កុំ​មើលស្រាល​ជំងឺផ្លូវចិត្ត​និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​វា​បណ្តាលឱ្យមាន​ញ្ហា​ធ្ងន់ធ្ងរ​

1351
ចែករម្លែក
  • 8
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ជំងឺ​មាន​ច្រើន​ប្រភេទ​។ ប៉ុន្តែ​ជំងឺ​ទាំងនោះ​ត្រូវបាន​បែង​ចែកជា​២​ប្រភេទ​ធំៗ នោះ​គឺ ជំងឺ​ផ្លូវកាយ និង​ជំងឺផ្លូវចិត្ត​។​ជា​រៀងរាល់ថ្ងៃ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ហៅថា ពេទ្យរុស្ស៊ី​នោះ បានផ្ដល់​ការប្រឹក្សា​និង​ព្យាបាល​ដល់​អ្នកជំងឺ​ប្រមាណ​១​ពាន់​នាក់​។​ក្នុងនោះ​អ្នកជំងឺ​ប្រមាណ​ពាក់កណ្ដាល​គឺ​ចន្លោះ​ពី​៣៥០​នាក់​ទៅ​៧០០​នាក់​ទៅ​ទទួល​សេវា​ប្រឹក្សា​ពិគ្រោះ​និង​ព្យាបាល​ជំងឺផ្លូវចិត្ត​។​

​នេះ​បើតាម​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត​និង​ការបំពាន​គ្រឿងញៀន​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុ​បុត្រា ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​ថប់​បារម្ភ នៅ​ថ្ងៃទី​៥ សីហា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន​។​

លោក​វេជ្ជបណ្ឌិត​យឹម​សុ​បុត្រា​បាន​ពន្យល់​ទៀតថា​ការទុកឱ្យ​បញ្ហា​ផ្លូវចិត្ត​កើតមាន​ញឹកញាប់​និង​កាន់តែច្រើន នឹង​បង្ក​ទៅជា​ជំងឺផ្លូវចិត្ត​ដែល​ទាមទារ​ឱ្យមាន​ការព្យាបាល​។​ដោយសារ​ជំងឺផ្លូវចិត្ត​មាន​ច្រើន​ប្រភេទ និង​ច្រើន​កម្រិត គេ​ត្រូវ​សម្គាល់​មើល​អាកា​រៈ​នៃ​ប្រភេទ​ជំងឺ​នីមួយៗ​ដើម្បី​ព្យាបាល​។

លោក​វេជ្ជបណ្ឌិត​ឱ្យដឹង​ដែរ​ថា​តាមរយៈ​បទពិសោធ​នៃ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​កន្លងមក​អ្នកជំងឺ​ផ្លូវចិត្ត​នៅ​កម្ពុជា​ភាគច្រើន​កើត​ជំងឺ​ថប់​បារម្ភ​និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​៖«​ជំងឺ​ថប់​បារម្ភ​វា​កើត​ឡើងជា​អាកា​រៈ ភ័យ រន្ធត់ ញ័រ បែកញើស​ស្អិត បេះដូង​ដើរ​ញាប់ ស្រវាំង វិលមុខ សម្រាន្ត​មិន​លក់ ភ្ញាក់ឡើង​រន្ធត់​ខ្លាំង ឮសូរ​សំឡេង​អី​ឆាប់​ភ័យ​និង​ខ្លាច​ស្លាប់​។ រីឯ​ជំងឺ​ធ្លាក់​ទឹកចិត្ត អស់សង្ឃឹម តូចចិត្ត ចង់តែ​ស្លាប់​។ ខុសគ្នា​។ មាន​កម្រិត​ទាប អ្នកខ្លះ​គ្រាន់តែ​គិត​ចង់ អ្នកខ្លះ​ទៅធ្វើ​អត្តឃាត​ឬ​មនុស្សឃាត​តែម្តង​»​។​

