កូនច្បង​សម្តេចនាយក​រដ្ឋមន្ត្រី​៖ “​យើង​រួមគ្នា យើង​សំបូរ​សប្បាយ ប្រទេស​មាន​សុខសន្តិភាព​”

998
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ហ៊ុន ម៉ា​ណែ​ត កូនច្បង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា “​យើង​រួមគ្នា យើង​សម្បូរ​សប្បាយ ប្រទេស​មាន​សុខសន្តិភាព យើង​មាន​សិទ្ធិសេរីភាព​នៅក្នុង​ការ​ដើរហើរ មានការ​គោរព​សាសនា​គ្រប់បែបយ៉ាង ហ្នឹងហើយ​គឺជា​អ្វីដែល​ប្រជាពលរដ្ឋ​ចង់បាន​។ កាលពី​ជំនាន់​ប៉ុល ពត គឺ​គ្មានអ្វី​ទាំងអស់​។ ហើយ​អ្វីដែល​ប្រជាពលរដ្ឋ​ចង់បាន​គឺ​ការដឹកនាំ​ប្រទេស​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន កាន់​តែមាន​សេចក្តី សុខ​សប្បាយ គឺ​ដោះស្រាយ​នូវ​អ្វីដែល​ប្រជាពលរដ្ឋ​ចង់បាន​”​។

ការ​ថ្លែង​របស់លោក​ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា និង​បញ្ចុះបឋមសិលា​សាងសង់​សាលា​ពុទ្ធិកបឋមសិក្សា​ក្នុង​វត្ត​កោះ​ចូ​រ៉ា​ម ស្ថិតក្នុង​ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក​បន្តថា ការដឹកនាំ​ប្រទេស​គឺ​មិនអាច​ជប់​បាន​នោះទេ យើង​កសាង​ប្រទេស​តាំងពី​បាតដៃ​ទទេ យើង​រួមគ្នា​កសាង​រីកចម្រើន​បន្តិច​ម្ដងៗ មកដល់​ម៉ោង​នេះ​។ អ្វីដែល​សំខាន់​រាជរដ្ឋាភិបាល​បាន​បង្កលក្ខណៈ​គ្រប់បែបយ៉ាង​ដើម្បី បង្កើន​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ បង្កើត​ឱកាស​ការងារ​ផ្សេងៗ​សម្រាប់​កូនចៅ​ប្រជាពលរដ្ឋ​។ នេះហើយ​គឺជា​ការដឹកនាំ​ប្រទេស​ក្នុងការ​ធ្វើបុណ្យ​ជាមួយ​ប្រជាពលរដ្ឋ​។

​លោក​ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា “​យើង​ជួបជុំ​នៅថ្ងៃនេះ​គឺ​យើង​សប្បាយរីករាយ​ដើម្បី​សម្ពោធ​សមិទ្ធផល ដោយ​មិន​ភ័យព្រួយ​ពី​ការបែកបាក់​ដូច​កាលពី​ជាង​៤០​ឆ្នាំមុន ហើយ​យើង​បន្ត​កសាង​តទៅទៀត ដើម្បី​កុំ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​លំបាក​ដូច​មនុស្ស​ជំនាន់​មុន​។ ប្រជាពលរដ្ឋ​ធ្លាប់តែ​បែកបាក់​គ្នា ប៉ុន្តែ​ថ្ងៃនេះ​យើង​រួមគ្នា យើង​ជួបជុំគ្នា​អបអរសាទរ​សម្ពោធ​សមិទ្ធផល​។ ហើយ​ខ្ញុំ​ជឿថា​ព្រលឹង​បុព្វបុរស​ខ្មែរ​យើង​ក៏​សប្បាយចិត្ត​ដែរ ដែល​ឃើញ​កូនចៅ​អត់​បែកបាក់​គ្នា អត់​ស្លាប់​ដោយសារ​សង្គ្រាម និង​រួមគ្នា​កសាង​សមិទ្ធិផល​បន្ថែម​”​។​

​លោក​បន្តថា បើទោះបី​យើង​នៅមាន​ចំណុច​អសកម្ម​ខ្លះ ប៉ុន្តែ​យើង​មាន​ចំនុច​សកម្ម​ច្រើន យើង​ខំ​ពង្រឹង​ចំណុច​សកម្ម​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ហើយ​ខិតខំ​កាត់បន្ថយ​ចំណុច​អសកម្ម​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​។ នេះ​គឺជា​អ្វីដែល​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ និង​ជំរុញ​ឲ្យ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ខិតខំ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ព្រោះ​ប្រជាពលរដ្ឋ​គឺជា​ម្ចាស់​ប្រទេស ម្ចាស់ឆ្នោត​ដែល​បានប្រគល់​សិទ្ធិ​ឲ្យ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ដឹកនាំ​ស្ថាប័ន​របស់ខ្លួន​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​មាន​ភាព​ស្មើមុខស្មើមាត់ មាន​មោទនភាព​ចំពោះ​ជាតិ ដែល​យើង​រួមគ្នា​បាន​កសាង​ប្រទេស​បាន​រីកចម្រើន និង​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ​។ ប៉ុន្តែ​យើង​កសាងបាន​ប៉ុណ្ណេះ​មិនទាន់​ចប់​ទេ មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ យើង​ត្រូវ​រួមគ្នា​កសាង​បន្ថែមទៀត​ឲ្យ​កាន់តែ​រីកចម្រើន និង​ឲ្យ​កាន់តែ​សម្បូរ​សប្បាយ​តទៅទៀត​។ ដែល​នេះហើយ​គឺជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

​សូម​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ស្រុក​ខ្សាច់កណ្ដាល​ដែលជា​និច្ចកាល​បាន​គាំទ្រ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​កើតឡើង​ដោយ​ការជឿទុកចិត្ត នឹង​ផ្ដល់​យុត្តិធម៌​ដល់​សម្ដេច​តេ​ជោ និង​ក្រុមការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​អាជ្ញាធរ​ដែល​ចុះជួយ នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។ ដូច្នេះ​អ៊ុ​ពូ​មីង​បោះឆ្នោត​គឺ​មិន​ខុស​ទេ គឺ​ជ្រើសរើស​អ្នកដឹកនាំ​ដែលមាន​ការទទួលខុសត្រូវ ជា​ថ្នាក់ដឹកនាំ​ដែល​ធ្វើបុណ្យ​ជាមួយ​ប្រជាពលរដ្ឋ គឺ​សម្តេច​តេ​ជោ​និង​គណបក្ស​ប្រជាជន​នឹង​ហើយ​។ សូម​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​ចុះ​សម្តេច​តេ​ជោ មិនដែល​រត់ចោល​ប្រជាពលរដ្ឋ​នោះទេ គឺ​ទឹកចិត្ត​នៅតែ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ទាំងអស់​៕ ល​