កូនប្រុស​ត្រូវ​ចេញ​តស៊ូ​បម្រើ​បដិវត្តន៍​

206
ចែករម្លែក

ដោយៈ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​
​នៅក្នុង​សង្គម​ខ្មែរ​តាម​ប្រពៃណី​ពី​បុរាណ​កូនប្រុស​ត្រូវ​បួស​ជា​ព្រះសង្ឃ​ដើម្បី​សងគុណ​ឪពុកម្ដាយ ដែល​បាន​ខិតខំ​ចិញ្ចឹម​បីបាច់​ថែរក្សា​ខ្លួន​ហើយក៏​ជា​ឱកាស​ដែល​អាច​រៀនអក្សរ​សាស្ត្រ​ធម៌​វិន័យ​ក្នុង​ព្រះពុទ្ធសាសនា​ក្នុង​រយៈពេល​ខ្លួន​បួស​ជា​ព្រះសង្ឃ និង​ចូលរួម​កសាង​សង្គម​បន្ទាប់ពី​លាចាក​សិក្ខាបទ​។​
​ប៉ុន្តែ​ដោយឡែក​នៅក្នុង​សម័យ​ស​ង្គ្រា​ម​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដំណាក់កាល​បដិវត្តន៍​របស់​ក្រុមខ្មែរក្រហម កម្លាំង​យុវជន​គឺ​ចាំបាច់​បំផុត​។​យុវជន​គឺ​ត្រូវ​ហ៊ាន​លះបង់​និង​កាន់​អាវុធ​ចូលក្នុង​សមរភូមិ​ប្រយុទ្ធ​ជាមួយ​សត្រូវ​។​មាន​យុវជន​ជាច្រើន​នៅក្នុង​ភូមិ​របស់ខ្ញុំ​បាន​រត់​ចូល​ព្រៃ​ដើម្បី​តស៊ូ​ជាមួយ​បដិវត្តន៍​។ យុវជន​ទាំងនោះ​ទទួល​ការអប់រំ​ពី​មេភូមិ ចំណែក​ខ្ញុំ​បានទទួល​ការអប់រំ​ពី​ម្តាយ​របស់ខ្ញុំ​ថា​«​កូនប្រុស​ដាច់​ខាត់​ត្រូវតែ​ចូលរួម​បម្រើ​បដិវត្តន៍​»​។

វត្ត​សុវណ្ណ​គិរី ស្ថិតនៅ​ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ត​ព្រ​វែង​


​ខ្ញុំ​ឈ្មោះ ហឹម សួន ភេទ​ប្រុស សព្វថ្ងៃ​អាយុ​៧០​ឆ្នាំ កើត​នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃវែង (​បច្ចុប្បន្ន ស្រុក​ស្វាយ​អ​ន្ទ​រ​) ខេត្តព្រៃវែង​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ កែន បឹម និង ម្ដាយ​ឈ្មោះ យឹម យ៉ែ​ន​។ ខ្ញុំ​មាន​បងប្អូន​បង្កើត​ចំនួន​៨​នាក់​គឺ​ស្រី​៤ និង​ប្រុស​៤​នាក់​។ ខ្ញុំ​បាន​រៀនសូត្រ​ត្រឹម​ថ្នាក់​ទី​៧ នៅ​សាលា​ឈើកាច់​ស្ថិតនៅ​ក្នុងស្រុក​បាភ្នំ​។ បន្ទាប់មក​នៅពេល​ខ្ញុំ​មាន​អាយុ​១៧​ឆ្នាំ ខ្ញុំ​បាន​ឈប់រៀន ទៅ​ជួយ​ធ្វើ​ការងារ​ឪពុកម្ដាយ​វិញ​។ នៅក្នុង​របប​ខ្មែរក្រហម ឃុំ​ទឹកថ្លា ត្រូវបាន​ចែកចេញជា​ពីរ​ផ្នែក​គឺ ភាគខាងត្បូង រួមមាន (​សង្កែ​ជ្រំ​, ក្រោក​តាប៉ាង​, ប្រអួល​ទឹក​) ស្ថិតនៅ​ក្នុងស្រុក​បាភ្នំ ចំណែក​ភាគ​ខាងជើង គឺ​ឃុំ​ទឹកថ្លា ស្ថិតនៅ​ក្នុងស្រុក​ព្រៃវែង​។


