កុំ​យក​ប្រធានបទ​សិទ្ធិមនុស្ស ឬ ប្រជាធិបតេយ្យ​ជា​លេស​បំផ្លាញ​កម្ពុជា​ ​

2558
ចែករម្លែក

(​ភ្នំពេញ​) ៖ លោក​ផៃ ស៊ី​ផាន មន្ដ្រី​នាំពាក្យ​រដ្ឋាភិបាល នា​ល្ងាច​ថ្ងៃទី​២២ សីហា បានចេញ​លិខិត​ចំហ​មួយ​ដោយបាន​បកស្រាយ​ទៅនឹង​​ការលើកឡើង​របស់លោក​ស្រី រូ​ណា​ស្មី​ត ប្រេសិត សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ដែលថា​កម្ពុជា​“​ខិត​ទៅរក​ស្ថាន​​ភាពគ្រោះថ្នាក់ ដោយមាន​ការគំរាមកំហែង​” គឺជា​វាក្យ​ស័ព្ទ​វាយប្រហារ ដែលជា​យុទ្ធសាស្ដ្រ​បំពុល និង​បំភ្លៃ​ការពិត​នៅ​កម្ពុជា​។​
​ ​
​ការលើកឡើង​របស់​ម​ន្ដ្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បែបនេះ គឺ​បន្ទាប់ពី​អ្នកស្រី​រ៉ូ​ណា​ស្មី​ត ប្រេសិត​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ដែល​បាន​​បញ្ជាក់​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី​២១ សីហា ដោយបាន​បង្ហាញ​ក្ដីបារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​​ខិត​ទៅរក​ស្ថានភាព​គ្រោះថ្នាក់ ដោយសារ​មានការ​គំរាមកំហែង​លើ​បញ្ហា​ជាច្រើន​។​
​ ​

លោក​ផៃ ស៊ី​ផាន មន្ដ្រី​នាំពាក្យ​រដ្ឋាភិបាល

​លោក​ផៃ ស៊ី​ផាន បាន​លើកឡើងថា ៖​ខ្ញុំ​មាន​សេចក្តីសោកស្តាយ​យ៉ាង​ក្រៃលែង និង​ភ្ញាក់ផ្អើល​ជាទីបំផុត​ចំពោះ​ការលើកឡើង​ដែលជា​វាក្យ​​ស័ព្ទ​វាយប្រហារ និង​បំពុល​ដែល​លោកស្រី​ជា​ដៃគូ​អភិវឌ្ឍន៍ និង​ពង្រឹង​វិស័យ​សិទ្ធិមនុស្ស ដើម្បី​ផលប្រយោជន៍​ជាការ​កម្ពុជា​។​ហើយក៏​ជា​​វាក្យ​ស័ព្ទ យុទ្ធសាស្ត្រ​ព័ត៌មាន​បំពុល ដែល​ខុសពី​ការពិត​នៅ​កម្ពុជា​។​ខ្ញុំ​ចាំបាន​ថា​៖ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែងការណ៍​ទៅកាន់​អង្គប្រជុំ​អង្គការសហប្រជាជាតិ​ថា “​លទ្ធិ​​ប្រជាធិបតេយ្យ​ល្អឥតខ្ចោះ មិនអាច​កើតឡើង​ទៅបាន​ទេ នៅពេលដែល​អ្នកប្រឆាំង​ទាំងនោះ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​យ៉ាងធ្ងន់ធ្ងរ​”​។ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​បកស្រាយ និង​ច្រានចោល​នូវ​អំណះអំណាង ដែល​ចោទថា​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ព្យាយាម​វាយ​​បំបាក់​គណបក្សប្រឆាំង និង​អ្នក​រិះគន់​ផ្សេងៗ​ទៀត​មុន​ការបោះឆ្នោត ឃុំ​សង្កាត់ នៅ​ឆ្នាំក្រោយ​និង​ការបោះឆ្នោត​ជ្រើសរើស​តាំង​​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៨”​។​

