កូនឈើ​ព្រៃ ជាង ១៧.០០០ ដើម ត្រូវបាន​ដាំ ក្រោម​ប្រធានបទ ” សៀមរាប ផ្ទះ​ខ្ញុំ ភ្នំ​គូលែន​ខ្ញុំ “

320
ចែករម្លែក
សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចូលរួម​ជា​អធិបតីភាព កូនឈើ​ព្រៃ​ចំនួន ១៧១៧៩​ដើម ាំ ក្រោម ប្រធាន បទ ” សៀមរាប ផ្ទះ ខ្ញុំ ភ្នំ គូលែន ខ្ញុំ

ដោយ​:​គូលែន​/សៀមរាប​:រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​កម្មវិធី ដាំ​កូនឈើ​ព្រៃ ចំនួន ១៧.១៧៨ ដើម កាលពី​ថ្ងៃទី​៣១ ខែ សីហា ឆ្នាំ​២០១៩ នៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ដែនដី​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន ភ្នំ​គូលែន ក្រោម​ប្រធានបទ ” សៀមរាប ផ្ទះ​ខ្ញុំ ភ្នំ​គូលែន​ខ្ញុំ ” ។​


ពិធី​ដាំ​កូនឈើ​ព្រៃ​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ការពា​ជាតិ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ព្រមទាំង​មានការ​ចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រសួង​ការពា​ជាតិ និង​ក្រសួងបរិស្ថាន មន្ទីរ​បរិស្ថាន ប្រតិភូ​អមដំណើរ និង​មន្ត្រីរាជការ​ជុំវិញ​មន្ទីរ អង្គភាព នៃ​រដ្ឋបាល​ខេត្តសៀមរាប មន្ត្រី​ឧ​ទ្យា​នុ​រក្ស កងកម្លាំងប្រដាប់អាវុធ​ទាំង បី​ប្រភេទ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​សហគមន៍ ជាច្រើន​ទៀត​។


ក្នុងឱកាស​នោះ សម្ដេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី បាន​មានមតិ​សំណេះសំណាល ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​មូលដ្ឋាន​ថា ការដាំ​កូនឈើ នា​ថ្ងៃនេះ ឆ្លុះបញ្ចាំង​នូវ​ការ​ភ្ញាក់រលឹក របស់​ប្រជាជាតិ​យើង​ទាំងមូល ក្នុង​ការចូល​រួមការ​ពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​បណ្តុះ​ស្មារតី​ទទួលខុសត្រូវ លើ​ជោគវាសនា អនាគត មាតុភូមិ​យើង សម្រាប់​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​ក្រោយ ហើយ​ការស្តារ​ព្រៃឈើ និង​ការដាំ​កូនឈើ​ឡើងវិញ ដើម្បី​រក្សាបាន នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ និង​មាន​សម្រស់​ធម្មជាតិ​ស្រស់បំព្រង បង្កើន​ភាព​បៃតង រក្សា​ខ្យល់​បរិសុទ្ធ បង្កើន​អុកស៊ីសែន និង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត និង​មាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត ពី​ការដាំ ការពារ​ថែរក្សា និង​អភិរក្ស​ព្រៃឈើ​នេះ ។​


សម្ដេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា ការដាំ ស្តារ​កូនឈើ ចំនួន ១៧.១៧៩ ដើម ឡើងវិញ នៅ​សហគមន៍ តំបន់ការពារធម្មជាតិ ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ នៅលើ​ខ្នងភ្នំ​គូលែន​នេះ បានបង្ហាញ​ឱ្យឃើញ​នូវ ការគាំទ្រ​យ៉ាងខ្លាំង ពី​ប្រជា​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​បានចាត់ទុក ការដាំ​កូនឈើ គឺជា​កា​តព្វ​កិច្ច​ចំបង​របស់​យើង​គ្រប់គ្នា​៕សរន

#