​ទាក់ទិន​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ​ផងដែរ ព្រះ​ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព មាន​ថេរ​ដិ​កា​រថា​« សុខភាព​ផ្លូវចិត្ត​ពិត​ជាមាន​សារសំខាន់​ណាស់ សម្រាប់​ជីវិត​មនុស្ស​ម្នាក់ៗ​។ ជីវិត​នេះ ត្រូវការ​ទឹកចិត្ត សំខាន់​ណាស់ បើ​អស់សង្ឃឹម​ហើយ ទៅមុខ​មិន​រួច​ទេ​”​។

សូមបញ្ជាក់ថា​ដោយ​មើលឃើញ​ពី​បញ្ហា​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​ថប់​បារម្ភ ប្រធាន​សមាគមន​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា ជប៉ុន (CJBI) លោក​អៀង សុធា​រ៉ា បាន​ពន្យល់​បន្ថែម​ពី​មូលហេតុ ដល​លោក​រៀបចំ​សិក្ខាសាលា​ស្តីពី​ជំងឺផ្លូវចិត្ត ពិសេស​ផ្តោតលើ​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​ថប់​បារម្ភ នៅ​ថ្ងៃ​៥ សីហា​នេះ​ឡើង​ថា​៖​កត្តា​គ្រប់គ្រង​ចិត្ត​ពិតជា​មាន​សារសំខាន់ ក្នុងការ​ការពារ​ជំងឺផ្លូវចិត្ត ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​ជំងឺ​នេះ​ដោយ​មិនដឹង​ខ្លួន​វិញ លោក​សង្ឃឹមថា ពួកគាត់​នឹង​អាច​យល់ ឬ​ដឹង​អំពី​ការព្យាបាល​ជំងឺផ្លូវចិត្ត​តាមបែប​ពុទ្ធចក្រ និង​អ​ណា​ចក្រ​។

​លោក​អៀង សុធា​រ៉ា បាន​មាន​ប្រសា​ន៍​ថា​៖ គោលបំណង​ទី​១៖ យើង​ផ្សព្វផ្សាយ​ឱ្យ​យល់ថា​អ្វី​ទៅជា ជំងឺផ្លូវចិត្ត ហើយ​ដើម្បីឱ្យ​ទាំងអស់គ្នា​យល់ ហើយ​ដើម្បី​ឱ្យមាន​វិធានការ​ការពារ កុំ​ឱ្យមាន​ជំងឺផ្លូវចិត្ត ព្រោះ​ចិត្ត​នេះ​វា​គ្រប់គ្រង​កាយ​។ កាលណា​ចិត្ត​ឈឺ កាយ​យើង​ក៏​ឈឺ​ដែរ​។ គោលបំណង​ទី​២៖ គឺ​យើង​ប្រាប់ បង្រៀន​អំពី​របៀប​ពង្រឹង​សតិ ព្រោះថា​មានតែ​សតិ​មួយ​ទេ ដែល​អាច​ទប់ ទៅគ្រប់​គ្រង​ចិត្តបាន​។ ហើយ​មានតែ​សតិ​មួយ​ទេ ដែល​អាចជួយ​ចិត្ត​កុំឱ្យ​ឈឺ​បាន​។