លោក​ស្រី រូ​ណា​ស្មី​ត

​ ​
​លោក​បាន​បន្តថា​ ​ការលើកឡើង​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី នៅ​ចំពោះមុខ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក កាលពី​ពេលនោះ បាន​ដាស់​ស្មារតី​ប្រជាជាតិ ជា​សមាជិក​ឲ្យ​យល់​ពី​ស្ថានភាព​ជាក់ស្តែង​ពិតប្រាកដ ចំពោះ​ការ​ញុះញុង់​អោយ​ប្រជាជាតិ​ទាំង​អស់​មើលឃើញ​កម្ពុជា​អវិជ្ជមាន និង​ខ្មៅ​ងងឹត ដែល​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា​“​នៅ​លោកខាងលិច​អង្គការ​មិនមែន​​រដ្ឋាភិបាល​មួយចំនួន ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ និង​រដ្ឋាភិបាល​ខ្លះ​តែងតែ​ចាត់ទុក​ភាព​ខ្សោយ​របស់​យើង​ជា​ស្ថានភាព​មិនអាច​ទទួលយក​​បាន​។ ក៏ប៉ុន្តែ​ការចោទប្រកាន់ ដោយ​មើលឃើញ​ស្ថានភាព​អាក្រក់​របស់​កម្ពុ​ជា នៅពេលនោះ ក្លាយទៅជា​ឥតន័យ គឺ​បង្ហាញ​នូវ​ការពិត ដែល​ជាការ​ប្រឌិត ភូតភរ បំពុល​សុទ្ធសាធ អាស្រ័យ នៅពេល​បច្ចុប្បន្ននេះ​ជាក់ស្តែង ប្រទេស​ខាងលិច​មួយចំនួន រាប់ទាំង​លោកស្រី រូ​ណា​ស្មី​ត ប្រេសិត សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ក៏បាន​ទទួលស្គាល់ ជាក់ស្តែង​ពិតប្រាកដ​ពី​ស្ថានភាព​ល្អប្រសើរ​នៃ​ការ​​បោះឆ្នោត ឃុំ​សង្កាត់ ក្នុង​រយៈពេល​កន្លងមក​ថ្មីៗ ដែល​ខុសពី​អ្វី​នៃ​ការ​ទស្សន៍ទាយ ឬ​ព្រួយបារម្ភ​របស់លោក​ស្រី​និង​ក្រុម​តាំងខ្លួន​ជា​អ្នក​​ស្រឡាញ់​សិទ្ធិមនុស្ស បានធ្វើ​យុទ្ធនា​ការប្រឆាំង បំពុល​ក្នុង​រយៈ​កន្លងមក គឺ​មុនពេល​បោះឆ្នោត ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នេះ​។​សួរថា​តើ​​ការបោះឆ្នោត​នៅ​កម្ពុជា ស្ថិតនៅលើ​គោលការណ៍​មូលដ្ឋាន​នៃ​ច្បាប់បោះឆ្នោត​ខ្មែរ យន្តការ​គ្រប់គ្រង​ការបោះឆ្នោត និង​លទ្ធផល​នៃ​​ការបោះឆ្នោត ដែលជា​សិទ្ធិ​មូលដ្ឋាន​នៃ​ការសម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង​ដែល​ទទួលស្គាល់​និង​ការពារ​ដោយ​ធម្មនុញ្ញ​អង្គការ​សហ​ប្រ​​ជា​ជាតិ​(​មាត្រា​១)​ដែរ ឬទេ​? ឬមួយ​ក្រុម​ទាំងនោះ​យក​រឿង​ខ្មែរ​ជា​ចលនា ក្នុង​កិច្ច​ធ្វើ​វិទ្ធង្សនា​នយោបាយ​ចាប់ជំរិត​ខ្មែរ​ប្រឆាំង និង​ចិន​ដែរ ឬទេ​?
