កុំ​ដេក​ស្រមៃៈ​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​តុលាការ​កំពូល​រំលាយ​នៅពេល​ឆាប់ៗ​

1928

ភ្នំពេញៈ គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​តុលាការ​កំពូល​រំលាយ​នៅពេល​ឆាប់ៗ​ខាងមុខនេះ មិន​ដូច​អ្វីដែល​ទណ្ឌិត សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ត្រូវ​លុបចោល ហើយ​លោក​កឹម សុខា នឹងត្រូវ​ដោះលែង ដោយសារតែ​សម្ពាធ​អន្តរជាតិ​នោះឡើយ​។​
​ ​មាន​ក្រុមមន្ត្រី​គណបក្សប្រឆាំង​បាន​ដើរ​ប្រាប់​ប្រជាពលរដ្ឋ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ត្រូវ​រំលាយ​នោះទេ ហើយ​លោក​កឹម សុខា នឹងត្រូវ​ដោះលែង​នៅពេល​ឆាប់ៗ​នេះ គឺ​ដោយសារតែ​សម្ពាធ​អន្តរជាតិ​។​
​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែតុលា​ថា នៅពេលនេះ​មេបក្ស​ប្រឆាំង​ទាំងថ្មី ទាំងចាស់ ព្រមទាំង​បក្សប្រឆាំង​ទាំងមូល នៅតែមាន​ក្តី​សង្ឃឹម​ថា ខ្លួន​នឹង​បាន​រួច​ពី​ជាប់ពន្ធនាគារ និង​រួច​ពី​ការរំលាយចោល​ដោយ​តុលាការ​កំពូល​ដោយ​សំអាង​លើ​ការ​ទស្ស​ន៏​​ទាយ​របស់ សម រង្សី ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​រង​សម្ពាធ​ពី​អន្តរជាតិ មិន​ហ៊ាន​អនុវត្តតាម​ផែនការ​កាត់ទោស​លោក កឹម សុខា និង​រំលាយ​បក្សប្រឆាំង​។ ក៏ប៉ុន្តែ​ការ​ព្យាករ​របស់​ល​លោក សម រង្សី មិនអាច​យកជាការបាន​ទេ ដោយសារតែ​លោក​សម រង្សី ពឹង​តែ​លើ​វត្ថុ​ក្រៅ​ខ្លួន រវើរវាយ គ្មាន​ប្រាកដនិយម​អ្វី​ឡើយ​។ អ្វីៗ​រង់ចាំតែ​បរទេស ដូចដែល​ធ្លាប់​ឃើញ​កន្លងមកហើយ ដែល​មិនដែល​បាន​ផល​ឡើយ​។​
​លោក​បញ្ជាក់ថា ផ្អែក​តាម​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដំណើរការ​រឿងក្តី​ក្បត់ជាតិ​របស់​លោក កឹម សុខា នឹង​នៅតែ​ទៅមុខ តាម​នីតិវិធី​របស់​តុលាការ ហើយ​ជោគវាសនា​របស់​បក្សប្រឆាំង​ក៏​រង់ចាំតែ​ពេលវេលា​តែប៉ុណ្ណោះ​។ ដូច្នេះ ក្តីសង្ឃឹម​របស់​មេបក្ស​ប្រឆាំង​និង​បក្សប្រឆាំង ស្ថិតក្នុង​ស្ថានភាព​អស់​សង្ឃឹម​យ៉ាងខ្លាំង​។ ការនិយាយ ការខិតខំ​ដើរ រត់​ទៅ​ឱប​ជើង​បរទេស ការខិតខំ​ផ្សាយ​ពង្រីក​បំប៉ោង​ព័​ត៍​មាន​របស់​ពួក​អគតិ វា​គ្រាន់តែ​ជា ដង្ហើមចុងក្រោយ​របស់​ពួក​ប្រឆាំង​តែប៉ុណ្ណោះ​។​
​សូមជម្រាបថា កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ ក្រសួងមហាផ្ទៃ បានដាក់​ពាក្យបណ្តឹង​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​តុលាការ​កំពូល​ពាក់ព័ន្ធ​ករណី​រៀបចំ​ផែនការ​ឃុបឃិត​ជាសម្ងាត់​ជាមួយ​បរទេស ក្នុងការ ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​ទម្រង់​នៃ​ការធ្វើ​បដិវត្តន៍​ពណ៌ ដោយ​យក​គំ​រូតាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែរ​ប៊ី ក៏ដូចជា​បណ្តា​ប្រទេស​មួយចំនួន​នៅ​ម​ជ្ឈឹ​ម​បូព៌ា​៕MN/ដោយៈមុនីរ័ត្ន

លោក សុខឥសាន