កូនចៅ​ប្រជាពលរដ្ឋ​នាំគ្នា​យក​ចប​និង​បង្គី​កាប់​ដី​ដាក់​បំពេញ​ក្រឡុក​ផ្លូវ​ដែល​ខូច​ជំនួស​ឱ្យ​អង្គភាព​ជំនាញ នៅ​ច្រក​តំបន់​ក្រសាំង​ជ្រំ​

- រថយន្ត​ធុន​យក្ស​ដឹក​ដែក​អេតចាយ​ជាច្រើន​គ្រឿង​កំពុង​សម្រុក​មកកាន់​ច្រក​តំបន់​ក្រសាំង​ជ្រំ​

1071
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: ខណៈ​កំណាត់​ផ្លូវលំ​មួយ​ខ្សែ​ដែល​បាន​ស្ថាបនា​ដោយ​កងវិស្វកម្ម​ក្នុងស្រុក​ស្វាយជ្រំ ចាប់ពី​ក្បែរ​សាលាឃុំ​តា​សួស ឆ្ពោះទៅកាន់​មាត់ច្រក​ទ្វារ​តំបន់​ក្រសាំង​ជ្រំ ជាប់​និង​ព្រំដែន​វៀតណាម នាពេល​បច្ចុប្បន្ននេះ បាននិងកំពុង​ត្រូវបាន​បំផ្លាញ​ខូច​ខ្ទេចខ្ទី​ស្ទើរតែ​ទាំងស្រុង ដែលមាន​ក្រឡុក​ធំៗ​មានទឹក​ដក់ ខណៈ​ដែលមាន​រថយន្ត​ធុន​យក្ស​ដឹក​ដែក​អេតចាយ​ជាច្រើន​គ្រឿង ក្នុង​មួយថ្ងៃៗ​បាន​ដឹក​ដែក​អេតចាយ​យ៉ាង​សំពីងសំពោង​ឆ្លងកាត់​បាន​យ៉ាង​រលូន​។​

​បើតាម​ពលរដ្ឋ​រស់នៅ​តំបន់​នោះ បាន​ប្រាប់​ឲ្យ​ដឹងថា កន្លងមក​ផ្លូវ​មកកាន់​ច្រក​តំបន់​នេះ គឺមាន​ភាពល្អប្រសើ​រដែ​ល​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទាំង​ដឹក​កសិផល​មកកាន់​ទីផ្សា​រ ប៉ុន្តែ​មួយរយៈ​នេះ​គេ​សង្កេតឃើញ​មាន​ក្បួន​រថយន្ត​ដឹក​ដែក​អេតចាយ សម្រុក​ចេញ​ទាំងយប់​ទាំង​ថ្ងៃ​មិន​ខ្វល់​ពី​ការ​ខូច​ផ្លូវ​ស្អី​នោះឡើយ​។​

​ពលរដ្ឋ​រស់នៅ​តំបន់​នោះបាន​សំណូមពរ​ដល់​ស្ថាប័ន​ជំនាញ​ទាំងអស់ ដែលមាន​ការពាក់ព័ន្ធ​មេត្តា ជួយ​ចុះមក​មើលផ្លូវ​មួយ​នេះ​ផង បើ​មិន​ដូច្នេះ​ទេ​ផ្លូវ​មកកាន់​ច្រក​តំបន់​ក្រសាំង​ជ្រំ​នេះ​កុំថាឡើយ​ជិះ​ម៉ូតូ សូម្បីតែ​ជិះ​កង់​មិន​រួច​ផង​។ ពលរដ្ឋ​បានលើកឡើង​បន្តទៀតថា រាល់​ការដឹក​របស់​ក្រុម​រថយន្ត​ធុន​យក្ស​នោះ បើសិន​មានការ​ថ្លឹង​ត្រឹមត្រូវ​វា​មិន​អី​នោះទេ ប៉ុន្តែ​ការដឹក​របស់​ពួកគាត់​មើលទៅ​ហាក់បីដូច​មិនធម្មតា​នោះទេ ពោលគឺ​រថយន្ត​មាន​បណ្តោយ​វែង​ដាក់​ខ្ពស់​ផុត​ដំបូល​ជិត​២​ម៉ែត្រ​ឯណោះ ហើយ​ក៏មាន​ធ្លាក់​ដែក​អេតចាយ​ទុក​បន្សល់​ឲ្យ​អ្នក​បើកឡាន​ម៉ូតូ​កង់​ឆ្លងកាត់ និង​កិន​ពីលើ​លេង​ផងដែរ​។​

​តាម​ប្រភពពី​មន្ត្រី​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ទីនោះ បាន​ឲ្យ​ដឹងថា រថយន្ត​ធុន​យក្ស​ទាំង​នោះបាន​សម្រុក​ចេញមក​តាម​ច្រក​តំបន់​ក្រសាំង​ជ្រំ​នេះ​បាន​២​ថ្ងៃ​ហើយ ដើម្បី​សាង​ទំនិញ​ពី​ដី​ខ្មែរ​ចូល​ដី​វៀតណាម ហើយ​ក្រុម​រថយន្ត​ដឹក​អេតចាយ​ទាំងអស់នោះ បាន​បង់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ទាំងអស់​ក្នុងនោះ​មាន​៖ ប៉ូលិស​ការពារ​ព្រំដែន​ក្រសាំង​ជ្រំ​ចំនួន​១៥.០០០​រៀល យោធា​វរៈ​ការពារ​ព្រំដែន​គោក​និង​កាំកុងត្រូល​ចំនួន​៥​ម៉ឺន​រៀល​ក្នុង​មួយ​ឡាន សម្រាប់​បាយទឹក​។​

​ដោយ​ឃើញ​ស្ថានភាព​ផ្លូវ​បាននិងកំពុង​រង​ការខូចខាត​ដូច្នេះ គេ​សង្កេតឃើញ​មាន​កូនចៅ​របស់​ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ​នៅ​ជិតៗ និង​ផ្លូវ​បាននាំគ្នា​យក​ចប និង​បង្គី​កាប់​ដី​ដាក់​បំពេញ​ក្រឡុក​ផ្លូវ ដែល​ខូច​ទាំងនោះ ហើយ​លើកដៃ​សំពះ​សុំ​លុយ​ពី​អ្នកធ្វើដំណើរ​តាមផ្លូវ ជំនួស​ឱ្យ​មន្ត្រី​អង្គភាព​ជំនាញ​ដែល​នៅ​ស្ងៀម​ពុំទាន់​អើពើ​នោះឡើយ សង្ស័យ​កន្ទេល​ធំ​បន្លំ​ដេក​ហើយ​មើលទៅ​?៕ ល​