​ ​
​ក្រុម​តែងតាំង​ខ្លួន​ជា​អង្គការ​អន្តរជាតិ ឬ​ជា​សាស្ត្រាចារ្យ​ជំនាញ​អន្តរជាតិ​បានបង្ហាញ​យ៉ាងច្បាស់​លាស់​នូវ​ភាពមិន​សុច្ចរិត​និង​វិជ្ជាជីវៈ​​របស់ខ្លួន ព្រម​ជាមួយនិង​ផែនការ​សំងាត់​ក្នុងន័យ​នយោបាយ ជា​យុទ្ធសាស្ត្រ​របស់ខ្លួន ដូច​សាធារណៈមតិ​អាច​យល់បាន​តាម​ខ្លឹមសារ នៃ​ប្រតិកម្ម​ឆ្លើយតប​ជាមួយនិង​សេចក្តីថ្លែងការណ៍​របស់​ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស​និង​សហ​ប្រតិ​ប​ត្តិ​ការ​អន្តរជាតិ ដែល​លោក​បានធ្វើ​នៅ​វេទិកា​អង្គការសហប្រជាជាតិ​។ ប្រាកដ​ណាស់​ថា គឺជា​ចលនា​វិទ្ធង្សនា​លាប​ព័ណ៌​និង​ឈ្លានពាន​​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា គឺ​មិនមែន​ទិសដៅ នៃ​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ ឬ​ការបោះឆ្នោត​នោះទេ ។ ឧទាហរណ៍​ជាក់ស្តែង​តាមរយៈ​ការផ្សព្វផ្សាយ​របស់​ការ​សែត The Cambodia Dally ចុះផ្សាយ​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ ២០១៦​យើង​បានឃើញ​យ៉ាង​​ច្បាស់​នូវ​ប្រតិកម្ម​ជាក់ស្តែង ឧទាហរណ៍​៖
​ ​
​ចំណុច​ទី​១ លោក នី​កូ​ឡាស អា​ហ្គោ​ស្ទី​នី (Nicolas Agostini) តំណាង​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ​(International Federation For Human Rights) ប្រចាំ​អង្គការសហប្រជាជាតិ​បាន​លើកឡើងថា​ការនិយាយ​ការពារ​របស់​កម្ពុជា​ប្រឆាំង​​ការរិះគន់​ពី​អន្តរជាតិ​កំពុងតែ​ហាក់បីដូច​ជាមាន​ភាពស្រដៀងគ្នា​កាន់តែខ្លាំង​ឡើងៗ​ទៅនឹង​ប្រទេស​ចិន​ដែល​ឥឡូវ​ជា​អ្នកផ្តល់​ផលប្រយោជន៍​បរទេស​ធំ​បំផុត​របស់ខ្លួន​។​
​ ​
​ចំណុច​តី​២ លោក នី​កូ​ឡាស អា​ហ្គោ​ស្ទី​នី​បានលើកឡើង​តាមរយៈ​អ៊ីម៉េល​មួយ​ថា​”​ការឆ្លើយតប​របស់​ក​ម្ពុ​ជា​ចំពោះ​ការរិះគន់​ពី​អន្តរជាតិ​​កំពុង​កំពុងតែ​ផ្អែក​កាន់តែខ្លាំង​ឡើងៗ​លើ​ការច្រានចោល​ការជ្រៀតជ្រែក​ស្តង់ដា​ពីរ និង ការធ្វើ​ឲ្យ​រឿង​អ្វីមួយ​ក្លាយជា​រឿង​នយោបាយ​។ ទាំងនេះ​ជា​សញ្ញា​បង្ហាញ​ពី​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​។ ក្នុងនោះ​យើង​អាចនិយាយបាន​ថា​ចិន​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​អន្តរ​​ជាតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​”​។​

