កុំ​មើលងាយ​! អ្នកសុំទាន​មាន​ឡាន​ផ្ទាល់ខ្លួន​

419
ចែករម្លែក

​អ្នកសុំទាន​ម្នា​ក់នៅ​ក្រុង​បូ​ហ្គ័​រ (Bogor) ខេត្ត​ជ្វា​ខាងលិច (West Java) ប្រទេស​ឥណ្ឌូនេស៊ី ស្រាប់តែ​ល្បីល្បាញ​ពេញ​បណ្តាញ​អ៊ិន​ធឺ​ណិ​ត បន្ទាប់ពី​រូបថត​គាត់​បើកទ្វារ​រថយន្ត របស់ខ្លួន​ត្រូវគេ​បង្ហោះ​ចែករំលែក​តៗ​គ្នា​ព្រោងព្រាត​កាលពី​ថ្ងៃ​អង្គារ ទី​១៩ ខែមីនា​។
​ ​
លោក ហឺ​រី កា​ណា​ឌី (Herry Karnadi) ប្រធាន​សណ្ដាប់ធ្នាប់​សាធារណៈ​ក្រុង​បូ​ហ្គ័​រ និយាយថា បុរស​ខាងលើ​ឈ្មោះ អា​បា (Abah) ហើយ​គេ​តែង​តែង​ឃើញ​គាត់​សុំទាន​នៅ ចំណុច​ផ្លូវ​ប្រសព្វ​ជិត​ផ្សារ Lotte Mart ស្ថិតក្នុង​ស្រុក​តេ​ណា សា​រៀល (Tanah Sareal) ក្រុង​បូ​ហ្គ័​រ​។ គាត់​បានបញ្ជាក់​ប្រាប់​គេហទំព័រ kompas.com ថា “​ជាការ​ពិត គាត់​ពិតជា មាន​រថយន្ត​មែន​”​។

​ក្រោយ​ដឹងថា​អ្នកសុំទាន​រូបនេះ​មាន​ឡាន​ជិះ​ផ្ទាល់ខ្លួន​យ៉ាង​ហ៊ឺហា ខណៈ​ប្រជាជន​ធម្មតា រាប់លាន​នាក់​ខ្វះ​លទ្ធភាព​ទិញ​ឡាន​ជិះ មហាជន​បាន​បើកភ្នែក​ធំៗ​ដោយ​ក្ដី​ភ្ញាក់ផ្អើល និង​នឹក​ហួសចិត្ត​យ៉ាងខ្លាំង​។​
​ ​
​អា​បា ត្រូវគេ​ថត​បាន​ពេល​កំពុង​បើកទ្វារ​ឡាន​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ទី​១៨ ខែមីនា​។ នៅពេលនោះ​ប៉ូលិស​ក្រុង​បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​ដោះ​បដា​យុទ្ធនាការ​ខុសច្បាប់​។ ប៉ុន្តែ​អ្នកសុំទាន​នៅ​តំបន់​នោះ​ខ្លាច​ប៉ូលិស​ចាប់ ក៏​រត់​ចែក​ជើង​គ្នា​។ ចំណែកឯ អា​បា ក៏រ​ត់ទៅ​បើកឡាន​របស់ខ្លួន​ចេញពី​ចំណត​គេចខ្លួន​ដើម្បី​គេចខ្លួន​ដែរ​៕ ប្រែ​សមរួលៈ​ខុម​