កូនប្រសា​សង្ស័យ​លើ​ករណី​ធ្វើ​ទារុណកម្ម​ក្រោយ​គ្រោះថ្នាក់​ចរាចរ​ទើប​បណ្តាលឱ្យ​ឪពុក​ខ្លួន​ស្លាប់​

567
ចែករម្លែក
  • 334
    Shares

ដោយ:បូកគោ​/កំ​ពត ៖ ទោះបី​ឪពុកក្មេក​របស់ខ្លួន​បាន​ស្លាប់​ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា​បណ្តាលមកពី​ជិះ​ម៉ូតូ​ប៉ះ​អ្នក​ថ្មើរជើង​រួច​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​ដោយ​ផ្តោតលើ​តឹកតាង​គ្រប់គ្រាន់​ក្តី រយៈពេល​ជិត​មួយខែ​មកនេះ កូនប្រសា​សព​កំពុង​ចិញ្ចឹមចិត្ត​សង្ស័យ​លើ​ករណី​មាន​អ្នកធ្វើ​ទារុណកម្ម​ក្រោយ​គ្រោះថ្នាក់​ចរាចរ​ទើប​បណ្តាលឱ្យ​ជនរងគ្រោះ​បាត់បង់​ជីវិត​។​

បុរស​ឈ្មោះ​គាត ណុន អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​លក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​បាន​រៀបរាប់​នា​រសៀល​ថ្ងៃ​ទ​២២ ខែមករា ឆ្នាំ​២០១៩​ថា កាលពី​យប់​ថ្ងៃ​៣១ ខែធ្នូ ឆ្នាំ​២០១៨ ឪពុក​កេ្ម​ក​របស់ខ្លួន​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅលើ​ដងផ្លូវ​ក្នុងភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​។ សមត្ថកិច្ច​សន្និដ្ឋានថា​ការស្លាប់​របស់គាត់​បណ្តា​ល​មកពី​ជិះ​ម៉ូតូ​ប៉ះ​ក្មេងស្រី រួច​ដួល​បោក​ក្បាល​នឹង​ផ្លូវថ្នល់​។ ប៉ុន្តែ​ខ្លួន​មិន​អស់ចិត្ត​សោះ ព្រោះ​ជាធម្មតា​គាត់​មិនដែល​បើក​ម៉ូតូ​លឿន​ទេ ហើយ​ទំហំ​នៃ​ម៉ូតូ​ខូច​ខុសគ្នា​នឹង​ស្លាក​ស្នាមរបួស​ក្បាល​ដែលនាំឱ្យ​គាត់​ស្លាប់​។ បុរស​ដដែល​បាន​បន្តថា​ចំណែក​ក្មេងស្រី​មាន​របួស​លើ​ខ្នង និង​ក្បាល​តែ​ប្តិ​ច​បន្តួច​ប៉ុណ្ណោះ​។ នេះ​អាចមក​ពីក្រោយ​កើតហេតុ​មាន​អ្នកធ្វើ​ទារុណកម្ម​លើ​ឪពុកក្មេក​របស់ខ្លួន​ទើប​បណ្តាលឱ្យ​គាត់​ស្លាប់​បែបនេះ​។ ដូច្នេះ​សូមឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រឿងរ៉ាវ​ឡើងវិញ​។​

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក​សេង សុគន្ធ​ចាត់ អធិការនគរបាល​ស្រុក​កំពង់ត្រាច​បានបញ្ជាក់​ថា ក្រោយ​កើតហេតុ ពោលគឺ​នៅ​ព្រឹក​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ កូន​ប្រសារ​សព​បាន​ទូរ​សព្ទ​មក​លោក​ដោយ​ប្រាប់ថា​សង្ស័យ​មកពី​រឿង​ផ្សេង​។