​ចំណុច​ទី​៣ លោក​ហ្វីល រ៉ូ​បឹ​ត​សុន ( Phil Robertson) អនុប្រធាន​អង្គការ​ឃ្លាំង​មើល​សិទ្ធិមនុស្ស (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី ក៏បាន​លើ​ឡើង​ផងដែរ​ថា ការច្រានចោល​របស់រ​ដ្ឋា​ភិ​បាល​ចំពោះ​គំនិត​របស់លោក​ខាងលិច​អាច​មើលឃើញថា ជាការ​ទោរទន់​ទៅរក​ដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​។​
​ ​
​អាស្រ័យ​ហេតុដូចនេះ ទាំងបី​ចំណុច​ខាងលើ គឺ​បានបង្ហាញ​យ៉ាងច្បាស់​ណាស់​នូវ ធាតុ​ដែល​មិនមែនជា​ការពិត នៃ​ការព្រួយបារម្ភ​អំពី​លទ្ធិ​​ប្រជាធិបតេយ្យ​ខ្មែរ របស់​អ្នក​ទាំង​នោះទេ គឺ​គេ​បន្លំ​យក​បញ្ហា​សិទ្ធិមនុស្ស និង​បរិបទ​កម្ពុជា​ជា​ឈ្នាន់ នៃ​សង្គ្រាមចិត្តសាស្ត្រ​គៀងគរ​ដើម្បី​​រុញ​កម្ពុជា​អោយ​ធ្លាក់​ទៅក្នុង​កល​នយោបាយ​ប្រឆាំង នឹង​ចិន ដែល​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ និង​ប្រកាន់​មិន​ចូលបក្ស​សម្ព័ន្ធ​ណាមួយ ឬ​ជា​អាយ៉ង​ឋិត​នៅក្នុង​ភូមិសាស្ត្រ​នយោបាយ នៃ​បន្ទុក​ការពារ​ផលប្រយោជន៍​ក្រុម​ណាមួយ​នោះ​។​
​ ​
​ដូចនេះ ការលើកឡើង នៅ​អ្វីដែល​គេ​តាំងខ្លួន​ជា​អ្នក​ស្រឡាញ់​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​គ្រាន់តែ​សំបក​ក្រៅ​ដើម្បី​ធ្វើ​វិទ្ធង្សនា​នយោបាយ​​ប្រឆាំង និង​ប្រជាជាតិ​ណា​ដែល​មិនមែនជា​សម្ព័ន្ធមិត្ត របស់គេ​តែប៉ុណ្ណោះ​។ គេ​មិនគួរ​ជ្រើស​រើសយក​កម្ពុជា ជា​ទិសដៅ​ក្នុង​កិច្ច​ធ្វើ​វិ​ទ្ធ​ង្ស​នា​អន្តរជាតិ​អោយក្លាយ​ទៅជា​សមរភូមិ​ក្នុងការ​ប្រឆាំងនឹង​មហាអំណាច​ដទៃទៀត ដូច​គ្រា​ដើម នៃ​ទសវត្ស​ឆ្នាំ ៦០-៧០ ។ នេះ​ជា​មេរៀន ដ៏​សែន​ខ្លោចផ្សា ដែល​ខ្មែរ​ត្រូវតែ​ចងចាំ ហើយ​ខ្មែរ​ត្រូវ​ចាត់​រាល់​វិធានការ​ក្នុង​កិច្ចការពារ​ផលប្រយោជន៍ និង​ភាពសុខសាន្ត​របស់​ខ្មែរ រាល់​គ្រប់​វិធាន និង​ទិសដៅ​។​
​ ​
​តើ​លោកស្រី រូ​ណា ស្មី​ត ស្ថិតនៅ​ជាមួយ​ក្រុម ដែលមាន​និ​នា្ន​ការប្រឆាំង និង​ផលប្រយោជន៍​ខ្មែរ និង​អធិបតេយ្យ ខ្មែរ​ដែល​យក​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​បង្កើត​ជម្រុញ​អោយ​ខ្មែរ​ក្លាយជា​អ្នកប្រឆាំង​នឹង​ប្រជា​ជាតិចិន​? ដោយ​បីបាច់​ថែរក្សា​ក្រុមប្រឆាំង ជា​កម្លាំង​នៅ​និង​កន្លែង តាម​យុទ្ធនាការ​សង្គ្រាមចិត្តសាស្ត្រ សង្គ្រាម​មនោគមវិជ្ជា ដោយ​យក​មួក​អង្គការសហប្រជាជាតិ​ជា​ខែល​បិទ​​បាំង​ដែរនោះ ឬទេ​? នេះ​ជា​ចម្ងល់​យ៉ាងខ្លាំង​?
