កូនប្រុស​ទាំង​៣​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ត្រូវបាន​រៀបរាប់​ក្នុង​សៀវភៅ​ចេញ​ថ្មី​

406

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ សៀវភៅ​ដែលមាន​ចំណងជើង​ថា “​បងប្អូន​ប្រុស​ទាំង​៣ – ឈាម​ថ្មី​ក្នុងចំណោម​អ្នក​បន្តវេន​” ដែល​រៀបរាប់​ពី​ប្រវត្តិ​កូនប្រុស​ទាំងបី​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ត្រូវបាន​ចេញផ្សាយ​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃ​ពុធ​ទី​៥ ធ្នូ នេះ​។

លោក ឆាយ សុផល​ពេលធ្វើ​សន្និសីទកាសែត​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​លោក ឆាយ សុផល សាស្ត្រាចារ្យ​ព័ត៌មាន​និង​ជា​អ្នកនិពន្ធ​សៀវភៅ​បញ្ជាក់ថា លោក​បាន​ចំណាយពេល​ប្រាំ​ឆ្នាំ​សម្រាប់​រៀបចំ​ចងក្រង​សៀវភៅ​នេះ​ឡើង ដោយ​លោក​បាន​កត់​ត្រាទុក​ពី​សកម្មភាព និង​សម្តី​របស់​បងប្អូន​ទាំងបី​គឺ ហ៊ុន ម៉ា​ណែ​ត ,​ហ៊ុន និ​ត និង ហ៊ុន ម៉ា​នី ព្រមទាំង​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​ឥស្សរជន​ដឹកនាំ​វ័យក្មេង​ទាំងបី​រូប​ផង​ដរ​។

​នៅពេល​សួរថា​តើ​ក្នុងចំណោម​បងប្អូន​ប្រុស​ទាំងបី ម្នាក់​ណា​នឹង​អាច​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅពេល​ពេល​អនាគត​? លោក សុផល ថា អ្នក​ទាំងបី ក៏ដូចជា​អ្នក​ផ្សេងទៀត​មាន​សក្តានុពល​ម្យ៉ាង​ម្នាក់​ហើយ​ថា សាធារណជន​មើលឃើញថា អ្នក​ទាំងបី​គឺ​សុទ្ធតែ​បាន​សិក្សា​មាន​កម្រិត​ខ្ពស់​នៅ​បណ្តា​ប្រទេស​មហាអំណាច ពិសេស​គឺ​សហរដ្ឋ​អាម៉េរិក ដែលជា​ឈាម​ថ្មី​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បន្តវេន​ដឹកនាំ ទាំង​នៅក្នុង​បក្ស និង​ក្នុង​រដ្ឋាភិបាល ក៏ដូចជា​នៅក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​ផងដែរ​។​

​លោក​បន្តថា បើ​ទៅជា​សៀវភៅ​នេះ​មិនអាច​រៀបរាប់​ពី​ប្រវត្តិ​និង​សកម្មភាព​បាន​ទាំងអស់​របស់​ឥស្សរជន​នយោបាយ​វ័យក្មេង​ទាំងបី​រូប​បាន​អស់​ក៏ដោយ ក៏​យ៉ាងហោចណាស់ សៀវភៅ​អាចជួយ​បាន​ខ្លះ ក្នុងការ​យល់ដឹង​បន្ថែម​ពី​គំនិត ឥរិយាបថ និង​សកម្មភាព​របស់​ពួកគេ​ដែល​ប្រសូត​មក​មាន​ឪពុក​ជា​មេដឹកនាំ​កំពូល​នៃ​ប្រទេស​។​

