ចាយ​ប្រាក់រៀល ត្រូវ​អ្នកលក់​កាត​ទូរស័ព្ទ​ថា​ខ្ជិល​រាប់ មិន​យកប្រាក់​របស់ខ្លួន​ក្នុង​គោលបំណង​ឱ្យ​មហាជន បានដឹង​ពី​អ្នក​ហាង​ខាងលើ មិន​ទទួល​ប្រាក់រៀល​រាយ​ខ្មែរ​នោះឡើយ​។​

​មន្ត្រីនគរបាល​ក្រុង​ស្ទឹងត្រែង​បានឱ្យដឹងថា ម្ចាស់​ហាង​បានឃើញ​ឈ្មោះ ម៉ៅ ឌី​ណាប​ង្ហោះ​រិះគន់​ហាង​របស់ខ្លួន ហើយ​អ្នកលេង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ចែកចាយ​បន្ត​គ្នា​។ ឃើញ​ដូច​នោះ ម្ចាស់​ហាង​ក៏បាន​ប្រាប់​ឱ្យឈ្មោះ​ម៉ៅ​ឌី​ណា លុប​ចេញពី​ហ្វេ​ស​ប៊ុ​ក​។ តែ​យុវជន​រូបនេះ មិនបាន​លុប​ទេ ហើយ​បាន​និយាយ​គំរាម​ទារប្រាក់ ចំនួន​១.០០០​ដុល្លារ​ពី​ម្ចាស់​ហាង​ឈ្មោះ ហេង ឡាយ ជា​ថ្នូរ​នឹង​ការ​លុប​សារ​រិះគន់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ បន្ទាប់មក ម្ចាស់​ហាង​បានដាក់​ពាក្យបណ្តឹង​នៅ​កន្លែង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងត្រែង ចោទ​យុវជន​បង្ហោះ​ហ្វេ​ស​ប៊ុ​កថា បាន​គំរាម​ជំរិត​ទារប្រាក់​១០០០​ដុល្លារ​។ ពេល​ទទួល​ពាក្យបណ្តឹង​ភ្លាម អធិការ​ក្រុង​ស្ទឹងត្រែង​ក៏បាន​បើក​ការស្រាវជ្រាវ និង​ឃាត់ខ្លួន​យុវជន យកទៅ​សាកសួរ​នៅ​អធិការ​ក្រុង​តែម្តង​។​

​រស្មី​កម្ពុជា​មិនទាន់​អាច​សុំ​ការពន្យល់​បន្ថែម​ពី​យុវជន ដែល​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​នៅឡើយ​ទេ ជុំវិញ​ការ​ចោទ​ប្រាក់​ពីបទ​ជំរិត​ទារប្រាក់ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​រិះគន់​ម្ចាស់​ហាង​ឈ្មោះ​ហេង​ឡាយ​មួយកន្លែង នៅ​ផ្សារ​ស្ទឹងត្រែង​៕