​នៅក្នុង​ឆ្នាំ​១៩៦៦ ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ​។​ខ្ញុំ​បាន​រៀបការ​ជាមួយ​ឈ្មោះ​ខៀវ ម៉ុ​ន ដែលជា​អ្នកភូមិ​ជាមួយគ្នា​។ បន្ទាប់ពី​រៀបការ​បាន​រយៈពេល​បាន​១​ឆ្នាំ ខ្ញុំ​និង​ប្រពន្ធ​របស់ខ្ញុំ​បានរស់នៅ​បែក​ផ្ទះ​ពី​ឪពុកម្ដាយ​។ មុនពេល​កើតមាន​រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ នរោត្តម សីហនុ ខ្ញុំ​មានកូន​ចំនួន​២​នាក់​។ ពេលនោះ ខ្ញុំ​បានឃើញ​ខ្មែរក្រហម​ចូលមក​ក្នុងភូមិ​ឃោសនា​បញ្ចុះ​ញ្ចូ​ល​ប្រជាជន​ជា​ញឹកញាប់​។​ក្រោយមក​ខ្ញុំ​ក៏បាន​ស្ម័គ្រចិត្ត​ចូលរួម​បម្រើ​បដិវត្តន៍​នៅក្នុង​ឆ្នាំ​១៩៦៧ តាម​ការលើកទឹកចិត្ត​ពី​ម្ដាយ​ខ្ញុំ និង​ការអប់រំ​ពី​មេភូមិ ។​


​ឆ្នាំ​១៩៦៨-១៩៦៩​ខ្ញុំ​ក៏ត្រូវ​បានជ្រើសរើស​ធ្វើជា​យោធា​នៅក្នុង​ស្រុក​អូ​រាំង​ឪ​តំបន់​២២​។​ខ្ញុំ​មិនបាន​យកប្រពន្ធ កូន​ទៅជា​មួយ​ទេ​។ ប្រពន្ធ​របស់ខ្ញុំ​នៅផ្ទះ​ធ្វើស្រែ និង​មើល​ថែកូន​។
​នៅពេល​មាន​បាតុកម្ម​ទាមទារ​អំណាច​ឲ្យ​សម្ដេចព្រះ នរោត្តម សីហនុ នៅក្នុង​ឆ្នាំ​១៩៧០ ខ្ញុំ​បាន​ចូលរួម​ទាមទារ​ជាមួយ​អ្នកភូមិ​ដែរ​។ ខ្ញុំ​ត្រូវបាន​ប្រធានភូមិ​ចោទប្រកាន់ថា​គឺជា​មេដឹកនាំ​បាតុកម្ម​។ ខ្ញុំ​ក៏ត្រូវ​បាន​នាំខ្លួន​បញ្ជូនទៅ​កាន់​គុក​ភ្នំ​ថ្លុក​ដែលមាន​ទីតាំងនៅ​ជិត​ភ្នំ​ឈើកាច់​។ ប៉ុន្តែ​ខ្ញុំ និង​បក្ខពួក​៥​នាក់​ទៀត​បាន​រត់គេច​ខ្លួន ព្រោះ​ខ្ញុំ​បាន​ស្គាល់ឈ្មោះ​ល្វៃ​ដែលមាន​តួនាទី​គ្រប់គ្រង​គុក​នៅ​ទីនោះ​។ ក្រោយមក​ឆ្នាំ​១៩៧៤ ខ្ញុំ​ត្រូវបាន​បញ្ជូន​ឲ្យ​ត្រឡប់មក​ឃុំ​ទឹកថ្លា​វិញ​ដែលមាន​តួនាទី​ជា​យោធា​ស្រុក​ស្វាយ​អ​ន្ទ​រ​។ នៅ​ដើមឆ្នាំ​១៩៧៥ វត្ត​សុវណ្ណ​គិរី ដែល​ទើប​ត្រូវបាន​សាងសង់​នៅក្នុង​ឆ្នាំ​២០០២ ស្ថិតនៅក្នុង​ឃុំ​ទឹកថ្លា គឺជា​ទីតាំង​ដែលមាន​ការទម្លាក់​គ្រាប់បែក​យ៉ាងខ្លាំង​។ ចំណែក​អ្នកភូមិ ក៏បាន​នាំគ្នារ​ត់ទៅ​រស់​នៅ​លាក់ខ្លួន​នៅក្នុង​ព្រៃ​។

