កុំ​ប្រហែស​នឹង​សត្វ​សាហាវ​! ខ្លាឃ្មុំ​វាយប្រហារ​គ្រូ​សៀក​

419
ចែករម្លែក

ក្រុមមន្ត្រី​មាន​សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត​បទ​ព្រហ្មទណ្ឌ បន្ទាប់ពី​ខ្លាឃ្មុំ​សម្ដែង​សៀក​បាន វាយប្រហារ​គ្រូបង្ហាត់​បណ្ដាលឱ្យ​របួស​ធ្ងន់ អំឡុងពេល​សម្ដែង​នៅ​ប្រទេស​រុស្ស៊ី ភាគ​ខាងជើង​។​
​ ​
​តាមរយៈ​វីដេអូ​ឃ្លី​ប​គួរឱ្យ​ស្រៀវ​សាច់​ថត​បាន​កាល​ពីថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែតុលា នៅ​អូ​ឡូ ណេ​ត​ស៍ (Olonets) ជាទី​ក្រុង​តូច​មួយ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១៨០​គីឡូម៉ែត្រ​នា​ភាគ​ឦសាន ក្រុង​សេន ភី​ត​ធ័​រ​ស្បឺ​ក (St. Petersburg) បង្ហាញ​ពី​សកម្មភាព​ខ្លាឃ្មុំ​រុញ​ផ្តួល​រទេះ​ខណៈពេល​វា ដើរ​ដោយ​ជើង​ក្រោយពីរ ហើយ​បន្ទាប់មក​ក៏​វាយប្រហារ​គ្រូបង្ហាត់ ដោយ​ខាំ​និង​កន្ទ្រប់​គ្រូបង្ហាត់ ទៅនឹង​ដី​។ ឃើញ​បែប​នោះ គ្រូបង្ហាត់​ម្នាក់ទៀត​បាន​ស្ទុះ​ទៅ​ទាត់​ធាក់​ខ្លាឃ្មុំ​យ៉ាង​រន្ថើន​ដើម្បី បញ្ឈប់​សកម្មភាព​វាយប្រហារ​របស់​វា​។​
​ ​
គេហទំព័រ gazeta.ru បាន​ដកស្រង់​សម្ដី​សាក្សី​ម្នាក់​ដែល​បាន​លើកឡើងថា បន្ទាប់មក​ខ្លាឃ្មុំ​បាន រត់​ចូល​កន្លែង​អ្នកទស្សនា មុនពេល​ត្រូវគេ​ឆក់​បង្ក្រាបបាន​។​
​ ​
សូមបញ្ជាក់ថា នៅ​ចន្លោះ​រវាង​កន្លែង​សម្ដែង​សៀក និង​កន្លែង​អ្នកទស្សនា​អង្គុយ​គឺ​គ្មាន​របាំង ការពារ​ទេ​។ ទីភ្នាក់ងារ​ព័ត៌មាន Interfax បាន​ចុះផ្សាយ​ថា គណៈកម្មការ​ស៊ើបអង្កេត​បាន​បើក​ការ ស៊ើបអង្កេត​បទ​ព្រហ្មទណ្ឌ​ហើយ តាម​ការចោទប្រកាន់​ពីបទ​ផ្តល់​សេវា​គ្មាន​សុវត្ថិភាព​៕ ប្រែ​សម្រួលៈ​ខុម​