​ ​
​ជា​បទពិសោធ​ន៏​ពិភពលោក អង្គការ​ត្រួតពិនិត្យ​អន្តរជាតិ​ក្នុង​វិ​ស្ស័​យ​សារ​ធាតុគីមី​ប្រល័យ​លោក មួយក្រុម​ដែល​គាំទ្រ​និង​សហការ​​ដោយ​អង្គការសហប្រជាជាតិ បាន​វាយតម្លៃ និង​ចោទ​ប្រទេស​អ៊ីរ៉ាក់ ថា​មាន​អាវុធ​ប្រល័យ​លោក ហើយ​បើកឱកាស​អោយ​ប្រទេស​លោក​​ខាងលិច​វាយកម្ទេច សម្លាប់​ប្រជាពលរដ្ឋ​អ៊ីរ៉ាក់​ដោយ​សេរី​។ តើ​អ្នក​ឈ្លានពាន​ទាំងអស់នោះ មាន​វិប្បដិសារី និង​ទទួលខុសត្រូវ​ទេ​ដែល​​ក្រុម​គេ​ពុំ​អាច​រកឃើញ​សារជាតិ​អាវុធ​ប្រល័យ​លោក​ក្រោយពី​ការឈ្លានពាន ក្រៅពី​អតីត​នាយករដ្ឋមន្ត្រី អង់គ្លេស​បាន​សារភាព​អំពី​ការ​​ឈ្លានពាន ដោយ​រក​មិនឃើញ​អាវុធ​ប្រល័យ​លោក ?​។
​ ​
​ចំពោះ​ការលើកឡើង​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត ចោទថា​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ច្បាប់​ជាច្រើន​ដើម្បី​”​ដាក់​កម្រិត​ការរិះគន់​និង​កាត់បន្ថយ​​ការពិភាក្សា​ដេញដោល សំណើរ​នយោបាយ “​នេះ​ជាការ​លើកឡើង​ដោយ​ប្រមាថ និង​វាយប្រហា​មកលើ​កម្ពុជា​ទាំងស្រុង គឺ​លោកស្រី ធ្វើ​មិនដឹង​ការពិត ក្រៅពី​គោលដៅ​នៃ​ការ​លាប​ពណ៌ ។​
​ ​
​សម្តេច​តេ​ជោ បា​នប​ង្កើ្ត​ត​វប្បធម៌​សន្ទនា ឬ​ពិភាក្សា “​ជាមួយ​គណបក្ស ដែល​តាំងខ្លួន​ជា​គណបក្សប្រឆាំង តើ​អ្នកណា​ជា​អ្នក​ជម្រុញ​​ក្នុងទិសដៅ នៃ​ការលើកតម្កើង​ការពិភាក្សា​ដេញដោល​អំពី​នយោបាយ របស់​គណបក្ស​ដែលមាន​អាសនៈ​នៅក្នុង​សភា​។​តើ​គណបក្ស​តាំង​​ខ្លួន​ប្រឆាំង ក្រៅពី​ពហិកា​?​បាន​អនុវត្តន៍​ស្មារតី​នោះទេ​! មាន​ឆន្ទៈ​ទេ​!
​ ​
​វេទិកា​ថ្មី​មួយទៀត​ដែល​ផ្តល់ឱកាស​ដល់​អ្នកនយោបាយ​គ្រប់រូប​និង​គណបក្សនយោបាយ​នៅក្រៅ​សភា បើកទូលាយ​អា​ចប​ញ្ជេ​ញ​យោបល់ និង​ពិភាក្សា​ដើម្បី​ប្រយោជន៍​រួម គឺ​បាន​បង្កើត​នៅ​“​រាជបណ្ឌិត្យសភា​” ក្នុងន័យ​បង្កើន​ភាព​ចូលរួម គុណភាព​និង​ប្រសិទ្ធភាព​ការងារ​សង្គម និង​នយោបាយ​។ “​មន្ត្រី​ច្រើនណាស់​បានធ្វើការ ដោយ​មិន​គិតការ​នឿយហត់​នៅក្នុង​រដ្ឋាភិបាល​និង​ធានា​ការផ្លាស់ប្តូរ​ដោយ​​សន្តិវិធី​ពី​ជម្លោះ​” នេះ​ជា​លើកឡើង​របស់លោក​ស្រី ក្នុងន័យ​ក្នុងការ​ណែនាំ​ក្នុងទិសដៅ​ជ្រៀតជ្រែក​បំបែកបំបាក់​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល ដែលជា​ស្មារតី​ដ៏​សែន​អាក្រក់​។ លោកស្រី បាន​និយាយ និង​បង្ហាញ​ពី​បំណង​ច្បាស់លាស់​នូវ​ការប្រើប្រាស់​ពាក្យ​“​ធានា​ការផ្លាស់ប្តូរ​ដោយ​សន្តិ​​វិធី​…” តើ​មានន័យ​យ៉ាងដូចម្តេច​ដែរ (​ក្នុងការ​ផ្លាស់ប្តូរ​នេះ​)​។​
