កូនប្រុស​ច្បង​សម្តេចនាយក​រដ្ឋមន្ត្រី​ចូលរួម​ធ្វើ​ទូកង​វែង​ជាងគេ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​លើ​ពិភពលោក​

2169
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​ធ្វើ​ទូក ង ដែល​វែង​ជាងគេ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​លើ​ពិភពលោក នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីតាំង​ធ្វើ​ទូកង នៅមុខ​សាលាខេត្ត​ព្រៃវែង​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មការ​ផលិត​ទូកង​វែង​ជាងគេ និង​ដ​មា​ជិ​ក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តព្រៃវែង និង​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ការកសាង​ទូកវែង​ជាងគេ​លើ​ពិភពលោក ដែល​និង​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​វប្បធម៌​ជាតិខ្មែរ​នៅលើ​ឆាក​អន្តរជាតិ​។​

​ជាមួយគ្នានេះ លោក​ហ៊ុន ម៉ា​ណែ​ត សូម​ឲ្យ​ស្មារតី នៃ​ការរួបរួម​គ្នា​របស់​ប្រជាជន​ខ្មែរ ដើម្បី​លើកកម្ពស់​កិត្តិយស​របស់​ជាតិ​នៅ​ស្ថិតស្ថេរ ក្នុង​ក្រអៅបេះដូង​កូន​ខ្មែរ​គ្រប់ៗ​រូប និង​គ្រប់ៗ​ជំនាន់​។​

​ចំណែក​លោក ស សុខា ប្រធាន​គណៈកម្មការ​ផលិត​ទូក ង វែង​ជាងគេ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​លើ​ពិភពលោក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត និង​សហការី ដែល​បាន​អញ្ជើញ​ចូលរួម​ធ្វើ​ទូក ង វែង​ជាងគេ នា​ទឹកដី​ខេត្តព្រៃវែង​។ ដោយ​លោក​ចាត់ទុកថា នេះ​ជាការ​លើកទឹកចិត្ត​ដ៏​ធំធេង​ដល់​ក្រុមការងារ​ផលិត​ពី​សំណាក់​លោក​ហ៊ុន ម៉​ណែ​ត និង​សហការី​។​

​សូមជម្រាបថា ទូកង វែង​ជាងគេ​លើ​ពិភពលោក​នេះ មាន​ប្រវែង​៨៥,៥​ម៉ែត្រ ទទឹង​១,៥៥​ម៉ែត្រ ដាក់​ចំណុះ​ទូក​បាន​១៧៩​នាក់​។ ក្បាលទូក ឆ្លាក់​ចេញ​ជា​ក្បាល​នាគ កន្ទុយ​ឆ្លាក់​ចេញ​ជា​កន្ទុយ​ហង្ស​។

​គណៈកម្មការ​ផលិត​ទូកង បានរៀបចំ​ធ្វើ​ពិធី​បើកទូក នៅ​ទីតាំង​ផលិត​ទូកង មុខ​សាលាខេត្ត​ព្រៃវែង កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨​។ ជាង​ជំនាញ​ពន្យល់ថា បន្ទាប់ពី​សាធារណជន​ចូលរួម​ធ្វើជា​មួយ​ជាង ដោយ​លុង​កំណាត់ឈើ​គគីរ​រួចហើយនោះ គេ​ត្រូវ​រៀបចំ​ពិធី​បើកទូក ពោលគឺ​ហែក​ឈើ​ដែល​បាន​លុង​រួច ចេញ​ជា​រាង​ទូក​បណ្ដើរៗ​តាម​ទំហំ​ដែល​ចង់បាន​។ កិច្ចការ​នេះ​គេ​ត្រូវ​អនុវត្តតាម​បច្ចេកទេស និង​ទំនៀម​ទំលាប់​ធ្វើ​ទូកង ពី​បុរាណ​មក​។ ទន្ទឹមនឹងនេះ ក្រុម​ជាង​ក៏បាន​ជ្រៀក​អារ​កំណាត់ឈើ​ផ្សេងទៀត​ដែរ រួម​នឹង​ការចូលរួម​ធ្វើ​ពី​សាធារណជន​៕