ក្នុងស្ថានភាព​បែបនេះ លោក​ក៏បាន​ឱ្យ​មន្ត្រី​ជំនាញ​បច្ចេកទេស​នៃ​អធិការដ្ឋាន​ស្រុក​ចុះ​ធ្វើ​ការងារ​យ៉ាង​ល្អិតល្អន់​រហូត​រកឃើញថា​ករណី​នោះ​បណ្តាលមកពី​ជនរងគ្រោះ​ដួល​ម៉ូតូ រួច​ធ្លាក់​បោក​ក្បាល​ទៅនឹង​ជង្ហុក​នៅលើ​ថ្នល់​ដោយ​មិនមាន​អ្នកណា​ធ្វើ​ទុក​បុក​ម្នេញ​អ្វី​លើ​គាត់​ទេ​។ លោក​អធិការ​បាន​បញ្ជាក់ថា​ក្រុមការងារ​បាន​ស្រាវជ្រាវ​តាំងពី​ដំណើរ​ដំបូង​នៃ​ថ្ងៃកើតហេតុ គឺ​បុរសរងគ្រោះ​ជុំគ្នា​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​តាំងពីព្រឹក​ព្រលឹម​រហូតដល់​យប់​ក៏​ស្រវឹង​ទប់ខ្លួន​ស្ទើរ​មិន​នឹង​ទៅហើយ​។ លុះ​ពេល​ចាប់ផ្តើម​ចេញពី​វង់ មិត្តភក្តិ​គ្រប់គ្នា​បាន​ហាមឃាត់​មិនឱ្យ​ជិះ​ម៉ូតូ​ទេ​តែ​គាត់​មិន​ស្តាប់​។

លោក​សុគន្ធ​ចាត់​បាន​បន្តថា ​នៅក្បែរ​កន្លែង​គ្រោះថ្នាក់​នោះ​ក៏មាន​ផ្ទះ​របស់​អនុប្រធាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ម្នាក់​ដែរ ដោយ​កាល​កើតហេតុ​បាន​ទាំង​ចូលទៅ​ជួយ ហើយ​ធ្វើ​សាក្សី​ពេល​សមត្ថកិច្ច​ជំនាញ​ចុះ​ស្រាវជ្រាវ​តាម​សំណូមពរ​សាច់ញាតិ​សព​នោះ​ផង​។ ម្យ៉ាងទៀត​ក្រោយ​សន្និដ្ឋាន​អំពី​មូលហេតុ​នៃ​ការស្លាប់​បណ្តាលមកពី​គ្រោះថ្នាក់​ចរាចរ​នោះ សមត្ថកិច្ច​បញ្ជាក់​ថាបើ​មិន​អស់ចិត្ត​ចំពោះ​ការស្រាវជ្រាវ​នេះ អធិការដ្ឋាន​ស្រុក​នឹង​ស្នើ​ទៅ​ស្នងការដ្ឋាន​ដើម្បី​បញ្ជូន​សមត្ថកិច្ច​ជំនាញ​ថ្នាក់​ខេត្ត​ចុះ​ធ្វើ​ការងារ​ឡើងវិញ​។ ថ្ងៃនោះ​ក្រុមគ្រួសារ​រងគ្រោះ រួមទាំង​សាមីខ្លួន​ដែល​កំពុង​ដាក់​ការសង្ស័យ​លើ​ករណី​ផ្សេង​នេះ​ក៏បាន​ផ្តិតមេដៃ​យល់ព្រម​ថា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ដែរ​។ លោក​អធិការ​បាន​សម្តែង​ការសង្ស័យថា​ករណីនេះ​អាច​ក្នុង​បំណង​បំពុលបរិយាកាស​សង្គម​ក៏​ថា​បាន​។​

សូម​រំលឹកថា​កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច បណ្តាលឱ្យ​បុរស​ម្នាក់​បាត់​បង់ជីវិត​នៅនឹងកន្លែង​។ ករណីនេះ​សមត្ថកិច្ច​បញ្ជាក់ថា​បុរសរងគ្រោះ​បាន​បើក​ម៉ូតូ​ទាំង​កំពុង​ស្រវឹង រួច​រេ​ចង្កូត​ប៉ះ​អ្នក​ថ្មើរជើង​លើ​ចិញ្ចើមផ្លូវ​បណ្តាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ដោយ​ខ្លួនឯង​៕​B/

#