​ ​
​លោកស្រី​បាន​ចោទថា “​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ច្បាប់​ជាច្រើន​ដើម្បី​ដាក់​កំរិត​ការរិះគន់ និង​កាត់បន្ថយ​ការពិភាក្សា​អំពី​នយោបាយ​” ការលើកឡើង​របស់លោក​ស្រី​នេះ គឺជា​ការចោទប្រកាន់ គ្មាន​មូលដ្ឋាន​ពិត​នោះឡើយ​។​ការប្រើប្រាស់​ច្បាប់​ជាគោលការណ៍​នីតិរដ្ឋ​សូម​​លោកស្រី​លើក​ករណី​ណាមួយ​អោយបាន​ច្បាស់លាស់ ជាក់ស្តែង​ជាជាង​វាយប្រហារ​ជាទូទៅ​។ ត្បិត​តុលាការ អាច​ចាត់វិធានការ​បាន គឺ​អាស្រ័យ​ដោយ “​អង្គហេតុ អង្គច្បាប់​ជាមួយនិង​នីតិវិធី របស់ខ្លួន​ទៅលើ ការ​ញុះញង់ តាមរយៈ​ការ​ចោទ​រាជរដ្ឋាភិបាល ឬ​នាយករដ្ឋមន្ត្រី គ្មាន​មូលដ្ឋាន ដែល​ប៉ះពាល់ ដល់​សន្តិសុខ​ជាតិ សូម្បីតែ​សហរដ្ឋអាមេរិក ដែលជា​ស្រុកទេស​របស់លោក​ស្រី​គេ​ក៏​ចាត់វិធានការ​ដូចនេះ​ដែ​រ ។
​ ​
​ចំពោះ​ចំណុច​ថា “​ប្រទេស​កម្ពុជា​គួរ​ជា​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​….” ដែល​លោកស្រី​បានលើកឡើង​មកនេះ​គឺ​លោកស្រី​ទេ​ដែល​​មិន​បានអោយ​តម្លៃ ដល់​ឆន្ទៈ​នៃ​ការប្រឹងប្រែង ពង្រីក​និង ពង្រឹង​គោលការណ៍​នេះ ។ គួរ​ឲ្យ​សោកស្តាយ​ណាស់ ដែល​បរទេស​តែងតែ​អះអាង​​ថា​ខ្លួន​ជា​គ្រូ និង​មាន​ថ្វីដៃ​លើ​វិស័យនេះ​។ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ទេ ដែល​បានធ្វើអោយ​ចលនា​នេះ ផុស​ឡើង​ដើម្បី​ជា​ប្រយោជន៍​របស់​កម្ពុជា សុទ្ធសាធ មិនមែនជា​របស់លោក​ខាងលិច ឬ លោក​ខាងកើត​នោះទេ ឧទាហរណ៍​ជាក់ស្តែង​បរទេស​បាន​ជំរុញ និង​ទទួល​បរាជ័យ ក្នុង​រយៈ​កន្លង ដែល​លោកស្រី​គួរតែ​ស្វែងយល់​។ គឺ​ពីរ​ជំនាន់​រួចមកហើយ នៅក្នុង​សម័យកាល​សម្តេច​ព្រះមហាវីរៈក្សត្រ ព្រះបាទ​នរោត្តម​​សីហនុ និង​សម័យ​រដ្ឋប្រហារ​អ​ព្យា​ក្រឹត្យ​ភាព​កម្ពុជា ឆ្នាំ​១៩៧០ ហេតុដូចនេះ សូមកុំ​លួច​ស្នាដៃ និង​មោទនភាព​របស់​ខ្មែរ​ហើយ​តាំងខ្លួន​ជា​​គ្រូ​អោយសោះ​។​
​ ​