ទេសភាព​វាលស្រែ ស្ថិតនៅក្នុង​ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​


​ខ្ញុំ​នៅតែ​បន្តសកម្មភាព​បម្រើ​ឲ្យ​បដិវត្តន៍ រហូតដល់​ចុងឆ្នាំ​១៩៧៨ ខ្ញុំ​ក៏​ត្រូវបាន​បញ្ជូនទៅ​ខេត្តពោធិ៍សាត់​។ អ្នកភូមិ​ទឹកថ្លា​ភាគច្រើន​ដែលមាន​បងប្អូន​សាច់ញាតិ​ជា​យោធា ក៏​ត្រូវបាន​បញ្ជូនទៅ​ខេត្តពោធិ៍សាត់​ដែរ ដោយ​អង្គការ​ប្រាប់ថា​ទៅ​រស់នៅ​ដី​ខ្លាញ់ ប៉ុន្តែ​តាមពិត​ប្រជាជន​ទាំងនេះ​ត្រូវបាន​ចោទប្រកាន់ថា «​ក្បាល​យួន​ខ្លួន​ខ្មែរ​»​។ ខ្ញុំ​បាន​ទៅជា​មួយ​អ្នកភូមិ​ផ្សេងទៀត​ដែរ​។ ខ្ញុំ​ត្រូវបានចាត់តាំង​ជា​ប្រធាន​ក្រុម​មើល​ការខុសត្រូវ​ប្រជាជន​ប្រមាណ​ជា​១០០​នាក់​ដែល​ត្រូវ​បញ្ជូនទៅ​ខេត្តពោធិ៍សាត់​។ អ្នកភូមិ​ត្រូវបាន​បញ្ជូនទៅ​ព្រែក​ខ្សាយ​ដើម្បី​ជិះ​កាណូត​បន្តទៀត​។ ខ្ញុំ​ឃើញ​ប្រជាជន​រាប់ពាន់នាក់ ទៅ​ឈប់​នៅ​ច្បារអំពៅ ហើយ​អ្នក​ខ្លះទៀត​ឈប់​នៅ​ផ្សារ​ថ្មី​។ ខ្មែរក្រហម​បាន​ប្រើ​វិធីសាស្ត្រ​ឃោសនា​ប្រាប់​ប្រជាជន​ឲ្យ​ជឿទុកចិត្ត គឺ​ប្រជាជន​ទាំងអស់​មានការ​ផ្គត់ផ្គង់ មាន​បាយ​ហូប​, កន្លែង​ស្នាក់នៅ​, ថ្នាំពេទ្យ និង​មាន​ខោអាវ​ស្លៀកពាក់​សមរម្យ​។ ខ្ញុំ​បាន​ស្នាក់នៅ​ភ្នំពេញ​រយៈពេល​៣​ថ្ងៃ ក៏​បន្តដំណើរ​តាម​រថភ្លើង​ទៅកាន់​ខេត្តពោធិ៍សាត់​។ ខ្ញុំ​និង​ប្រជាជន​ផ្សេងទៀត​ទៅ​ឈប់​នៅ​ម្ដុំ​អូរ​តា​ប៉ោង ស្ថិតនៅ​ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន​។ បន្ទាប់មក​ខ្មែរក្រហម​បាន​បញ្ជូន​ខ្ញុំ​ទៅ​ត្រពាំង​ជង​, បត់​គគីរ​, ឃ្លោក​ទោល​, បាក់​ចិ​ញ្ជៀ​ន ក្នុងស្រុក​ភ្នំក្រវាញ​។ នៅ​ពេលយប់​ខ្មែរក្រហម​បាន​រាប់​មនុស្ស​ដើម្បី​យកទៅ​សម្លាប់​ដោយ​រាប់​ចំនួន ១,២,៣ រហូតដល់​គ្រប់​ចំនួន​ដែល​ត្រូវ​សម្លាប់​ទើប​ឈប់​រាប់​។ នៅក្នុង​មួយ​យប់ ប្រជាជន​ដែល​ត្រូវបាន​យកទៅ​សម្លាប់​យ៉ាងតិចណាស់​ចំនួន​១០០​នាក់​។ ប្រជាជន​ភាគច្រើន​ដែល​បាន​បញ្ជូនទៅ​ខេត្តពោធិ៍សាត់​ភាគច្រើន​មកពី​ខេត្តព្រៃវែង ស្វាយរៀង និង​ខេត្តតាកែវ​។

