សកម្មជនថៃម្នាក់ដែលប្រឆាំងនឹងតួនាទីរបស់យោធានៅក្នុងនយោបាយ ត្រូវបានគេវាយកាលពីថ្ងៃសុក្រទី២៨មិថុនា និងបានសន្លប់នៅក្នុងការវាយប្រហារលើកទី២ក្នុងរយៈពេលតែ១ខែ ។
ស៊ីរ៉ាវីត សេរិទីវ៉ាត ត្រូវបុរស៤នាក់យកដំបងវាយចំក្បាលនៅមុនថ្ងៃត្រង់បណ្តាលអោយគាត់ដួលសន្លប់ក្នុងថ្លុកឈាមនៅចិញ្ចើមផ្លូវជិតផ្ទះរបស់គាត់នៅក្រុងបាងកក។ជនវាយប្រហារដែលបានជិះម៉ូតូគ្មានស្លាកលេខនិងពាក់មួកសុវត្ថិភាពនៅពេលពួកគេវាយលោកស៊ីរ៉ាវីត បានគេចខ្លួនដោយសុវត្ថិភាព។
សូមបញ្ជាក់ថា យោធាថៃបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០១៤ និងបានបង្ក្រាបលើជនប្រឆាំង ខណៈខកខានមិនបានស៊ើបអង្កេតអំពើហិង្សាលើអ្នករិះគន់ខ្លួន។ក្រុមយោធាបានធ្វើច្បាប់បោះឆ្នោតថ្មីដែលអំណោយផលដល់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចានអូចា រក្សាតំណែងនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតកាលពីខែមីនា។
បើតាមម្តាយរបស់ជនរងគ្រោះ ការវាយប្រហារនេះបណ្តាលអោយលោកស៊ីរ៉ាវីតបែកភ្នែកនិងក្បាល។
ស៊ីរ៉ាវីត បានរងការវាយប្រហារផងដែរកាលពីថ្ងៃ៣មិថុនា ដោយមនុស្ស៥នាក់នៅពេលលោកបានធ្វើការសំរាប់យុទ្ធនាការមួយដើម្បីសុំអោយសមាជិកព្រឹទ្ធសភាដែលតែងតាំងឡើងដោយយោធា កុំបោះឆ្នោតគាំទ្រលោកប្រាយុទ្ធ ជានាយករដ្ឋមន្ត្រី។
បើតាមសារព័ត៌មាន សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅថៃផ្សេងទៀតក៏រងការវាយប្រហារ តែហាក់មិនមានការស៊ើបអង្កេតនិងគ្មានការចាប់ខ្លួនជនដៃដល់ទេ៕ដោយ៖វាសនា
សកម្មជនប្រឆាំងយោធាលោក ស៊ីរ៉ាវីត សេរិទីវ៉ាត ក្នុងពិធីប្រារព្វខួបទី៤នៃការចូលកាន់កាប់យោធា ក្នុងប្រទេសថៃកាលពីថ្ងៃ២២ ឧសភា ឆ្នាំ២០១៨។លោករងការវាយប្រហារ២លើក្នុងខែនេះ តែចុងក្រោយធ្ងន់មិនដឹងស្លាប់ឬរស់