កូនប្រុសរបស់ស្តេចត្រាញ់គ្រឿងញៀនម៉ិកស៊ិកដ៏មានឥទ្ធិពលម្នាក់ត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាម៉េរិក

127
ចែករម្លែក

ប្រភពមួយពីរដ្ឋាភិបាលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា កូនប្រុសរបស់ស្តេចត្រាញ់គ្រឿងញៀនម៉ិកស៊ិកដ៏មានឥទ្ធិពលម្នាក់ ត្រូវបានបញ្ជូនទៅសហរដ្ឋអាម៉េរិក កន្លែងដែលគាត់ត្រូវបានប៉ូលិសតាមចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន។

ប្រភពដដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា បុរសឈ្មោះ រូបិន អូសេហ្គេរ៉ា ហ្គូនសាឡេស (Ruben Oseguera Gonzalez) រហស្សនាមថា “អែលមេនស៊ីតូ” (El Menchito) ត្រូវបានធ្វើបត្យាប័ននៅថ្ងៃស្រុកទី២១កុម្ភៈនេះពីបទសមគំនិតក្នុងការរត់ពន្ធគ្រឿងញៀនចូលទឹកដីអាម៉េរិក។

អូសេហ្គេរ៉ា ហ្គូនសាឡេស ដែលកើតនៅអាម៉េរិក គឺ ជាកូនប្រុសរបស់លោក “អែលមេនឆូ” ណេមេស៊ីអូ អូសេហ្គេរ៉ា សេវ៉ាន់តេស ដែលជាមេក្រុមជួយដូរគ្រឿងញៀន ចាលីស្កូ (Jalisco) ជំនាន់ថ្មីដ៏មានឥទ្ធិពល។

អូសេហ្គេរ៉ា ហ្គូនសាឡេស អាយុ ៣០ ឆ្នាំបានបដិសេធមិនប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការធ្វើបត្យាប័នគាត់ទៅសហរដ្ឋអាម៉េរិកនោះទេ កន្លែងដែលគាត់នឹងត្រូវកាត់ទោសនៅក្នុងតុលាការសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន។

ហ្គូនសាឡេសត្រូវបានចាប់ខ្លួននិងដោះលែង ៤ ដងនៅចន្លោះខែមករាឆ្នាំ ២០១៤ និងខែសីហាឆ្នាំ ២០១៥ នៅពេលរូបគេត្រូវបានចាប់ដាក់គុកក្រោមការចោទប្រកាន់ថាជាមនុស្សមានឥទ្ធិពលទី ២ នៅក្នុងក្រុមគ្រឿងញៀន។

ក្រសួងយុត្តិធម៌អាម៉េរិកចាត់ទុកក្រុមនេះជាផ្នែកមួយនៃអង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏គ្រោះថ្នាក់បំផុតទាំង ៥ នៅលើពិភពលោកដែលទទួលខុសត្រូវក្នុងការជួញដូរកូកាអ៊ីន មេតំហ្វេតាមីន និងហេរ៉ូអ៊ីន ចូលសហរដ្ឋអាម៉េរិក និង បង្កអំពើហិង្សាជាច្រើន៕ ដោយ៖ កញ្ញាដាលីស

រូបិន អូសេហ្គេរ៉ា ហ្គូនសាឡេស ត្រូវធ្វើបត្យាប័នទៅអាម៉េរិកនៅថ្ងៃសុក្រនេះ