ទី​៣​គឺ​យើង​ជម្រាប​ប្រាប់​អ្នកចូលរួម​ថា ការការពារ និង​ព្យាបាល​ជំងឺផ្លូវចិត្ត​គឺត្រូវធ្វើ​ឡើង​រួមគ្នា គឺ​ទាំង​ការពង្រឹង​សតិ​របៀប​ហាត់​តាម​ព្រះពុទ្ធសាសនា​ជា​មូលដ្ឋាន​ហើយនឹង​ការប្រើប្រាស់​ថ្នាំ​ក្នុងករណី​ដែល​ចាំបាច់​។​ប៉ុន្តែ​ក្នុងករណី​មិនចាំបាច់​គេ​មិន​ប្រើ​ថ្នាំ​ទេ​គឺ​គេ​ប្រើតែ​វិធី​ពង្រឹង​សតិ​តាមរយៈ​សមាធិ​ហ្នឹងឯង​។ ទី​៤ យើង​ចង់ ពន្យល់​ទៅ​អ្នកចូលរួម​ថា មានតែ​ពង្រឹង​គុណធម៌​ទៅដល់​មនុស្ស​គ្រប់រូប​នៅក្នុង​សង្គម ទាំង​សង្គម​គ្រួសារ ទាំង​សង្គម​ទាំងមូល ទើប​យើង​អាច​កាត់បន្ថយ​បាន​នូ​ជំងឺផ្លូវចិត្ត ព្រោះ​ជំងឺផ្លូវចិត្ត​នេះ កើតឡើង​ពី​មនុស្ស​មួយក្រុម ឬ​មនុស្ស​មួយចំនួនធំ​មិនមាន​គុណធម៌​។

គោលបំណង​ធំ​សំខាន់​ចុងក្រោយ​នៃ​កម្មវិធី​ហ្នឹង​គឺ​យើង​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​កម្ពុជា​ទាំងមូល​មាន​សុខភាព​ផ្លូវកាយ​ល្អ មាន​សុខភាព​ផ្លុ​វ​ចិត្តល្អ ដើម្បី​មាន​សុភមង្គល​បុគ្គល គ្រួសារ និង​សង្គម​ទាំងមូល ហើយ​នេះ​ក៏​ជា​មូល​ហេតុដែល​ធ្វើឱ្យ​យើង​រៀបចំ​សិក្ខាសាលា​ទាំងនេះ​ជា​បន្តបន្ទាប់​ផងដែរ​”​។

​គួរ​រម្លឹក​ផងដែរ​ថា នេះ​ជា​សិក្ខាសាលា​លើក​ទី​១៤ ហើយ​ដែល​មូលនិធិ​អៀង​បានរៀបចំ​ឡើង ក្រោម​ស្លាក​នៃ​ការជំរុញឱ្យ​ប្រជាជន​កម្ពុជា​ទាំងមូល​មាន​សុខភាព​ផ្លូវកាយ​ល្អ មាន​សុខភាព​ផ្លូវ​ចិត្តល្អ ដើម្បី​មាន​សុភមង្គល​បុគ្គល គ្រួសារ និង​សង្គម​ទាំងមូល​។

​យោងតាម​ឯកសារ​នៃ​សមាគម​ចិត្តសាស្ត្រ​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​មាន​កត្តា​៣​យ៉ាងសំខាន់ៗ​ដែលនាំឱ្យ​មនុស្ស​មាន​បញ្ហា​ផ្លូវចិត្ត​កត្តា​សង្គម កត្តា​ជីវសាស្ត្រ និង​កត្តា​ចិត្តសាស្ត្រ​។ កត្តា​សង្គម​ដូចជា បញ្ហា​ស្នេហា សេដ្ឋកិច្ច ជាដើម​។ រីឯ​កត្តា​ជីវសាស្ត្រ​វិញ​រួមមាន ការប្រើប្រាស់​ថ្នាំ គ្រឿងញៀន ការសេព​គ្រឿង​ស្រវឹង​។​ល​។ចំណែកឯ​កត្តា​កត្តា​ចិត្តសាស្ត្រ​នោះ​គឺ កត្តា​ដែល​កំណត់​ការ​ធំ​លូតលាស់​របស់​មនុស្សម្នា​ក់ៗ របៀបរបប​នៃ​ចិញ្ចឹម​បីបាច់​របស់​គ្រួសារ​មួយ ទៅលើ​កូន​ម្នាក់ៗ​៕S/

​ចំណងជើង​រូ​បថ​តៈ​សិក្ខាសាលា​ស្តីពី​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​ថប់​បារម្ភ នៅ​ថ្ងៃទី​៥ សីហា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន​(​រូបៈ​សុផល​)