កូនប្រសា​ត្រាំ ៖ គ្មានអ្វី​ត្រូវ​លាក់បាំង​ទេ​

1237
ចែករម្លែក

​លោក​ចា​រ៉េត គូ​ស្ន័​រ កូនប្រសា​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​សេត​វិមាន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៤ កក្កដា​ថា គាត់ “​មិនបាន​ឃុបឃិត​” ជាមួយ​រុស្ស៊ី​ទេ ស្រប​ពេលដែល​រូបលោក​ត្រៀម​បង្ហាញមុខ​នៅ​ចំពោះមុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា ដែល​ស៊ើបអង្កេត​ករណី​រុស្ស៊ី​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំមុន​។

​លោក​គូ​ស្ន័​រ និយាយ​ក្នុង​សេចក្តីថ្លែងការណ៍ នៅមុន​សវនាការ​បិទ​ទ្វារ ថា គាត់​មាន​កិច្ចប្រជុំ​លឿនៗ​ចំនួន ៤ ជាមួយ​ក្រុមមន្ត្រី​រុស្ស៊ី អំឡុង​យុទ្ធនាការ​ឆ្នាំ ២០១៦ និង ការ​ផ្ទេរតំណែង​ប្រធានាធិបតី​។

​គាត់​និយាយ​ដែរ​ថា បែបបទ​អនុញ្ញាត​ការងារ​ដំបូង​របស់គាត់ ត្រូវបាន​បញ្ជូន​ទៅមុន​កំណត់​ទាំង​ខុស​បច្ចេកទេស និង បាន​សរសេរ​រំលង​លេខ​ទូរស័ព្ទ​ទាក់ទង​របស់​បរទេស​ទាំងអស់​។

​លោក​គូ​ស្ន័​រ​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា “​ខ្ញុំ​មិនបាន​ឃុបឃិត ហើយក៏​មិនដឹងថា​នរណាម្នាក់​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បាន​ឃុបឃិត​ជាមួយ​រដ្ឋាភិបាល​បរទេស​នោះដែរ​។ ខ្ញុំ​មិនដែល​មានការ​ទាក់ទង​មិន​សមរម្យ​នោះឡើយ​។ ខ្ញុំ​មិន​ពឹង​លើ​លុយ​រុស្ស៊ី​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​សកម្មភាព​ជំនួញ​របស់ខ្ញុំ​ក្នុង​វិស័យ​ឯកជន​នោះឡើយ​”​។

​ត្រាំ​បាន​ជាប់ផុង​ក្នុងការ​ចោទប្រកាន់​ជាច្រើន ថា យុទ្ធនាការ​បោះឆ្នោត​រប​ស់​គាត់​បាន​ឃុបឃិត​ជាមួយ​រុស្ស៊ី ដែល​បណ្តា​ទីភ្នាក់ងារ​ស៊ើបការណ៍​នានា​របស់​អាមេរិក​បាន​ចោទថា​បាន​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​។ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងឡាយ ហើយ​ត្រាំ​និយាយថា យុទ្ធនាការ​របស់គាត់​មិនបាន​ឃុបឃិត​ជាមួយ​មូ​ស្គូ​ទេ​។

​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា គឺជា​គណៈកម្មាធិការ​មួយ​ក្នុងចំណោម​គណៈកម្មាធិកា​រស​ភា​ជាច្រើន ដែល​កំពុង​ស៊ើបអង្កេត​បញ្ហា​រុស្ស៊ី រួមជាមួយ​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​សហព័ន្ធ ដឹកនាំ​ដោយ​ទីប្រឹក្សា​ពិសេស លោក រ៉ូបឺត មូល​ល័​រ​។

​លោក​គូ​ស្ន័​របា​ន​មកដល់​កិច្ចប្រជុំ​ព្រឹទ្ធសភា​ជាមួយ​មេធាវី​ការពារ​ក្តី​ដ៏​លេចធ្លោ លោក​អា​បេ ឡូ​វែ​ល​។ គាត់​មិនបាន​និយាយ​ទៅកាន់​អ្នកកាសែត​ទេ​។

​លោក​គូ​ស្ន័​រ​ក៏មាន​គម្រោង​ថ្លែង​ទៅកាន់​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា​នៅ​ថ្ងៃ​អង្គារ​ទី ២៥ កក្កដា​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

លោក ចា​រ៉េត គូ​ស្ន័​រ