កូនជ្រូក​រស់​ឡើងថ្លៃ​បន្តិច​ជា​ក្ដីសង្ឃឹម​ដល់​អ្នក​ចិញ្ចឹម ទោះបីជា​កូនជ្រូក​វៀតណាម​បន្ត​នាំចូល​រាល់ថ្ងៃ​

1860
ចែករម្លែក

​ដោយ​ : ចាន់ ថន / ​ព្រៃវែង​ ៖ បច្ចុប្បន្ននេះ​តម្លៃ​កូនជ្រូករ​ស់បាន​ឡើងថ្លៃ​បន្តិច​ធ្វើ​ឲ្យ​កសិករ​និង​អាជីវករ ដែល​ប្រកបការងារ​នេះ​មាន​ក្ដីសង្ឃឹម​ឡើងវិញ​។ ​ជាមួយគ្នា​នោះគេ​សង្កេតឃើញ​ទីតាំង​នៃ​ការ​ចែកចាយ​កូនជ្រូក​រស់ ច្រើនជាងគេ​គឺ​នៅ​ផ្សារ​ច្រេស ឃុំ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង ដែលជា​កន្លែង​ទទួល​ទិញ​លក់​ចែកចាយ​ទូទាំងប្រទេស​។  ​ហើយ​កូនជ្រូក​មួយចំនួនធំ បាន​លួច​ឆ្លងដែន​នាំចូល​មកពី​ប្រទេស​វៀតណាម មក​លក់​ឲ្យ​ឈ្មួញ​ជា​ថៅកែ​នៅទីនេះ ហើយ​ថៅកែ​លក់​បន្ត​ឲ្យ​អាជីវករ ដើម្បី​យក​ដើរ​លក់​ឲ្យ​អ្នក​ចិញ្ចឹម​ឬ កន្លែង​ខ្វៃ​កូនជ្រូក នៅ​រាជធានី​ភ្នំពេញ​ឬ​តាម​ខេត្ត​នានា ទាំង​កូនជ្រូក​ខ្មែរ​និង​វៀតណាម​។​

​អាជីវករ​លក់​កូនជ្រូក​បាន​និយាយថា តម្លៃ​កូនជ្រូក​រស់ បាន​ងើប​ឡើងវិញ បន្តិច​ចាប់ពី​ដើមខែ​មិថុនា​នេះ​មក​។
​ដោយ​ពីមុន​ចុះថោក​ហៅ​លែង​ឮ រហូត​ផ្ទះ​ខ្លះ​ធ្លាប់​ចិញ្ចឹម​ជ្រូក​មេ យក​កូន​លក់ ស្ទើ​តែ​បោះបង់ចោល​ទាំងស្រុង​។ ​ខណៈ​កាលណោះ​តម្លៃ​ជ្រូក​កូនតូចៗ ប្រភេទ លេខ​៣ តម្លៃ​មួយ​ក្បាល ១​ម៉ឺន ទៅ ១​ម៉ឺន​៥​ពាន់​រៀល​។ ស្ទើរ​គ្មាន​អ្នកទិញ​ហើយ​ឥឡូវ​បាន​ថ្លៃ​បន្តិច ឡើងដល់​ទៅ ១​ក្បាល តម្លៃ​២​ម៉ឺន​៥​រ​រៀល ដល់​៤​ម៉ឺន​រៀល​។ ​ទន្ទឹម​និង​នោះ​កូនជ្រូក​ប្រភេទ​លេខ​២ ១​ក្បាល​ពីមុន​តម្លៃ​ត្រឹម​២​ម៉ឺន​រៀល ទៅ​៣​ម៉ឺន​រៀល ឥឡូវ​ឡើងថ្លៃ​ដល់ ៥​ម៉ឺន ទៅ ៧​ម៉ឺន​រៀល តាម​ផែន សាច់​ល្អ​ឬ​មិនល្អ​។ ​ឯ​ប្រភេទ​លេខ​១ ក្នុង​១​ក្បាល​ពីមុន តម្លៃ ៥​ទៅ​៧​ម៉ឺន​រៀល ហើយ​ឥឡូវ មានតម្លៃ ចាប់ពី​១១​ម៉ឺន​រៀល​ដល់​១៥​ម៉ឺន​រៀល​។​

​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះបាន​លើកឡើងថា ឃើញ​កូនជ្រូក​រើប​ថ្លៃ​បែបនេះ​ពួកគាត់​មានសង្ឃឹម​ក្នុងការ​ប្រកបការងារ​។ ​ម្យ៉ាងវិញទៀត​ប្រសិនបើ លប់បំបាត់​ឲ្យ​បាន​១០០% កុំ​ឲ្យ​កូនជ្រូក​វៀតណាម នាំ​ចូលមក​ខ្មែរ​បាន​ធានាថា កូនជ្រូក​ខ្មែរ និង​មានតម្លៃ​ខ្ពស់​គួរសម​។ ​ធ្វើ​ឲ្យ​អ្នកស្រុក​បង្កើន​ការចិញ្ចឹម​ឡើងវិញ​កាត់បន្ថយ​ការ​ចំណាកស្រុក ខណៈ​កូនជ្រូក​ខ្មែរ​យើង ពេល​ខ្វៃ​ទៅ​ស្បែក​តឹង​រលោង​ល្អ​គួរ​ឲ្យ​ចង់​ហូប ដោយ​មិនបាច់​ដាក់​សារជាតិ​គីមី​ការពារ​ស្បែក​ពេល​ខ្វៃ​។​ ​រីឯ​កូនជ្រូក​វៀតណាម វិញ​អ្នក​ខ្វៃ ត្រូវតែ​ដាក់​សារជាតិ​គីមី​ការពារ​ស្បែក បើ​មិន​ដាក់​ស្បែក​កូនជ្រូក​វៀតណាម​ប្រេះ​បែក​រលួយ ។​

​ប្រជាពលរដ្ឋ​បន្តថា កូនជ្រូក​លួច​នាំចូល​ពី​ប្រទេស​វៀតណាម ខេត្ត​តៃនិញ​មក​ខេត្តស្វាយរៀង តាម​ច្រក​បា​ត្រាស់​ឬ​ដូង ច្រក​បុស្ស​មន តាមរ​ម៉ក រថយន្ត ម៉ូតូ និង​ច្រក​ដង​ទន្លេ​កំពង់ត្រាច​។ ដោយ​ឈ្មួញ​តែងតែ​ដឹក​កូនជ្រូក​តាម​ទូក រួច​លើកដាក់​លើរ​ម៉ក​ដឹក មក​សាង​ឲ្យ​រថយន្ត រួច​លួច​ដឹក​ទៅ​រាជធានី​ភ្នំពេញ និង​មួយចំនួនធំ​បាន​នាំ​ចូលមក​ស្រុក​មេសាង​ខេត្តព្រៃវែង​ដើម្បី​ចែកចាយ​។​​ពីមុន មួយ​យប់ៗ មិន​ក្រោម​១០០០​ក្បាល​ឡើយ ហើយ​ឥឡូវ​ថយចុះ ត្រឹម​១០០​ទៅ ៣០០​ក្បាល ខណៈ​ទីផ្សារ​លក់​កូនជ្រូក​ផ្សារ​ច្រេស​មួយថ្ងៃៗ ចេញ​កូនជ្រូក​រង្វង់​២០០០​ទៅ ៥០០០​ក្បាល​ឯណោះ​៕​B