​លោក ឆាយ សុផល បាន​លើកឡើងថា “​មូលហេតុ​ដែល​ខ្ញុំ​ចងក្រង​សៀវភៅ​នេះ គឺ​ខ្ញុំ​ចង់បង្ហាញ​មិត្ត​អ្នកអាន​ឲ្យ​បានដឹង​កាន់តែច្បាស់​ពី​សាវតារ​នៃ​បងប្អូន​ប្រុស​ទាំង​៣ ក្នុងនាម​ខ្លួន​ជា​កូន​របស់​មេដឹកនាំ​កំពូល​របស់​ប្រទេស​។​ចំណែកឯ​បងប្អូន​ស្រី​ពីររូប​ទៀត​ក៏​ត្រូវបាន​រៀបរាប់​ដោយ​សង្ខេប​នៅក្នុង​សៀវភៅ​នេះដែរ​”​។
​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន លោក សុផល បានដាក់​សំណួរ​ជាច្រើន​រួមមាន​៖
-​ ​តើ​បងប្អូន​ប្រុស​ទាំងបី​មាន​អារម្មណ៍​បែបណា នៅពេល​គេ​ជេរប្រមាថ​ពុក​ម៉ែ​របស់ខ្លួន​?
-​ ​តើ​បងប្អូន​ប្រុស​ទាំងបី​ចាំ​បណ្តាំ​ពុក​ម៉ែ​អ្វីខ្លះ​?
-​ ​តើ​បងប្អូន​ប្រុស​ទាំងបី​រៀន​បាន​អ្វីខ្លះ​ពី​ពុក​របស់ខ្លួន​?
-​ ​តើ​បងប្អូន​ប្រុស​ទាំង​៣​យកចំណេះ​អ្វីខ្លះ​ពី​បរទេស​មក​អនុវត្ត​នៅក្នុង​ប្រទេស​របស់ខ្លួន​?
-​ ​តើ​បងប្អូន​ប្រុស​ទាំងបី​ចង់​ស្នង​តំណែង​របស់​ពុក​ជា​នាយករដ្ឋមន្ត្រី​ដែរឬទេ​?
-​ ​តើ​បងប្អូន​ប្រុស​ទាំង​៣​ធ្វើការ​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​ដែរ​ឬ​អត់​?
-​ ​តើ​បងប្អូន​ប្រុស​ទាំងបី​ជួប​ស្នេហា​គ្រា​ដំបូង​នៅទីណា និង​នៅពេលណា​ដែរ​?
-​ ​តើ​ភរិយាៗ​របស់​បងប្អូន​ប្រុស​ទាំង​បី​ជា​នរណា​?
-​ ​តើ​បងប្អូន​ប្រុស​ទាំងបី​មាន​ចំណង់​ចំណូលចិត្ត​បែបណា​ក្នុង​ជីវិត​?
-​ ​តើ​បងប្អូន​ប្រុស​ទាំងបី​មានជីវិត​អតីតកាល​បែបណាខ្លះ​?
-​ ​តើ​បងប្អូន​ប្រុស​ទាំងបី​មាន​ទស្សនៈ​ដូចម្តេច​ចំពោះ​ប្រទេសជាតិ​?
-​ ​តើ​បងប្អូន​ប្រុស​ទាំងបី​មាន​សារ​អ្វីខ្លះ​សម្រាប់​យុវជន​ជំនាន់​ថ្មី​?
-​ ​តើ​បងប្អូន​ប្រុស​ទាំងបី​មាន​សកម្មភាព​អ្វីខ្លះ​នៅក្នុង​សង្គម​?

​យ៉ាងណាក៏ដោយ លោក សុផល មិនបាន​ផ្តល់​ចម្លើយ​នោះទេ ដោយ​គ្រាន់តែ​ប្រាប់ថា “​ចម្លើយ​នៃ​សំណួរ​ទាំងនេះ រួមផ្សំ​និង​បញ្ហា​ជាច្រើន​ទៀត មាននៅ​ក្នុង​សៀវភៅ​។
​សូមបញ្ជាក់ថា សៀវភៅ “​បងប្អូន​ប្រុស​ទាំង​៣ – ឈាម​ថ្មី​ក្នុងចំណោម​អ្នក​បន្តវេន​” គឺជា​សៀវភៅ​ទី​៩ ហើយ ដែល​លោក ឆាយ សុផល បាន​ចងក្រង ខណៈ​លោក​កំពុងមាន​គម្រោង​បី​បួន​ក្បាល​ទៀត​។​

​លោក សុផល បញ្ជាក់ថា “​ទាន់​កម្លាំងកាយ​និង​ប្រាជ្ញា​នៅមាន ត្រូវតែ​ខិតខំ​ចងក្រង​ពីអ្វី​ដែលជា​ប្រយោជន៍​សម្រាប់​អ្នកអាន​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​” ហើយ​ថា “​សៀវភៅ​មួយ​ក្បាល​ពិតជា​មិនអាច​រៀបរាប់​អស់​នោះទេ​។

លោក​ថា “​ប្រសិនបើ​អ្នកនិពន្ធ​ណា ឬ​បុគ្គល​ណា​ឃើញថា មាន​ចន្លោះប្រហោង នោះ​ខ្លួន​អាច​សរសេរ​បន្ថែម​ទៅតាម​ការយល់ដឹង​រប​ស់​ខ្លួន​។ កិច្ចការ​របស់​អ្នក​សរសរ​សៀវភៅ មិន​ខុសពី​ចុងភៅ​ឡើយ ព្រោះ​សម្ល​មួយ​ឆ្នាំង​មិនអាច​តម្រូវ​មាត់​មនុស្ស​រាប់សិប​អ្នក​ឡើយ​”​។​

​សៀវភៅ​ដែលមាន​ចំណងជើង​ថា “​បងប្អូន​ប្រុស​ទាំង​៣ – ឈាម​ថ្មី​ក្នុងចំណោម​អ្នក​បន្ត​” អាច​រកបាន​នៅតាម​បណ្ណាគារ​ធំៗ និង​តូប​កាសែត​មួយចំនួន​នៅ​ទូទាំងប្រទេស ព្រមទាំង​នៅ Monument Book នៅ​ផ្សារ​ទំនើប អ៊ី​អន អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប​៕សរន

លោក ឆាយ សុផល​ពេលធ្វើ​សន្និសីទកាសែត​