​កម្ពុជា មាន​វប្បធម៌ រួមគ្នា​ក្រោម​ការដឹកនាំ របស់​ព្រះមហាក្សត្រ​តែមួយ​ព្រះអង្គ ឬ​មេ​តែមួយ ក៏ប៉ុន្តែ​បច្ចុប្បន្ននេះ យើង​យល់​ច្បាស់លាស់ ពី​វប្បធម៌​សេរី​ពហុបក្ស​នេះ​។ វប្បធម៌​សេរី​ពហុបក្ស​នេះ មិន​ថ្មី​សម្រាប់​យើង​ទេ ក៏ប៉ុន្តែ​ការរៀបចំ​អោយ​ដំណើរការ អោយបាន​ត្រឹមត្រូវ និង​រឹងមាំ គឺ​អាស្រ័យ​ដោយ​ការពង្រឹង​នីតិរដ្ឋ និង​កម្ចាត់​និ​ទណ្ឌ​ភាព​នេះ​តែម្តង ព្រមជាមួយ​ការ​ប្រាស់ចាក​ពី​ការ​លូកលាន់​របស់​បរទេស​។ ហេតុដូចនេះ របប​នេះ គឺ​ដាច់ខាត​ត្រូវតែមាន​សណ្ដាប់ធ្នាប់​ឆ្លើយតប និង​ខ្លឹមសារ​នៃ​ច្បាប់​ដែល​បានចែង​។ ទោះបី​នៅក្នុង​ស្រុក​របស់​លោកស្រី ក៏​មានការ​អនុវត្ដ​យ៉ាង​មធ្យ័ត​ផងដែរ​។ នេះ​ជា​កាតព្វកិច្ច​របស់​រដ្ឋ ដើម្បី​ធានា​សណ្តាប់ធ្នាប់ លោកស្រី​ពិចារណា​មើល​នៅពេលដែល​លោកស្រី​ចុះមក​ស្រុក​ខ្មែរ​ម្តងៗ តើ​មាន​អារម្មណ៍​អាក្រក់​ដូច​កាល​កម្ពុជា នៅក្រោម​ការគ្រប់គ្រងរ​បស់ UN​នៅពេល​ដែលមាន​រថយន្ត​​ផ្លាក​UN មាន​ប្រមោយ​អង់​តែ​ន​ច្រងេងច្រងាង​បោល​ពាសពេញ​ផ្លូវ​រាជធានី​នោះទេ​។ នេះ​ជា​ស្នាដៃ​របស់​រាជរដ្ឋាភិបាល​ដែល​លោកស្រី​​ត្រូវតែ​គោរព និង​ចងចាំ​ជាដាច់ខាត​។​
​ ​
​ចំពោះ​ការភិតភ័យ​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត និង​ក្រុម​សម្ព័ន្ធ​របស់លោក​ស្រី​នោះ គឺ​គេ​យល់ច្បាស់​ណាស់ តាម​សម្លេង​សន្លឹកឆ្នោត​កើនឡើង​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​រយៈ​កន្លងមក​នេះ ដែល​គេ​អាច​ជឿជាក់ថា​ប្រជាពលរដ្ឋ​នៅតែ​បន្ត គាំទ្រ​រាជរដ្ឋាភិបាល​ដែល​ដឹក​​នាំ​ដោយ​សម្តេច​តេ​ជោ និង​គណបក្ស​ប្រជាជន ដែលមាន​សមត្ថភាព​និង​ស្នាដៃ​ជាក់ស្តែង នោះ​រាប់ទាំង​កិច្ចការពារ​ទឹកដី សេដ្ឋកិច្ច​កើន​​ឡើង​និង​វិស័យ​សង្គម កាន់តែ​ប្រសើរ និង​របស់​ជានិច្ចកាល​ជាមួយ​មហាជន​ជាពិសេស​យុវជន​របស់​យើង​។ ដូចនេះ​អ្នក​ដែល​នៅ​មាត់ជ្រោះ​​នោះ គឺ​ក្រុម​របស់​លោកស្រី តែម្តង មិនមែន​កម្ពុជា​ទេ​។​
​ ​
​គណបក្ស និង​ក្រុម​តាំងខ្លួន​ប្រឆាំង​រាជរដ្ឋាភិបាល​ឬ​គណបក្ស​ប្រជាជន​ទេ ដែល​កំពុង​ស្ថិតនៅ​មាត់ជ្រោះ​នេះ​ជាការ​ប៉ានស្មាន​របស់​​លោកស្រី ដែល​អ្នក​ទាំងនោះ​នឹង​បែកបាក់​ជា​ប្រព័ន្ធ ។ ហើយ​ការយក​ប្រធានបទ​សិទ្ធិមនុស្ស ឬ ប្រជាធិបតេយ្យ​ជា​លេស​បំផ្លាញ​កម្ពុជា​​នោះ ប្រជាពលរដ្ឋ​ខ្មែរ ដឹង និង​យល់ច្បាស់​អស់ហើយ​៕​ដោយ​៖​វិបុល​/sn