កូនកំលោះ​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​របួស ប៉ុន្តែ​សុខចិត្ត​មក​រោងការ​ដើម្បី​ក្រាប​ផ្ទឹម​

1087
ចែករម្លែក

​ប៉ូលិស​ឥណ្ឌា​បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ ទី​២១ ខែវិច្ឆិកា​ថា កូនកំលោះ​ម្នាក់​ដែល​ត្រូវ​ខ្មាន់ កាំភ្លើង​ពីរ​នាក់​បាញ់ប្រហារ​យ៉ាង​សាហាវ ខណៈ​កំពុង​ជិះ​រទេះសេះ​ទៅកាន់​រោងការ​របស់ខ្លួន នៅ​ក្រុង​ញូ​វ​ដេលី បាន​វិលត្រឡប់​ទៅ​រោងការ​វិញ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី​ការវះកាត់​រួច ដើម្បី​ក្រាប​ផ្ទឹម​សែនដូនតា​។

​ខ្មាន់កាំភ្លើង​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បន្លំ​ខ្លួន​ធ្វើជា​ភ្ញៀវ​រាំរែក​ក្នុង​ក្បួន​ដង្ហែ​កូនកំលោះ តាមផ្លូវ​ទៅកាន់​រោងការ​។

​ប៉ូលិស​និយាយថា ខ្មាន់កាំភ្លើង​ទាំងពីរ​បាន​ឡើងលើ​រទេះសេះ​កូនកំលោះ វ័យ ២៥ ឆ្នាំ ហើយ​បើក​ការបាញ់ប្រហារ​ភ្លាមៗ​មុនពេល​គេចខ្លួន ខណៈ​មនុស្ស​កំពុង​ផ្អើលឆោឡោ​។
​ជា​លទ្ធផល កូនកំលោះ​ត្រូវ​គ្រាប់​ចំ​ស្មា​ហូរឈាម​យ៉ាងច្រើន ហើយ​ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

​រយៈពេល ៣ ម៉ោង​ក្រោយមក កូនកំលោះ​បាន​ត្រឡប់មក​រោងការ​វិញ​ទាំង​រុំបង់​របួស ក្រោយ​ការវះកាត់ ដើម្បី​ក្រាប​ផ្ទឹម​ដូនតា​។ សូមបញ្ជាក់ថា​ពេលនេះ​ប៉ូលិស​កំពុង​ស្រាវជ្រាវ វែកមុខ​ជនសង្ស័យ​នៅឡើយ​៕ ប្រែ​សម្រួល​: ខុម