ហឹម សួន កំពុង​អង្គុយ​នៅ​រោង​ដាក់​សម្ភារ ក្នុង​បរិវេណ​វត្ត​សុវណ្ណ​គិរី ស្ថិតនៅ​ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​


​នៅ​ឆ្នាំ​១៩៧៩ ខ្ញុំ​បានធ្វើ​ដំណើរ​ត្រឡប់មក​ភ្នំពេញ​វិញ ដោយបាន​ចំណាយ​រយៈពេល​២៨​ថ្ងៃ​។ ខ្ញុំ​រស់នៅ​ទីក្រុង​ភ្នំពេញ​បាន​រយៈពេល​២​ខែ ប៉ុន្តែ​ដោយសារ​ខ្ញុំ​នឹក​ស្រណោះ​ស្រុកកំណើត​ខ្លាំង​ក៏​ត្រឡប់មកវិញ​។ ការធ្វើដំណើរ​របស់ខ្ញុំ​ពី​ភ្នំពេញ​ត្រឡប់មក​ខេត្តព្រៃវែង ចំណាយពេល​៣​ថ្ងៃ​។ មកដល់​ស្រុកកំណើត​ទើប​ខ្ញុំ​ដឹង​ព័ត៌មាន​ថា ឪពុក​របស់ខ្ញុំ​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម ដោយសារ​មាន​ជំងឺ គ្មាន​ថ្នាំ​ព្យាបាល​។ បី​ឆ្នាំ​ក្រោយមក​ម្តាយ​របស់ខ្ញុំ​ក៏បាន​ស្លាប់​ទៀត​។ ចំណែក​ប្អូនប្រុស​ពៅ​របស់ខ្ញុំ​ឈ្មោះ បឹម ប៊​ន និង​បងថ្លៃ​ឈ្មោះ ហូ ស៊ូ ដែលជា​អតីត​យោធា​ខ្មែរក្រហម​ក៏​ស្លាប់​ដែរ​។​ក្រោយមក​ខ្ញុំ​បាន​ចូល​បម្រើ​ការងារ​នៅ​អង្គការ​ស្បៀងអាហារ​ពិ​លោក​បន្ទាប់មក​ខ្ញុំ​ក៏បាន​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ទឹកថ្លា​រហូតដល់​សព្វថ្ងៃ​៕SRN

#